១ស​ប្ដា​ហ៍​ក្រោយ​ការ​បើក​រមណីយដ្ឋានមិន​ទាន់​មាន​ភ្ញៀវ​ចេញ​ទស្សនា​ច្រើន​ទេ ខណៈ​ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ខ្លះ​មិន​ទាន់​បើក​ឡើង​វិញ​ដែរ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ស​ប្ដា​ហ៍​ក្រោយ​ការ​បើក​រមណីយដ្ឋានមិន​ទាន់​មាន​ភ្ញៀវ​ចេញ​ទស្សនា​ច្រើន​ទេ ខណៈ​ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ខ្លះ​មិន​ទាន់​បើក​ឡើង​វិញ​ដែរ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ យោងតាមការថ្លែងរបស់ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា នា​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ​៖ យោងតាមការថ្លែងរបស់ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា នា​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១ នេះ រយៈពេល​មួ​យស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២៦ ខែមេសា ដល់​ថ្ងៃ​ទី​២ ខែឧសភា បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍ ទូ​ទាំង​ប្រទេស​ឡើង​វិញ​នោះ មិន​ទាន់​មាន​ភ្ញៀវ​ទេសចរ​ចេញ​ទស្សនា​ច្រើន​នៅឡើយ​ទេ ខណៈ​ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មួយ​ចំនួន ក៏​នៅ​មិន​ទាន់​បើក​ដំណើរការ​ឡើង​វិញ​ដែរ​។

Picture

ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ថា រយៈពេល​មួ​យស​ប្តា​ហ៍​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៨,៩៦០ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ ៨,៧៥៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២០៦ នាក់​។
ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​លើ​ចំណុច​សំខាន់​ៗ​ឃើញ​ថា​៖

Picture
  • ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង គឺ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ស្ថានភាព​មុន​ព្រឹត្តិការណ៍ ២០ កុម្ភៈ​។
  • គោលដៅ​ទេសចរណ៍​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាជ្ញាធរ​មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ទេ​។
    ដោយឡែក តាម​បណ្តា​ខេត្ត​ផ្សេង​ៗ រដ្ឋបាល​ខេត្ត​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ក្នុង​ការ​បើក​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ឡើង​វិញ ដោយ​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​ទេ និង​នៅ​បន្ត​អនុវត្ត​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ និង​ការ​ចេញចូល​តំបន់​សំខាន់​ៗ ពិសេស​គោលដៅ​ទេសចរណ៍​។
  • ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​មួយ​ចំនួន ក៏​នៅ​មិន​ទាន់​បើក​ដំណើរការ​ឡើង​វិញ​ដែរ ដោយ​រង់ចាំ​ពិនិត្យ​មើល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ធូរស្បើយ​បន្តិចទៀត ហើយ​ម្យ៉ាង​ចរន្ត​ភ្ញៀវ​ទេសចរ​ក៏​នៅ​មាន​តិចតួច​នៅឡើយ​។
  • ភ្ញៀវ​ទេសចរ​ច្រើន​តែ​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​របស់​គាត់ និង​ជួបជុំ​គ្នា​តិចតួច​បំផុត ហើយ​ភាគច្រើន​សុទ្ធតែ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​។
  • ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ពី​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​វិធានការ ៣ កុំ និង ៣ ការពារ ប៉ុន្តែ​ចាំបាច់​ត្រូវ​តែ​មានការ​ឃ្លាំមើល និង​មានការ​ពន្យល់​អប់រំ​ណែនាំ​បន្ថែម​ទៀត​ឲ្យ​ជាប់​ជា​ប្រចាំ ពិសេស​ការ​រក្សា​គម្លាត​សុវត្ថិភាព​។
  • មន្ទីរ​ទេសចរណ៍​បាន​សហការ​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការ​ចុះ​ពិនិត្យ និង​បន្ត​ពន្យល់​អបរ​រំ​ណែនាំ​ដល់​ទេសចរ និង​អាជីវករ​ជា​ម្ចាស់​រមណីយដ្ឋាន ឱ្យ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​វិធានការ ៣​កុំ ៣​ការពារ និង​ចូលរួម​អនុវត្ត​វិធានការ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការ​ផ្តល់​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បាន​ហ្មត់ចត់ និង​មិន​ត្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំងនេះ ចូល​ទៅ​កម្សាន្ត​ក្នុង​គោលដៅ​ទេសចរណ៍​ខាងលើ​ជា​ដាច់ខាត​។
Picture

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​បន្ថែម​ថា ក្រសួងទេសចរណ៍​នឹង​បន្ត​ជំរុញ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ឱ្យ​បន្ត​ពង្រឹង និង​បង្កើន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្ត ផ្នែក​ពាក់ព័ន្ធ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​អ្នកគ្រប់គ្រង​ទាំងអស់ ដើម្បី​បង្កើន​ការ​អប់រំ​ពន្យល់​ណែនាំ​ឱ្យ​កាន់តែ​សុ​ី​ជម្រៅ និង​ជាប់​ជា​ប្រចាំ​ដល់​ទេសចរ និង​បុគ្គលិក​បម្រើ​ការ និង​អ្នក​ផ្តល់​សេវា​ក្នុង​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​ក្នុង​មូល​ដ្ឋា​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ឲ្យ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣​កុំ ៣ ការពារ ដើម្បី​ធានា​ដល់​សុវត្ថិភាព និង​សុខភាព​ទេសចរ​និង​ប្រជាពលរដ្ឋ​សហគមន៍ ពិសេស​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នា​ពេល​ខាង​មុខ​៕

Picture
Picture
Picture