បន្ទាយមានជ័យ៖ ប៉េអឹម បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលបានធ្វើសកម្មភាពលួចគាស់ផ្ទះ យកម៉ូតូ ១គ្រឿង និងទ្រព្យសម្បត្តិនៅក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ៣នាក់ ត្រូវឃាត់ខ្លួន មាន៖ ១.ឈ្មោះ ខាំ សុង ហៅដឺន ភេទប្រុស អាយុ ៣៧ឆ្នាំ ២.ឈ្មោះ ឌៀប សុឃឿន ហៅ វិត ភេទប្រុស អាយុ ៣៧ឆ្នាំ (ធ្វើសកម្មភាពលួច) ៣.ឈ្មោះ ហេង ភេទប្រុស អាយុ ៤០ឆ្នាំ (អ្នកទទួលទិញ) រស់នៅភូមិ.សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន និងបណ្តឹងឈ្មោះ លឹម ជីម៉េង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិមិត្តភាពសង្កាត់.ក្រុងប៉ោយប៉ែត បានប្តឹង កាលពីម៉ោង ១យប់ រំលងអាធ្រាត្រ ចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅទល់មុខសណ្ឋាគារ លីហេងឆាយ ស្ថិតភូមិអូរជ្រៅ សង្កាត់.ក្រុងប៉ោយប៉ែត មានជនសង្ស័យ ១ក្រុម ធ្វើសកម្មភាពលួចគាស់ផ្ទះយកម៉ូតូ ១គ្រឿង និងសម្ភារៈមួយចំនួន។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ ៣នាក់ មាន ២នាក់ ដែលធ្វើសកម្មភាពលួចគាស់ផ្ទះម្នាក់ ទទួលទិញផលចោរកម្មម៉ូតូ ១គ្រឿង ក្រោយពេលសាកសួរ ហើយត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន ធឿន




ចែករំលែកព័តមាននេះ