រាជធានីភ្នំពេញ ៖ តារាសម្តែងដែលវិវឌ្ឍខ្លួនជាពិធីការិនីកញ្ញាបេប៊ី កាន់តែលេចធ្លោក្នុងអាជីព ដូច្នេះហើយមានគេទាក់ទងចង់បានរូបនាងទៅបំពេញការងារនៅកន្លែងថ្មី ដោយធានាថានឹងទទួលបានលទ្ធផលល្អ ។
កញ្ញាបេប៊ី ជាពិធីការិនីប្រចាំកម្មវិធី «តន្ត្រីA1» របស់ស្ថានីយទូរទស្សន៍ MYTV កំពុងតែទទួលបានការគាំទ្រពីទស្សនិកជន ដោយសារតែមានទេពកោសល្យអត្ថាធិប្បាយបានល្អ ។ ស្របពេលដែលបេប៊ីបញ្ចេញស្នាដៃនៅលើឆាកស្ថានីយទូរទស្សន៍ម៉ាយធីវី រាល់ចុងសប្តាហ៍នេះ លេចឮថាមានស្ថានីយទូរទស្សន៍ដទៃចង់បាននាងឱ្យទៅកាន់កម្មវិធីថ្មី ។ កញ្ញាបេប៊ីមិនទាន់អាចឆ្លើយតបការចង់បាននោះទេ ព្រោះជាដំណាក់កាលមួយដែលនាងទើសទាល់ទាំងសងខាង ។ តារាស្រីវ័យក្មេងរូបនេះហាក់មិនចង់ឱ្យគេយល់ថាពេលលេចធ្លោនាងតម្កើងខ្លួនទេ ពិសេសនាងប្រកាន់គោលជំហរដឹងគុណអ្នកដែលជួយនាងឱ្យបានមកដល់ចំណុចលេចធ្លោនេះ ។
ទាក់ទិនការលេចឮថា ស្ថានីយទូរទស្សន៍ផ្សេងចង់បានរូបនាងនោះ ក្នុងជំនួបកាលពីពេល ថ្មីៗកន្លងមកកញ្ញាបេប៊ីទទួលស្គាល់ថាវាជាការណ៍ពិត តែនាងប្រកាន់ជំហរក្រាញននៀលនៅទូរទស្សន៍ CTN និង MYTV ដដែល ។ បេប៊ីនិយាយថា «ខ្ញុំមានកំណើតនៅស្ថានីយទូរទស្សន៍នេះ ដូច្នេះខ្ញុំមិនអាចសម្លឹងឃើញប្រាក់ល្អជាងកន្លែងដែលបានផ្តល់កំណើតឱ្យខ្ញុំឡើយ ។ ទោះបីជានៅទីនេះខ្ញុំបានកាន់កម្មវិធីមួយ ឬពីរក្តី ក៏ខ្ញុំសប្បាយចិត្តធ្វើការងារនៅទីនេះដែរ ព្រោះក្រុមការងារមានការយោគយល់ និងស្រឡាញ់់គ្នាដូចបងប្អូនអីុចឹង ។ មានតែCTN និងMYTV ទេដែលបានផ្តល់ឱកាសឱ្យខ្ញុំច្រើនជាងគេ ដែលអាចធ្វើឱ្យខ្ញុំមានប្រជាប្រិយភាព ដូច្នេះខ្ញុំុមិនអាចចោលឆ្នាំងចាស់បានទេ ។ ប្រសិនបើខ្ញុំចង់បានប្រាក់ ខ្ញុំសុខចិត្តទៅរកខាងក្រៅវិញ ដូចជាឡើងច្រៀងតាមកម្មវិធីប្រគំតន្ត្រី ផ្សេងៗ ដើរម៉ូដ សម្តែងភាពយន្ត ក៏បានដែរ ។
ខ្ញុំអរគុណដល់ស្ថានីយដទៃដែលគាត់អាណិត ស្រឡាញ់ខ្ញុំ ផ្តល់ឱកាសឱ្យខ្ញុំ ។ ខ្ញុំជឿថា ពួកគាត់នឹងយល់ពីចិត្តរបស់ខ្ញុំដែរ» ។ បេប៊ីសូមការធ្យាស្រ័យពីអ្នកដែលទាក់ទងនាងទៅបម្រើកន្លែងផ្សេង ហើយមិនបានសម្រេចនោះ ។
កញ្ញាបេប៊ី ចូលប្រឡូកក្នុងពិភពសិល្បៈជាង៣ឆ្នាំមកហើយ ។ គេមើលឃើញថា បេប៊ីហាក់មានឱកាសជាងតារាដទៃជាមិត្តភក្តិ ព្រោះនាងអាចទទួលបានការងារសិល្បៈច្រើន ។ ក្រៅពីសម្តែង ច្រៀង ដើរម៉ូដ បេប៊ីក៏បានក្លាយជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ធំមួយដែលវាជាឱកាសជំរុញកេរ្តិ៍ឈ្មោះនាងកាន់តែអណ្តែតក្នុងពិភពសិល្បៈ ។
អ្នកស្រីជាម្តាយរបស់កញ្ញាបេប៊ី សប្បាយចិត្តដែលមានគេពេញចិត្តទេពកោសល្យរបស់កូនស្រីគាត់ ហើយចង់បានទៅបំពេញការងារ ថ្មី ។ ទោះជាយ៉ាងណាក្តី មិនខុសពីកូនស្រីទេ អ្នកស្រីជាម្តាយនិយាយថាបេប៊ីមិនទាន់អាចប្តូរគោលជំហរបានទេ ព្រោះតស៊ូជាមួយទូរទស្សន៍ម៉ាយធីវីយូរមកហើយ ។ ទីនោះដូចជាសាលារៀនជួយបេប៊ីបានលេចធ្លោកាន់តែខ្លាំង ឡើង។ «មូលហេតុនេះហើយទើបខ្ញុំចង់ឱ្យគេយោគយល់ដែរ ពេលខ្លះលុយកាក់មិនសំខាន់ជាងអនុស្សាវរីយ៍ ភាពកម្សត់នោះទេ ទើបមិនចង់ឱ្យនាងចេញទៅណា»។ អ្នកស្រីជាម្តាយនិយាយបែបនេះ ៕




ចែករំលែកព័តមាននេះ