ទស្សនាវដ្តី Vogue បានបង្ហាញរូបថតរបស់ក្រុមគ្រួសារនាងអេនចេលីណា ជោលីត្រៀមនឹងចេញផ្សាយនាខែវិច្ឆិកា ២០១៥។ រូបថតមួយក្នុងចំណោមរូបថតផ្សេងទៀតរបស់នាងជោលី គឺរូបថតជាមួយកូនប្រុសចិញ្ចឹមម៉ាដុកដែលមានដើមកំណើតខ្មែរ ។ នាងជោលីកំពុងបង្ហាត់បង្រៀនកូនប្រុសចិញ្ចឹមច្បងរូបនេះឱ្យចេះប្រើម៉ាស៊ីនថតវីដេអូសម្រាប់ផលិតភាពយន្ត ។ តាមរយៈរូបថតបង្ហាញថាម៉ាដុកនឹងបន្តអាជីពផលិតកុនពីម្តាយរបស់គេ ។
ក្នុងកាយវិការយ៉ាងជិតស្និទ្ធនាងជោលីនិយាយថា «នាងខ្ញុំមានវ័យច្រើន ហើយជិតដល់ពេលត្រូវសម្រាកជាមួយស្វាមី ។ អ្វីដែលត្រូវធ្វើនៅពេលនេះ គឺការចាត់ចែងអនាគត កូនៗដែលពួកគេត្រូវការយើងជាអ្នកណែនាំ ។ ទ្រព្យសម្បត្តិខ្ញុំមានសម្រាប់ឱ្យពួកគេនៅពេលអនាគត តែអ្វីដែលសំខាន់គឺចំណេះដែលធ្វើឱ្យពួកគេរៀនរស់ដោយខ្លួនឯងយ៉ាងស្រួល ។
ចំពោះម៉ាដុកគឺជាកូនចិញ្ចឹមច្បងគេក្នុងចំណោមកូនចិញ្ចឹម៥ នាក់ផ្សេងទៀត ។ មួយរយៈនេះមា៉ដុកបានជួយការងារខ្ញុំក្នុងការផលិតកុនខ្នាតធំដូចជារឿង «By the Sea, Furry» និងរឿង «មុនដំបូងពួកគេបានសម្លាប់បា៉របស់ខ្ញុំ» ដែលគ្រោងថតនៅប្រទេសកម្ពុជា ខណៈពេលបច្ចុប្បន្នកំពុងតែជ្រើសរើសតួសម្តែង និងទីតាំងថត ក្រោយពីសុំច្បាប់អនុញ្ញាតរួចហើយ» ។
រីឯស្វាមីរបស់នាង អេនចេលីណា ជោលី គឺលោកប្រេត ភីត យល់ថា ម៉ាដុកមានសមត្ថភាពគ្រប់គ្រាន់អាចកាន់ និងបញ្ជាម៉ាស៊ីនថត ផ្សេងៗទៀត ក្រោយពីមានការណែនាំពីម្តាយ និងក្រុមការងារ ។ ម៉ាដុកត្រូវអ្នកសារព័ត៌មានឱ្យដឹងថា រូបគេនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «មុនដំបូងពួកគេបានសម្លាប់ប៉ារបស់ខ្ញុំ» ដែលនិទានពីជីវិតក្មេងស្រីម្នាក់ក្នុងរបបខ្មែរក្រហមផងដែរ ។ ក្រៅពីសកម្មភាពថតកុនជាមួយម្តាយ ម៉ាដុកក៏បានចូលរួមសកម្មភាពមនុស្សធម៌ផងដែរ ៕


ចែករំលែកព័តមាននេះ