ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​និង​តន្ត្រី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ  ៖ សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ជា​ឥស្សរជន​លេចធ្លោ​បំផុត​ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុង​រយៈកាល​ប្រមាណ​ជា​៧​ទសវត្សរ៍​កន្លង​ទៅ ។ សម្តេចព្រះ​នរោត្តម សីហ​នុ គឺជា​តួអង្គ​ដ៏​ចម្បង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូត​ដល់​យុគសម័យ​សន្តិភាព ការ​ផ្សះផ្សា​ជាតិ និង​ការ​បង្កើត​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​ទសវត្សរ៍​ទី​៩០ ។ ក្រៅពី​វិស័យ​នយោបាយ ព្រះ​អង្គ​ក៏​ត្រូវ​បាន​ប្រជានុរាស្ត្រ​ខ្មែរ​ចាត់​ទុក​ថា​ជា «​ព្រះ​បិតា​នៃ​សិល្បៈ​ជាតិ​» ផង​ដែរ ។ 

ស្រប​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​លើក​ទី​៣ ក្នុង​ឆ្នាំ​២០១៥​នេះ​សូម​រំឭក​ព្រះរាជ​វីរភាព​របស់​ទ្រង់​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត និង​ចម្រៀង ។
ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​ប្រសូត​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះ​អង្គជា​ព្រះរាជបុត្រ​ច្បង​នៃ​សម្តេច​ព្រះនរោត្តម សុរា​ម្រឹត និង​ព្រះ​មហាក្សត្រី​ស៊ី​សុវត្ថិ កុសុមៈ​នារីរត្ន​សេរី​វ​ឌ្ឍ​នា ។ ព្រះ​អង្គ​បាន​សិក្សា​នៅ​សាលា​បារាំង នៅ​រាជធានី​ភ្នំពេញ​ហើយ​បន្ទាប់​មក​នៅ​វិទ្យាល័យ​បារាំង​នា​ក្រុង​ព្រៃនគរ​មុន​នឹង​ត្រូវ​បារាំង​ដែល​ជា​ប្រទេស​អាណានិគម​លើ​កម្ពុជា ជ្រើសរើស​ឲ្យ​ឡើង​គ្រងរាជ្យ នៅ​ខែមេសា ឆ្នាំ​១៩៤១ បន្ត​ពី​ព្រះបាទ​មុនី​វង្ស ដែល​ចូល​ទិវង្គត ។ នៅ​ពេល​នោះ​ព្រះ​អង្គ​ទើបនឹង​មាន​ព្រះ​ជន្ម​តែ ១៨​ព្រះ​វស្សា​ប៉ុណ្ណោះ ។

ក្នុង​ព្រះ​ជន្ម​១០​ព្រះ​វស្សា សម្តេច​ព្រះបាទ​ស៊ី​សុវត្ថិ មុនី​វង្ស ប្រទាន​កាមេរ៉ា​មួយ​គ្រឿង​ប្រភេទ​ហ្វ៊ីល​៥​មី​លី្ល​ម៉ែត្រ ពណ៌​ស​-​ខ្មៅ​ដល់​ព្រះ​អង្គ ក្នុង​ពេល​នោះ​ព្រះ​អង្គ​ថត​ភាពយន្ត​ឯកសារ​ខ្លី​ដំបូង​បង្អស់​ក្នុង​ដំណើរ​កម្សាន្ត​របស់​ព្រះ​អង្គ​នៅ​ក្រុងកែប​ជាមួយ​ព្រះ​មាតា ព្រះ​បិតា ។ ចាប់ពី​ពេល​នោះ​មក​ព្រះ​អង្គ​ចាប់​ព្រះ​ទ័យ​ថត​ភាពយន្ត​ឯកសារ​ជា​ហូរហែ ។ ក្នុង​ពេល​នោះ​ព្រះ​អង្គ​បាន​សិក្សា​ផ្នែក​តូរ្យតន្ត្រី​ផង​ដែរ ដូច​ជា​ការ​លេង​ឧបករណ៍​ព្យ៉ា​ណូ​, ត្រុំ​ប៉ែ​ត​, សាក់​សូ​ហ្វូ​ន និង​ឧបករណ៍​ដទៃ​ទៀត រហូត​ដល់​ទ្រង់​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​បទ​តាម​មនោសញ្ចេតនា​របស់​ព្រះ​អង្គ ។ ជាមួយ​គ្នា​នេះ ព្រះ​អង្គ​បាន​និពន្ធ​ចម្រៀង​ជា​ច្រើន​បទ​ដូច​ជា​៖ បទ «​រាត្រី​ដែល​បាន​ជួប​ភ័ក្ត្រ​», «​បុប្ផា​វៀងចន្ទន៍​», «​ហ្លួង​ព្រះ​បាង​», «​សែន​ស្រឡាញ់​», «​ឡក់ឡឺយ​», «​ភ្នំពេញ​», «​ចូល​ឆ្នាំ​», «​ដំអូញ​», «​ម៉ូ​នី​កា​», «​កម្ម​ប្អូន​ពុំ​បាន​ដូច​ចិន្តា​», «​កម្មបង​ពុំ​បាន​ដូច​ចិន្តា​», «​ទី​កែប​», «​ព្រៃ​ប្រសិទ្ធិ​», «​កែវ​ស្នេហា​», «​ភ្នំ​គូលែន​», «​ក្លិន​ផ្កា​រសាយ​», «​ស្នេហា​ពុំ​មាន​សង្ឃឹម​», «​សកវាទ៍​», «​គោ​ថាវ​រី​» និង​បទ «​សែនស្តាយ​»​ជាដើម ។

