ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ បញ្ញា​សិ​ទ្ឋិ ចៅប្រុស​លោកយាយ​ម៉ែ​ម៉ឺន​ព្យួរ​ការ​សិក្សា​ស្រវា​អាជីព​សិល្បៈ​ប្រាថ្នា​ឱ្យ​ល្បី​ដូច​លោកយាយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​អតីត​តារា​សម្តែង​លោកយាយ​ម៉ែ​ម៉ឺន លាចាក​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី ក៏​លោកយាយ​នៅ​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​បន្តវេន​ក្នុង​ជំនាន់​ថ្មី​នេះ​ដែរ នោះ​គឺ​ចៅប្រុស​ឈ្មោះ​គង់ បញ្ញា​សិទ្ធិ ។ ដោយសារ​តែ​ស្រលាញ់​អាជីព​សិល្បៈ និង​ចង់​មានកេរ្តិ៍ឈ្មោះ​ល្បី គង់ បញ្ញា​សិទ្ធិ សុខចិត្ត​ព្យួរ​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ ។
លោក​គង់ បញ្ញា​សិទ្ធិ ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៤​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ ។ ឪពុក​របស់​គេ​ជា​កូនបង្កើត​របស់​លោកយាយ​ម៉ែ​ម៉ឺន ។ បច្ចុប្បន្ន​ម្តាយ​ឪពុក​របស់​បញ្ញា​សិទ្ធិ​រស់នៅ និង​ប្រកប​របរ​នៅ​ខេត្តបន្ទាយមានជ័យ ។

ដោយ​មាន​ទេព​កោសល្យ​ល្អ គង់ បញ្ញា​សិទ្ធិ ត្រូវ​ផលិតកម្ម​មួយ​ចំនួន​ផ្តល់​ឱកាស​ឱ្យ​ចូល​សម្តែង​ក្នុង​រឿង «​វេរា​ស្នេហ៍​ឆ្លង​ភព​», រឿង «​លាក់​ស្នេហ៍​ក្នុង​បេះដូង​», និង​រឿង «​ស្នេហា​និង​កិត្តិយស​» ដែល ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រួច​ហើយ ។ ក្រៅពី​សម្តែង​ភាពយន្ត បញ្ញា​សិទ្ធិ ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​បណ្តា​ក្រុមហ៊ុន​នានា និង​សម្តែង​ខា​រ៉ា​អូ​ខេ​ផង​ដែរ ។ រយៈពេល​ជិត​២​ឆ្នាំ​ហើយ ដែល​បញ្ញា​សិទ្ធិ បណ្តែត​ជីវិត​ក្នុង​ពិភព​សិល្បៈ ។

តារា​សម្តែង​វ័យ​២៣​ឆ្នាំ គង់ បញ្ញា​សិទ្ធិ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា លោក​មានចិត្ត​ស្រឡាញ់សិល្បៈ​យូរ​មក​ហើយ ប៉ុន្តែ​ទើបតែ​ប្រមាណ​ជិត​២​ឆ្នាំ​កន្លង​មកនេះ​បាន​បំពេញ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​។ «​ដោយសារ​តែ​លោកយាយ​ម៉ែ​ម៉ឺន​របស់ខ្ញុំ​ជា​តារាភាពយន្ត​មានការ​ទទួលស្គាល់​ពី​មហាជន ទើប​ខ្ញុំ​តាំងចិត្ត​ថា នឹង​ធ្វើ​ឱ្យ​មានកេរ្តិ៍ឈ្មោះ​ល្បី​ដូច​លោកយាយ ទោះជា​លំបាក​ក៏​ត្រូវ​តែ​ស៊ូទ្រាំ​។ ដោយ​ស្រលាញ់​សិល្បៈ ខ្ញុំ​បាន​ព្យួរ​ការ​សិក្សា​ដល់​ទៅ​ពីរ​ជំនាញ ក្នុង​នោះ​បាន​សម្រេចចិត្ត​ព្យួរ​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ត្រឹម​ឆ្នាំ​ទី​៣ និង​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស ដោយ​គិត​ទៅ​មាន​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ។ ខ្ញុំ​មិន​អស់សង្ឃឹម​ឡើយ ព្រោះ​ការ​លះបង់​ការ​សិក្សា​របស់ខ្ញុំ​បាន​ទទួលផល​ប្រសើរ​ខ្លះ​ដែរ ។ ក្រោយ​ចូល​សិល្បៈ​ខ្ញុំ​ទទួល​បាន​ការងារ​សម្តែង​បន្តបន្ទាប់ ហើយ​ពេល​នេះ​កាន់តែ​មមាញឹក​ជាង​មុន​» ។

ក្រោយ​ពី​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​មួយ​ចំនួន​មក ពេល​នេះ​លោក​គង់ បញ្ញា​សិទ្ធិ ត្រៀម​ថត​រឿង​ភាគ​ថ្មី​បន្ត​ទៀត ។ ក្រៅពី​ចាប់​អាជីព​សម្តែង បញ្ញា​សិទ្ធិ ក៏​ចាប់​អាជីព​ជា​អ្នកចម្រៀង​ដែរ ដោយ​កន្លង​មក​លោក​ច្រៀង​តាម​ពិធី​មង្គលការ​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ។ អាជីព​ចម្រៀង​នេះ បញ្ញា​សិទ្ធិ បាន​បង្កើត​វង់​តន្ត្រី​សម័យមួយ​មានឈ្មោះ​ថា «​បញ្ញា​សិទ្ធិ​តន្ត្រី​» ដែល​ទទួល​ប្រគំ​តាម​កម្មវិធី ផ្សេង​ៗ​ទាំង​នៅ​ក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត ។ លោក​គង់ បញ្ញា​សិទ្ធិ យល់​ថា ជីវិត​សិល្បៈ​ត្រូវ​តែ​តស៊ូ គោរព​ពេលវេលា និង​មាន​អត្ត​ចរិតល្អ​ទើប​ជួយ​រុញ​ឱ្យ​មានកេរ្តិ៍ឈ្មោះ​ល្បី ៕