ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​4​នឹង​ធ្វើ​នៅ​ចុងឆ្នាំ​2015​នេះ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លើកកម្ពស់ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង បង្កើត​ស្នាដៃ​ភាពយន្ត​ជាតិ សំដៅ​ពង្រឹងគុណភាព​និង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ភាពយន្ត​នៅ​កម្ពុជា ក្រសួង​វប្បធម៌​គ្រោង​នឹង​រៀបចំ​ឲ្យ​មានកម្ម​វិធី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ក្រសួង​បាន និង​កំពុង​ទទួល​ពាក្យ​ស្នើ​សុំ​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ។ គ្រប់​ស្នាដៃ​ដែល​ដាក់​ប្រកួតប្រជែង​ត្រូវ​ស្ថិត​ក្រោម​ខ្លឹមសារ​រឿង​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​, ការ​បណ្តុះ​ស្មារតី​ស្នេហា​ជាតិ មាតុភូមិ និង​ការ​អភិវឌ្ឍ​, ការ​លើក​ស្ទួយ​វប្បធម៌​សន្តិភាព និង​អហិង្សា​និង​ការ​ពង្រឹង​សាមគ្គីភាព​និង​ឯកភាព​ជាតិ ។ ជាមួយ​គ្នា​នេះ​ដែរ​គ្រប់​ខ្សែភាពយន្ត​ទាំងអស់​ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង​ត្រូវ​តែ​ជា​ខ្សែភាពយន្ត​ខ្មែរ​ដែល​ដឹកនាំ​ដោយ​អ្នកដឹកនាំ​រឿង​ជា​ជនជាតិ​ខ្មែរ​, ជា​ស្នាដៃ​ដែល​ផលិត​ក្នុង​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៥ និង​មិន​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​កន្លង​មក ។

គ្រប់​ស្នាដៃ​ភាពយន្ត​ទាំងអស់​ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​នឹង​ត្រូវ​ពិនិត្យ​វាយតម្លៃ​វិ​និ​ឆ្ឆ័​យ​ដោយ​ផ្អែក​លើ​ស្នាដៃ​ឯកទេស​ទាំង​៨ រួម​មាន ស្នាដៃ​អត្ថបទ​និពន្ធ​ភាពយន្ត​, ស្នាដៃ​ដឹកនាំ​រឿង​, ស្នាដៃ​ថត​, តួឯក​បុរស​នារី​, ស្នាដៃ​តុបតែង​ឆាក​, ស្នាដៃ​បច្ចេកទេស​ពន្លឺ​, ស្នាដៃ​ដំឡើង​រូបភាព និង​ស្នាដៃ​ផ្គុំ​សំឡេង​ដោយ​ឆ្លង​តាម​គោលការណ៍​វិនិច្ឆ័យ និង​ជ្រើសរើស​ជា​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺជា​ការ​ជ្រើសរើស​យក​ភាពយន្ត​ឆ្នើម​ចំនួន​៨​រឿង សម្រាប់​ចូលរួម​ប្រកួតប្រជែង ។ ដំណាក់កាល​ទី​២ គឺ​ការ​ពិនិត្យ​ជ្រើសរើស​វាយតម្លៃ​ប្រកាស​ជា​ជ័យ​លា​ភី​របស់​មហោស្រព​ជាតិ​លើ​ទី​៤ ឆ្នាំ​២០១៥ ។

ជ័យ​លា​ភី​និង​រង្វាន់ នឹង​ត្រូវ​ចែក​ចេញ​ជា​បី​ផ្នែក គឺ​ផ្នែក​ទី​១ ស្នាដៃ​ភាពយន្ត​ពី​លេខ​១​ដល់​លេខ​៣ ។ ផ្នែក​ទី​២ រង្វាន់​ឯកទេស​សម្រាប់​បុគ្គល​មាន​អ្នកនិពន្ធ​ឆ្នើម​, អ្នកដឹកនាំ​រឿង​ឆ្នើម​, អ្នក​ថត​ភាពយន្ត​ឆ្នើម​, អ្នក​សម្តែង​តួឯក​ឆ្នើម​បុរស​, អ្នក​សម្តែង​តួឯក​ឆ្នើម​នារី​, អ្នក​តុបតែង​ឆាក​ឆ្នើម​, អ្នកបច្ចេកទេស​ពន្លឺ​ឆ្នើម​, អ្នក​ដំឡើង​រូបភាព​ឆ្នើម និង​អ្នក​ផ្គុំ​សំឡេង​ឆ្នើម ។ ផ្នែក​ទី​៣ គឺ​រង្វាន់​ទស្សនិកជន​ដែល​ជា​ជ័យ​លា​ភី​សម្រាប់​ខ្សែភាពយន្ត​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​បំផុត​ពី​ទស្សនិកជន​ដែល​គ្រប់​ជ័យ​លា​ភី​ទទួល​បាន​ពាន អម​ដោយ​ទឹកប្រាក់ ៕