យ៉ាងណាមិញ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ព្រះ​អង្គ​តែងតែ​នាំ​យក​នូវ​សិល្បៈ​នៃ​ជាតិ​យើង​បង្ហាញ​ប្រទេស​ទាំងនោះ​ដូច​ជា ខ្សែភាពយន្ត​, វង់​តន្ត្រី​ព្រះរាជ​ទ្រព្យ និង​វង់​តន្ត្រី​យោធា​ភិ​រម្យ ដែល​មាន​លោក​ស៊ី​ន ស៊ី​សា​មុត​, អ្នក​ម្នាង​សៀង ឌី​, អ្នកស្រី​ម៉ៅ សា​វ៉េ​ត​ជា​អ្នកចម្រៀង​នៃ​វង់​នេះ​។

ក្រោយ​ពេល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូរណ៍​ពី​បារាំង សង្គម​ថ្មី​មួយ​បាន​កើតឡើង គឺ​សង្គមរាស្ត្រនិយម ដោយ​មាន​ព្រះ​នរោត្តម​សីហ​នុ​ជា​ព្រះ​ប្រមុខរដ្ឋ ។ នៅ​ឆ្នាំ​១៩៥៥​ព្រះ​អង្គ​បញ្ជូន​មន្ត្រីរាជការ​នៃ​ក្រសួង​ឃោសនាការ​ជា​ច្រើន​រូប​ទៅ​សិក្សា​ផ្នែក​ភាពយន្ត​នៅ​ប្រទេស​បារាំង ដោយ​ក្នុង​នោះ​រួម​មាន​លោក​រឿ​ម សុ​ផុ​ន​, លោក​អៀវ ប៉ុណ្ណា​ការ​, លោក​សោម សំ​អ៊ែ​ល​, លោក​ហង្ស ធន់​ហាក់ ជាដើម ។

នៅ​ឆ្នាំ​១៩៥៨ ក្រុម​ប្រតិភូ​ដែល​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​បាន​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ ហើយ​ពេល​នោះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បង្កើត​ផលិតកម្ម «​ខេមរៈ​ភាពយន្ត​» ដោយ​ដាក់​បញ្ចូល​ក្រុម​ប្រតិភូ​សិក្សា​នៅ​ប្រទេស​បា​រាំងជា​សមាជិក​នៃ​ផលិតកម្ម​នេះ ។ នៅ​ក្នុង​គ្រានោះ​ភាពយន្ត​ឯកសារ​ជា​ច្រើន​ត្រូវ​បាន​ផលិត​ដូច​ជា ជីវភាព​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្តមណ្ឌលគិរី និង​រតនគិរី​, ពិធី​ផ្សេង​ៗ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​, ពិធី​សែនអ្នកតា​, ពិធី​មង្គលការ​បុរាណ​ខ្មែរ​, ស្ត្រី​ខ្មែរ​សម័យ​សង្គមរាស្ត្រនិយម​ជាដើម ។ រហូត​ដល់​មក​ឆ្នាំ​១៩៦៥ ផលិតកម្ម​នេះ​ចាប់ផ្តើម​បង្កើត​ស្នាដៃ​ភាពយន្ត​ប្រឌិត​របស់​ខ្លួន ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ជា​អ្នក​ដឹក នាំ​សម្តែង ។ ភាពយន្ត​ទាំងនោះ​បាន​កើត​ឡើងជា​បន្តបន្ទាប់​ដូច​ជា​៖

