ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្តី​-​ប្រពន្ធ​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ន​ដា ជួប​គ្នា​នៅ​ប្រទេស​ថៃ​តើ​ផ្សះផ្សា​គ្នា​វិញ​ឬ​យ៉ាងណា ?

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ន​ដា អតីត​ជា​គូ​ស្វាមី​-​ភរិយា បាន​ជួប​គ្នា​នៅ​ប្រទេស​ថៃ​ជា​លើក​ដំបូង ចាប់តាំងពី​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ប្រេះឆា​ជាង​កន្លះ​ឆ្នាំ​កន្លង​មក ។

ការ​ជួប​គ្នា​ក្នុង​ប្រទេស​ថៃ​នោះ អ្នក​នាង​យ៉ា​ន លី​ន​ដា ចាក​ចេញពី​ប្រទេស​អូស្ត្រាលី និង​លោក​យែ​៉​ម សំ​អូន ចេញពី​ប្រទេស​កម្ពុជា ។
គេ​មិនដឹង​ថា​វត្ត​មាននៅ​ក្នុង​ប្រទេស​ថៃ​របស់​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ន​ដា នោះ​ជា​ឱកាស​ផ្សះផ្សា​ចំណង​ស្នេហ៍​របស់​ពួក​គេ​វិញ ឬ​យ៉ាងណា​ទេ ដោយ​អ្នក​នាង​យ៉ា​ន លី​ន​ដា អះអាង​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​ទៅ​ទីនោះ​ដើម្បី​កិច្ចការជំនួញ និង​ដំណើរ​កម្សាន្ត ។

តាម​រយៈ​ការ​បង្ហាញ​រូបភាព​របស់​អ្នក​នាង​យ៉ា​ន លី​ន​ដា នៅ​ទីក្រុង​បាងកក​នោះ គឺ​មានការ​ជួបជុំ​ជាមួយ​នាង​គង់ ច័ន្ទ​ស្រី​មុំ និង​កញ្ញា​មួយ​មួយ ដែល​ជា​អ្នក​រួម​អាជីព​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ ហេតុនេះ​គេ​សន្និដ្ឋាន​ថា ទោះ​ចង់​មិន​ចង់​ក៏​អ្នក​នាង​យ៉ា​ន លី​ន​ដា និង​លោក​យ៉ែ​ម សំ​អូន គេច​មិន​ផុត​ពី​ការ​ជួប​មុខ​គ្នា​ឡើយ ហើយ​វា​អាច​ជា​ឱកាស​សម្រាប់​ពួក​គេ​ផ្សារ​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​ឡើង​វិញ ។

ជា​ការ​កត់​សម្គាល់ការ​បង្ហាញ​វត្ត​មាននៅ​ក្នុង​ប្រទេស​ថៃ ដំណាលគ្នា​របស់​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យា​៉​ន លី​ន​ដា បន្ទាប់​ពី​មុន​នេះ​មាន​ព័ត៌មាន​លើក​ឡើង​ថា អ្នក​ទាំង​ពីរ​មាន​បំណង​វិល​ទៅ​រួម​ទ្រនំ​ស្នេហ៍​ជា​ថ្មី ។ ផ្ទុយ​ទៅ​វិញ ព័ត៌មាន​នោះ​ត្រូវ​តារាចម្រៀង​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី អ្នក​នាង​យ៉ា​ន លី​ន​ដា បដិសេធ​ថា​វា​មិន​អាច​កើតឡើង​ឡើយ ។

តាម​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​យ៉ា​ន លី​ន​ដា សរសេរ​ថា «​ខ្ញុំ​ចង់​និយាយ​ថា ពាក្យ​ចចាមអារ៉ាម​កើតឡើង​វា​មិន​អាច​ទៅ​រួច​ទេ ខ្ញុំ​មិន​អាច​ទទួលយក​លោក​យ៉ែ​ម សំ​អូន ជា​ស្វាមី​វិញ​ទេ វា​មិន​អាច​ទៅ​រួច ព្រោះ​ខ្ញុំ​មិន​អាច​វិល​ទៅ​ទទួលយក​ប្តី​ដែល​ធ្វើបាប​ខ្ញុំ​ទាំង​លើ​រាង​កាយ និង​ផ្លូវ​ចិត្តបាន​ទេ ហើយ​សូ​ម្បី​តែ​មនុស្ស​ស្រី​ដទៃ​ទៀត​ក៏​មិន​អាច​ទទួល​បាន​ដូច​គ្នា» ។

ចំណង​ស្នេហ៍​ជាង​១៥​ឆ្នាំ របស់​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ន​ដា ដាច់ដោច​ក្រោយ​ធ្លាយ​ព័ត៌មាន​ថា លោក​យ៉ែ​ម សំ​អូន លួច​មាន​ស្នេហា​លួចលាក់​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា ហើយ​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា​ដាក់​ភរិយា​ស្របច្បាប់​ទៀត​ផង ។ អំពើ​ហិង្សា​នោះ​ធ្វើ​ឲ្យ​អ្នក​នាង​យ៉ា​ន លី​ន​ដា ផ្ទុះ​កំហឹង​ទ្រាំ​មិន​បាន​រហូត​ឡើង​យន្តហោះ​ឆ្ពោះទៅ​កាន់​ដែន​កោះ​អូស្ត្រាលី​បាត់ ។

បន្ទាប់​ពី​ជួប​រឿងប្រេះឆា​មក លោក​យ៉ែ​ម សំ​អូន តែងតែ​បន្ទន់ឥរិយាបថ និង​បាន​ផ្ញើ​សារ​សុំ​ទោស​ភរិយា​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី មិន​បាន​ទទួល​ចម្លើយ​ជា​វិជ្ជមាន​ណាមួយ​ពី​អ្នក​នាង​យ៉ា​ន លី​ន​ដា ឡើយ ។

មហាជន​កំពុង​រង់ចាំ​មើល​ថា ចំណង​ស្នេហ៍​រវាង​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ាន លី​ន​ដា អាច​ផ្សារ​ភ្ជាប់​គ្នា​វិញ ឬ​យ៉ាងណា បន្ទាប់​ពី​ពួក​គេ​មានឱកាស​បាន​ជួប​មុខ​គ្នា​នៅ​ប្រទេស​ថៃ​នោះ ៕