ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្ហាញ​ពី​ផល​ប៉ះពាល់​ដល់​ការ​អនុគ្រោះ​ពន្ធ​ បើ​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើសិន​កម្ពុជា​បាន​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ផល​ប៉ះពាល់​មក​កម្ពុជា​នឹង​អាច​មាន​ដូច​ជា​ការ​បាត់បង់​នូវ​ការ​អនុគ្រោះ​ពន្ធ​មួយ​ចំនួន​ពី​ប្រទេស​រីក​ចម្រើន​នៅ​លើ​ឆាក​អន្តរជាតិ ។ តែ​កម្ពុជា​នឹង​រក​ដំណោះស្រាយ​នានា ដើម្បី​ឱ្យ​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​រលូន ។ យោង​តាម​ប្រសាសន៍​លោក​ពេ​ជ ឬ​ទ្ធី​រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​តាម​វី​ឌី​អូ…

រាជធានី​ភ្នំពេញ ៖ បើសិន​កម្ពុជា​បាន​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ផល​ប៉ះពាល់​មក​កម្ពុជា​នឹង​អាច​មាន​ដូច​ជា​ការ​បាត់បង់​នូវ​ការ​អនុគ្រោះ​ពន្ធ​មួយ​ចំនួន​ពី​ប្រទេស​រីក​ចម្រើន​នៅ​លើ​ឆាក​អន្តរជាតិ ។ តែ​កម្ពុជា​នឹង​រក​ដំណោះស្រាយ​នានា ដើម្បី​ឱ្យ​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​រលូន ។

យោង​តាម​ប្រសាសន៍​លោក​ពេ​ជ ឬ​ទ្ធី​រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​តាម​វី​ឌី​អូ អន​ឡាញ​មួយ​កាលពី​ថ្ងៃ​ទី​០៧ ឧសភា ២០២១​ស្ដី​ពី​ផល​ប៉ះពាល់​នៃ​ការ​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មក​លើ​វិស័យ​វាយ​ន​ភណ្ឌ និង​សម្លៀក​បំពាក់​ឱ្យ​ដឹង​ថា វិស័យ​កាត់ដេរ​កម្ពុជា​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ហើយ​ការ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ធំ​ក៏​រឹតតែ​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ផង​ដែរ នៅ​ពេល​កម្ពុជា​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ។

លោក​បន្ត​ថា បើសិនជា​កម្ពុជា​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ភាព​អនុគ្រោះ​ពន្ធ លក្ខខណ្ឌ​នៃ​ប្រភព​ដើម​កំណើត​ទំនិញ ភាព​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វី​ដ​១៩ លើ​វិស័យ​កាត់ដេរ​និង​សម្លៀក​បំពាក់​និង​ឱកាស​ក្នុង​ការ​ទទួល​ជំនួយ​ពាណិជ្ជកម្ម​ជាដើម ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​ពេ​ជ ឬ​ទ្ធី បាន​លើក​ឡើង​អំពី​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ដើម្បី​កម្ពុជា​អាច​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ត្រៀមខ្លួន​សម្រាប់​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ប្រកបដោយ​ជោគជ័យ ក្នុង​នោះ​រួម​មាន ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចេញ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​និង​ពហុភាគី ការ​ជំរុញ​ឱ្យ​មានការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ការ​រៀបចំ​បង្កើត​ជា​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ផង​ដែរ ដែល​កន្លង​មក​ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន​ពីរ​គឺ យុទ្ធសាស្ត្រ​សមា​ហរ​ណ​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩-២០២៣ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។

គួរ​បញ្ជាក់​ថា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជា​បន្តបន្ទាប់​នឹង​ត្រូវ​ឱ្យ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នេះ​ហើយ ជាក់ស្ដែង​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ កំណើនសេដ្ឋកិច្ច​សម្រេច​ក្នុង​រង្វង់​ប្រមាណ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ហើយ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​កម្ពុជា​ក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់​ផង​ដែរ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