រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងអំឡុងទសវត្សរ៍៩០ លោកយស បូវណ្ណៈ សម្តែងក្តីនឹករលឹកទស្សនិកជន ខ្មែរទាំងអស់ដែលធ្លាប់គាំទ្រការសម្តែងរបស់លោក ហើយលោកសន្យាថា នឹងវិលមកសម្តែងជាថ្មីក្នុងឱកាសណាមួយ ។ តារាសម្តែងសម្បុរស្រអែម ថ្គាមខ្លាលោកយស បូវណ្ណៈ បានចេញទៅរស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំ បន្ទាប់ពីលោកចាប់អាជីពជាតារាភាពយន្ត ហើយសាងកេរ្តិ៍ឈ្មោះល្បី ។
បើទោះបីជាលោកយស បូវណ្ណៈ កំពុងផ្ញើខ្លួននៅលើទឹកដីដ៏ស៊ីវិល័យ សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែលោកមិនស្ថិតនៅឆ្ងាយពីការងារសិល្បៈឡើយ ពោលគឺលោកនៅតែបន្តអាជីពមួយនេះដដែល ។
ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកពីទឹកដីអាមេរិក តួឯកក្នុងភាពយន្តរឿង «បុប្ជាជើងព្រៃ» លោកយស បូវណ្ណៈ ឲ្យដឹងថា ជីវភាពរស់នៅសហរដ្ឋអាមេរិកបើទោះបីជាប្រទេសទីពីរក៏ដោយ ប៉ុន្តែលោកនៅតែមានសុភមង្គល និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ ដោយសារតែមានការជួយផ្ចុងផ្តើមពីភរិយារបស់លោក ។ ក្រោយពីចាកចេញទៅរស់នៅលើទឹកដីអាមេរិក លោកវណ្ណៈ បានជួបភរិយាដែលទៅរស់នៅអាមេរិកតែម្នាក់ឯង ព្រោះជាកុមារកំព្រាឈ្មោះលី សេដ្ឋារី ដែលបម្រើការងារនៅមន្ទីរពេទ្យមួយ ។ ក្រោយពីភ្ជាប់ចំណងស្នេហ៍រហូតបង្កើតជាក្រុមគ្រួសារជាមួយគ្នា រហូតមកដល់ពេលនេះលោកយស បូវណ្ណៈ មានកូនស្រី៣នាក់ហើយ ។ កូនស្រីទីមួយឈ្មោះរាជនី មានវ័យ១៥ឆ្នាំ ។ កូនស្រីទី២ឈ្មោះ រាជធីតា អាយុ១៣ឆ្នាំ និងកូនស្រីពៅឈ្មោះរាជធានី អាយុ៩ឆ្នាំ ។
បើតាមការឲ្យដឹងពីលោកយស បូវណ្ណៈ នៅប្រទេសអាមេរិកលោកនៅតែបន្តអាជីពសិល្បៈដដែល ដោយលោកតែងតែបានការអញ្ជើញឲ្យចូលរួមច្រៀង និងសម្តែងក្នុងកម្មវិធី ផ្សេងៗ ។ ក្រៅពីនោះលោកវណ្ណៈបានចូលរួមធ្វើការងារជាមួយសហគមន៍ខ្មែរ និងធ្វើជាគណៈមេប្រយោគក្នុងកម្មវិធី NGKOR IDOL ។ មិនតែប៉ុណ្ណោះលោកយស បូវណ្ណៈ តែងតែទទួលស្វាគមន៍ និងចូលរួមសម្តែងពេលមានអ្នកសិល្បៈពីស្រុកខ្មែរទៅសម្តែង ។ ក្នុងនាមជាអតីតតារាសម្តែងមួយរូបលោកយស បូវណ្ណៈ មិនភ្លេចគុណបំណាច់យ៉ាងធំធេងរបស់ទស្សនិកខ្មែរទាំងក្នុង និងក្រៅប្រទេសដែលគាំទ្រការសម្តែងរបស់លោកនាពេលកន្លងមក។ ការគាំទ្រនេះជាការត្រួសត្រាយផ្លូវឲ្យលោកវណ្ណៈមានថ្ងៃនេះ ។ លោកវណ្ណៈ តាំងចិត្តចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរឲ្យកាន់តែរីកចម្រើនដោយលោកនឹងមិនដើរចេញទៅណាឆ្ងាយពីអាជីពមួយនេះឡើយ គឺរូបលោកនឹងនៅបន្តថែរក្សាសិល្បៈខ្មែរឲ្យនៅស្ថិតស្ថិរ ជាពិសេសប្រសិនបើមានឱកាសលោកនឹងត្រឡប់មកចូលរួមសម្តែងជាថ្មីវិញនៅស្រុកកំណើត ។
លោកយស បូវណ្ណៈ បានក្លាយជាតារាសម្តែង បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សានៅសាលាភូមិន្ទវិចិត្រសិល្បៈផ្នែកល្ខោននិយាយ ។ នៅក្នុងអំឡុងឆ្នាំ១៩៨៥ដល់១៩៨៩ លោកវណ្ណៈបានជាប់អាហារូបករណ៍ទៅសិក្សានៅសហភាពសូវៀត ហើយនៅពេលត្រឡប់មកវិញលោកបានទទួលវិញ្ញាបនបត្រកិត្តិយសពីមហោស្រពភាពយន្តលើកទី១ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ។
ក្រោយពីទទួលបានវិញ្ញាបនបត្រនោះមកលោកយស បូវណ្ណៈ ត្រូវបាននាយកដ្ឋានភាពយន្តជ្រើសរើសឲ្យសម្តែងជាតួឯកក្នុងខ្សែភាពយន្ត៣រឿងព្រមគ្នា គឺរឿង«ទឹកភ្នែកហែកទ្រូង» ដើរតួជាមួយអ្នកនាងអម្ពរ ទេវី ដែលដឹកនាំរឿងដោយលោកហ៊ុយ ពុធ ។ រឿងនេះទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។ រឿង«ព្រាននារីអស់លក្ខណ៍» ដើរតួជាមួយអ្នកនាងអ៊ុំ សុវណ្ណនី ។ រឿង «ទាសីស្នេហ៍» ដើរតួជាមួយអ្នកនាងចាន់ តារាទី និងដឹកនាំរឿងដោយលោកសម វុត្ថា ។
តាមរយៈខ្សែភាពយន្តទាំង៣រឿងនោះធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកយស បូវណ្ណៈ ល្បីសុសសាយទូទាំងប្រទេស និងមានឱកាសសម្តែងភាពយន្តបន្តបន្ទាប់ទៀត។ លោកយស បូវណ្ណៈ ធ្លាប់សម្តែងជាមួយអ្នកនាងសុខ ស្រីមុំ, កែវ កល្យាណ, ហុក លក្ខិណា និងអ្នកនាងឯក អមរា ជាដើម ។ ស្នាដៃសម្តែងរបស់លោកវណ្ណៈមិនក្រោម២០រឿងឡើយ ។ លោកយស បូវណ្ណៈ ធ្លាប់មកលេងស្រុកប្រមាណ៥លើកហើយនាពេលកន្លងមក ៕





ចែករំលែកព័តមាននេះ