១-​ឆ្នាំ​១៩៦៥ រឿង «​អប្សរា​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
២-​ឆ្នាំ​១៩៦៦ រឿង «​ព្រះ​វិហារ​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
៣-​ឆ្នាំ​១៩៦៦ រឿង «​ព្រះ​ប្រជា​កុមារ​» ហ្វីល​៣៥​មី​លី្ល​ម៉ែត្រ ។
៤-​ឆ្នាំ​១៩៦៧ រឿង «​ព្រៃ​ប្រសិទ្ធិ​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
៥-​ឆ្នាំ​១៩៦៧ រឿង «​ឆាយា​លើ​អង្គរ​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
៦-​ឆ្នាំ​១៩៦៨ រឿង «​វាសនា​អកុសល​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
៧-​ឆ្នាំ​១៩៦៩ រឿង «​សន្ធិប្រកាស​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
៨-​ឆ្នាំ​១៩៦៩ រឿង «​ផ្កា​កុលាប​នៃ​ភ្នំ​បូកគោ​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
៩-​ឆ្នាំ​១៩៦៩ រឿង «​សប្បាយ​ក្នុង​ការ​រស់នៅ​» ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។
១០-​ឆ្នាំ​១៩៧០ រឿង «​ផ្គរលាន់​នៅ​កោះកុង​»  ហ្វ៊ីល​៣៥​មី​លី្ល​ម៉ែត្រ ។

ក្រោម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​លើ​វិស័យ​សិល្បៈ ព្រះ​អង្គ​តែងតែ​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ​ដទៃ​ទៀត​ឲ្យ​បង្កើន​ស្នាដៃ​របស់​ខ្លួន ដោយ​ព្រះ​អង្គ​ទ្រង់​បង្គាប់​ដល់​ក្រសួង​ឃោសនាការ​ជាតិ និង​ក្រសួងពាណិជ្ជកម្ម យក​តម្លៃ​ពន្ធ​តែ​១០​ភាគ​ប៉ុណ្ណោះ​ពី​ផលិតករ​ភាពយន្ត​ក្នុងស្រុក និង​រៀបចំ​ក្រុមការងារ​ដើម្បី​ជួយ​កែសម្រួល​ភាពយន្ត​ទាំងនោះ​ទៀត​ផង ។ ព្រះ​អង្គ​ក៏​ស្វាគមន៍​ជា​និច្ច​ផលិតករ​ភាពយន្ត​បរទេស​ដែល​មក​ថត​ភាពយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​ជួយ​សម្រួល ដល់ទី​តាំង​ថត​, តារា​សម្តែង និង​កន្លែង​ស្នាក់​នៅ​ជាដើម ។ នៅ​ពេល​នោះ​ក៏​មាន​ផលិតករ​ជា​ច្រើន​បាន​មក​ថត​ភាពយន្ត​នៅ​កម្ពុជា​ដូច​ជា រឿង​«​បក្សី​ឋានសួគ៌​» រឿង​«​ដំណើរ​ផ្សេង​របស់​ឡត​ជី​ម​» រឿង «​អ្នក​នាំសារ​ទៅ​សមរភូមិ ឬ សង្គ្រាម​នៅ​វៀត​ប៊ិ​ញ​ភូ​» រឿង «​ផែនការ​០០៩» រឿង «​ធន​ជ័យ​» ជាដើម ។

ព្រះ​អង្គ​ក៏​បាន​កសាង​រោង​ភាពយន្ត និង​រោង​មហោស្រព​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​ដូច​ជា នៅ​រាជធានី​ភ្នំពេញ មាន​រោង​មហោស្រព​ព្រះ​សុរា​ម្រឹត​, រោង​ភាពយន្ត​រដ្ឋ​«​ចេ​ន​ឡា​» ។ នៅ​កំពង់ចាម មាន​រោង​មហោស្រព​ព្រះ​សីហ​មុនី​, នៅ​ខេត្តសៀមរាប មាន​រោង​មហោស្រព​ព្រះ​សីហ​នុ ជាដើម ។

