រាជធានីភ្នំពេញ ៖ ចំណងស្នេហ៍ឆ្លងទ្វីបរវាងអតីតតារាសម្តែងអ្នកនាងម៉ៅ សុចាន់ធី និងគូដណ្តឹងលោកសៀង តារាសម្ជស្ស បានដាច់ដោចហើយ ។ អ្នកទាំងពីរបានភ្ជាប់ពាក្យនឹងគ្នាកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៥នេះ ។
មង្គលការដែលគ្រោងធ្វើឡើងនៅដំណាច់ឆ្នាំ២០១៥នេះ បានរលាយទៅវិញ ដោយអ្នកនាង ម៉ៅ សុចាន់ធី បានប្រកាសជាសាធារណៈពីការបែកបាក់ស្នេហ៍មិនអាចស្រោចស្រង់បាន ខណៈនាងនៅអាមេរិក ឯគូដណ្តឹងនៅស្រុកខ្មែរ ។
ជួបជាមួយកោះសន្តិភាពតាមទូរស័ព្ទពីអាមេរិកកាលពីពេល ថ្មីៗកន្លងមក អ្នកនាងម៉ៅ សុចាន់ធី និយាយថា ចំណងស្នេហ៍របស់នាង និងគូដណ្តឹងគឺលោកតារាបានផ្លាស់ប្តូរស្ទើរតែ១៨០អង្សាទៅហើយ បន្ទាប់ពីភាគីទាំងសងខាងមិនចុះសម្រុងគ្នា ។ ជីវិតជាប្តីប្រពន្ធរវាងនាង និងគូដណ្តឹងនឹងមិនកើតឡើងតាមការគ្រោងទុកឡើយ ដោយសារតែពេលនេះអ្នកនាងចាន់ធីសម្រេចចិត្តផ្តាច់ការទាក់ទងគ្នាជាស្ថាពរ ក្រោយពេលមានទំនាស់កើតឡើង ផ្ទួនៗគ្នា ។
ក្រោយពេលអ្នកនាងម៉ៅ សុចាន់ធី ភ្ជាប់ពាក្យនៅស្រុកខ្មែររួចហើយ នាងចាកចេញទៅនៅសហរដ្ឋអាមេរិកតែម្នាក់ឯងវិញ ហើយបញ្ហារកាំរកូសក្នុងរង្វង់ស្នេហារបស់នាងកើតមានជាបន្តបន្ទាប់ស្ទើរមិនដាច់ ។ ភាគច្រើននៃការរកាំរកូសនេះគឺកើតចេញពីការមិនយល់ចិត្តគ្នា ពោលដោយសារតែភាគីខាងប្រុសចេះតែរករឿងប្រច័ណ្ឌខុសរឿង រហូតដល់ពេលខ្លះគូដណ្តឹងរបស់នាងបានប្រើពាក្យមិនពីរោះលើរូបនាងថែមទៀតផង ។ គូដណ្តឹងរបស់នាងចាន់ធីតែងតែចោទប្រកាន់រូបនាងដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយពេលខ្លះប្រច័ណ្ឌខុសបែបបទ។ នៅពេលបុរសជាគូដណ្តឹងយល់ពីបញ្ហា ក៏សុំទោសអ្នកនាងចាន់ធីម្តងជាពីរដង ប៉ុន្តែបញ្ហានេះនៅតែកើតមានជាបន្តបន្ទាប់ទៀត ទើបនាងសម្រេចចិត្តចែកផ្លូវដើររៀងខ្លួនតែម្តងទៅ ។
អ្នកនាងម៉ៅ សុចាន់ធី យល់ថា ការប្រច័ណ្ឌរបស់គូដណ្តឹងនាងដោយសារមូលហេតុស្រឡាញ់ពេកក៏អាចថាបាន ហើយនាងយល់ពីបញ្ហានេះដែរ ដូច្នេះហើយទើបជា រឿយៗនាងសម្របសម្រួលឡើងវិញ ប៉ុន្តែវាមិនបានផលល្អ ។
«កន្លងមកនាងខ្ញុំលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាចំណងស្នេហ៍មួយនេះឱ្យស្ថិតស្ថិរ រហូតឆ្លងសមុទ្រមកជួបមុខ និងភ្ជាប់ពាក្យពេញមុខនៅស្រុកខ្មែរ ក៏ព្រោះតែចិត្តស្រឡាញ់ដែលមិនអាចដកចិត្តបាន ។ ដោយឡែកនៅពេលមកដល់អាមេរិកវិញនាងខ្ញុំខិតខំធ្វើការងារទាំងឈឺទាំងជា និងខិតខំរហូតបានសញ្ជាតិជាផ្លូវការកាលពីពេល ថ្មីៗនេះ ដើម្បីងាយស្រួលក្នុងការធានាគូដណ្តឹងបានមករស់នៅជុំគ្នាពេញមុខនៅលើទឹកដីអាមេរិកនេះ ។ ប៉ុន្តែបន្ទាប់ពីនាងខ្ញុំបានមកអាមេរិកម្នាក់ឯងវិញ គូដណ្តឹងរបស់នាងខ្ញុំតែងតែរករឿងឈ្លោះដោយការប្រចណ្ឌខុសរឿង បើទោះបីជានាងខ្ញុំនៅតែប្រកាន់ចិត្តស្មោះក៏ដោយ ។
ដោយសារតែរឿងកើតឡើង ដដែលៗជាច្រើនលើកច្រើនសាពេក ទើបខ្ញុំសម្រេចកាត់ផ្តាច់ចំណងស្នេហ៍នេះវិញទាំងឈឺចាប់បំផុត ដោយសារតែនាងខ្ញុំស្តាយចិត្តស្មោះរបស់នាងខ្ញុំលើគូដណ្តឹង» ។ អ្នកនាងម៉ៅ សុចាន់ធី និយាយបែបនេះ ។
ការបង្ហាញពីភាពប្រេះឆាជាមួយគូដណ្តឹងនេះអ្នកនាងម៉ៅ សុចាន់ធី បញ្ជាក់ថា មិនមែនមានន័យបើកកកាយរឿងផ្ទាល់ខ្លួនប្រាប់គេជាសាធារណៈឡើយ ប៉ុន្តែមធ្យោបាយមួយនេះជាការល្អបំផុត ដើម្បីបើកឱកាស និងបើកផ្លូវឲ្យភាគីទាំងសងខាងសម្រាប់អនាគតទៅមុខទៀត ។
បន្ទាប់ពីបែកបាក់ស្នេហ៍នេះអ្នកនាងម៉ៅ សុចាន់ធី អះអាងថា នាងអាចនឹងលែងគិតពីរឿងស្នេហាទៀត ដោយនាងសុំបិទបេះដូងមួយជីវិត និងរស់នៅក្នុងជីវភាពមួយសមញ្ញ ខណៈដែលពេលនេះនាងទើបតែបានទទួលសញ្ជាតិអាមេរិកជាផ្លូវការ ៕




ចែករំលែកព័តមាននេះ