ខេត្តសៀមរាប ៖ ក្មេងស្រីអាយុ៦ឆ្នាំ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលកុមារីនេះ បានគូររូបអប្សរានៅលើដីមុខប្រាសាទព្រះខ័នខាងលិច ត្រូវបានគេបង្ហោះពេញក្នុងបណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះថា «ស្រីណុច» ហើយនាងមានបងប្អូនចំនួន៧នាក់ ដោយស្រីណុច គឺជាកូនពៅនៅក្នុងគ្រួសារ ។
នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះ បានធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងខេត្តសៀមរាប មានការចាប់អារម្មណ៍ទៅនឹងទឹកដៃក្មេងស្រីមួយរូបនេះ ដែលចេះគូររូបអប្សរាទៅតាមចំណង់ចំណូលចិត្ត ហើយអ្នកគាំទ្របានចាត់ទុកនាងជាគ្រាប់ពេជ្រប្រចាំតំបន់អង្គរនេះផងដែរ ។
នៅថ្ងៃទី២១ តុលា ២០១៥ ឆ្លៀតក្នុងឱកាសនេះដែរ អ្នកយកព័ត៌មានកោះសន្តិភាពបានទៅជួបសម្ភាសន៍ផ្ទាល់ជាមួយនាងនៅខ្លោងទ្វារខាងលិចនៃប្រាសាទព្រះខ័ន ដែលមានភ្ញៀវទេសចរកំពុងចោមរោមមើលកុមារីម្នាក់នេះ ដែលកំពុងបញ្ចេញទេពកោសល្យផ្នែកគំនូររបស់នាង ។ នោះហើយគឺជាកុមារីស្រីណុច ដែលទើបមានអាយុត្រឹម៦ឆ្នាំ តែមានទេពកោសល្យខ្ពស់ផ្នែកគំនូរ ធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ និងបានលាន់មាត់សរសើរមិនឈប់។
ក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានកុមារីរូបនោះមានឈ្មោះប្រម ដានី ហៅស្រីណុច អាយុ៦ឆ្នាំ រៀននៅសាលាបឋមសិក្សាដូនឪ ឆ្នាំសិក្សាថ្មីនឹងត្រូវបានឡើងថ្នាក់ទី២ ឪពុកឈ្មោះព្រឿង ប្រម បម្រើការងារជាឆ្មាំសន្តិសុខ និងម្តាយឈ្មោះធួក រី ជាមេផ្ទះ មានទីលំនៅភូមិភ្នង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។
កុមារីស្រីណុចនិយាយប្រាប់ថា ខ្ញុំចេះគូរគំនូរតាំងពីអាយុ៥ឆ្នាំ ដោយរៀនពីបងស្រីឈ្មោះប្រម នីត អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន អង្គរធំ ។ ចំណែកបងស្រីឈ្មោះនីត ក៏បានឱ្យដឹងដែរថា ខ្ញុំចេះគូរគំនូរតាំងពីអាយុ៥ឆ្នាំ ដូចប្អូនដែរ ហើយការចេះគូរគំនូរនេះ គឺតាំងពីកំណើត គ្មានអ្នកណាបង្រៀនទេ លួចមើលគេអាចគូរបានតែម្តង ។ ចំណែកឯប្អូន (ស្រី
ណុច) ក៏ដូចគ្នាភាគច្រើន គឺឥតបានបង្រៀនទេ គេឃើញបងគូរគេ ក៏អាចគូរចម្លងបានតែម្តង ។ ក្មួយស្រីនីតបានបញ្ជាក់ថា ឪពុក -ម្តាយ គ្មាននិស្ស័យជាមួយគំនូរទេ ។
ស្រីណុចបានបញ្ជាក់ថា នាងចេះគូរតាមបងស្រីនាង ដែលមានទេពកោសល្យផ្នែកគំនូរនេះដែរ ហើយការគូរនេះ មានរយៈពេលជាងមួយឆ្នាំមកហើយ ។ ស្រីណុចមានឪពុកជាសន្តិសុខ និងម្តាយជាអ្នកលក់ដូរបន្តិចបន្តួចក្នុងតំបន់អង្គរ ។ ស្រីណុចមានបំណងចង់ក្លាយជាជាងគំនូរទៅថ្ងៃអនាគត ។
យ៉ាងណាស្រីណុចបានបញ្ជាក់ទៀតថា នាងគោរពតាមការសម្រេចចិត្តរបស់ឪពុកម្ដាយជាធំ ។ កុមារីស្រីណុច ក៏មានបំណងចង់ចូលរៀននៅសាលាសិល្បៈផងដែរ តែនាងហាក់មិនប្រាកដនៅឡើយ ព្រោះស្ថិតក្នុងគ្រួសារក្រីក្រ និងមានបងប្អូនច្រើនទៀតផង
ចំណែកមគ្គុទេសទេសចរណ៍ម្នាក់បានប្រាប់ថា ក្មេងស្រីអាយុ៦ឆ្នាំនេះ កាលពីមុនឧស្សាហ៍មកជួយលក់ម្តាយនៅមុខប្រាសាទព្រះខ័ននេះដែរ ប៉ុន្តែមិនធ្លាប់ឃើញគាត់មានស្នាដៃបែបនេះទេ ។ មគ្គុទេសទេសចរណ៍ដដែលបន្តថា ប្រហែលគាត់មានឈាមជ័រជាអ្នកស្រុកអង្គរ ហើយបានជាគាត់មានស្នាដៃល្អយ៉ាងដូច្នេះ ហើយឆ្នាំនេះ ស្រីណុច បានចូលរៀនថ្នាក់ទី២និងគេដែរ និងមានស្រុកកំណើតនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ស្រីណុច តែងតែមកប្រាសាទព្រះខ័នជាប្រចាំ ដើម្បីជួយម្តាយលក់ម្នាស់ជាមួយបងស្រីរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រៅពីរូបអប្សរា កុមារីស្រីណុច ក៏អាចចេះគូររូបមនុស្សបានយ៉ាងស្ទាត់ជំនាញ ហើយក៏ធ្វើឱ្យភ្ញៀវខ្លះចង់សាកទឹកដៃ ស្រីណុច ដោយបានឈរឱ្យនាងគូរផ្ទាល់លើដី ក៏មានដែរ ៕








ចែករំលែកព័តមាននេះ