បន្ថែម​លើ​នេះ​ទៀត​ព្រះ​អង្គ​បាន​រៀបចំ​ពិធី​ប្រឡងប្រជែង​ភាពយន្ត​ដូច​ជា មហោស្រព​ភាពយន្ត​នៅ​ក្រុងកែប នា​ឆ្នាំ​១៩៦៤ ដោយពេល​នោះ​ភាពយន្ត​ចំនួន​បី​រឿង​ត្រូវ​បាន​ទទួល​ពានរង្វាន់ គឺ​រឿង «​សង្សារ​ឧត្តម​ដួងចិត្ត​» រឿង «​ភរិយា​ពីរ​» និង​រឿង «​លា​ហើយ​ដួងតារា​»​។  ជាមួយ​គ្នា​នេះ​ព្រះ​អង្គ​តែងតែ​ប្រទាន​រង្វាន់​ផ្សេង​ៗ​ ជូន​​ផលិតករ​ដែល​ផលិតភាព​យន្ត​តាម​ការ​ពិនិត្យ​លើ​របាយការណ៍​របស់​ក្រសួង​ឃោសនាការ​ជាតិបាន​ដូច​ជា លោក​អឹុ​ម វ៉ូ ទទួល​បាន​រង្វាន់​សរសើរ​ពី​ព្រះ​អង្គ​ក្នុង​រឿង​«​កោដ្ឋ​មួយ​ពីរ​នាក់​» សម្តែង​ដោយ​លោក​គង់ សំ​អឿ​ន និង​នាង​ប៉ា ព្រី​កា ។ លោក​លី ប៊ុ​ន​យី​ម ទទួល​បាន​រង្វាន់​ពែង​មាស និង​ថាស​ប្រាក់​ក្នុង​រឿង​«​សព្វ​សិទ្ធិ​» សម្តែង​ដោយ លោក​គង់ សំ​អឿ​ន និង​អ្នកស្រី​វី​រៈ តារា​។ លោក ប៊ី​វ ឆៃ​លាង ទទួល​បាន​កាក់​មាស​សម្រាប់​ខ្សែភាពយន្ត​រឿង «​មើល​ក្រោយ​ផង​» សម្តែង​ដោយ​លោក​ណុ​ប ណែម  និង​អ្នកស្រី​ឌី សា​វ៉េ​ត និង​រឿង «​កាលណា​ផ្កា​រីក​» សម្តែង​ដោយ​លោក​ជា យុទ្ធ​ថន និង អ្នកស្រី​សោម វណ្ណ​ស៊ូ​ដា​នី ជាដើម ។ ទន្ទឹម​នឹង​នេះ​ព្រះ​អង្គ​តែងតែ​លើកទឹកចិត្ត​ដល់​ផលិតករ សិល្បករ​ខ្មែរ ឲ្យ​តស៊ូ និង​បង្កើត​ស្នាដៃ ផ្សេង​ៗ​ដើម្បី​ឈាន​ជើង​ចូល​ឆាក​អន្តរជាតិ​ក្នុង​ការ​លើក​តម្លៃ​នៃ​សិល្បៈ​ជាតិ​យើង ។ 

នៅ​ឆ្នាំ​១៩៦៨ ព្រះ​អង្គ​បាន​រៀបចំ​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​១ នៅ​ប្រទេស​កម្ពុជា  ដោយ​មានការ​ចូលរួម​ពី​ប្រទេស​នៅ​ក្នុង​ទី្វ​ប​អាស៊ី និង​អឺរ៉ុប​ជាង​៣០​ប្រទេស ដោយ​មានការ​ប្រឡង​ហ្វ៊ីល​ខ្នាត​ធំ​និង​តូច ៣៥​មី​លី្ល​ម៉ែត្រ ។ នៅ​ឆ្នាំ​១៩៦៩ ព្រះ​អង្គ​ក៏​បាន​រៀបចំ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​១ ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតករ សិល្បករ​ខ្មែរ ដោយ​យក​ខ្សែភាពយន្ត​ដែល​បាន​ផលិត​ពី​ឆ្នាំ​១៩៦៨​ដល់​១៩៦៩ ក្នុង​ទំហំ​ហ្វ៊ីល​១៦​មី​លី្ល​ម៉ែត្រ​មក​ចូលរួម​ប្រកួត ៕