ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! អតីត​ផ្កាយ​២ ស៊ុំ ពៅ និង​បក្ខពួក​សាលាដំបូង​ខេត្តស្វាយរៀង​ចេញ​ដីកា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ធ្វើការ​ចោទប្រកាន់​ជន​ឈ្មោះ ស៊ុំ ពៅ អតីត​ផ្កាយ​២ និង​បក្ខពួក​០៦​នាក់ ក្រោម​ការ​ចោទប្រកាន់​ចំនួន​០៣​ករណី ។ លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដស្វាយរៀង…

ខេត្តស្វាយរៀង ៖ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ធ្វើការ​ចោទប្រកាន់​ជន​ឈ្មោះ ស៊ុំ ពៅ អតីត​ផ្កាយ​២ និង​បក្ខពួក​០៦​នាក់ ក្រោម​ការ​ចោទប្រកាន់​ចំនួន​០៣​ករណី ។

លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ដស្វាយរៀង បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ អតីត​ឧត្តមសេនីយ៍ទោ​ស៊ុ ពៅ និង​បក្ខពួក​៦​នាក់​ទៀត នៅ​រសៀល​ថ្ងៃ​ទី​២៤​ខែមេសា ឆ្នាំ​២០២១​នេះ ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន​០៣ បទល្មើស ពាក់ព័ន្ធ​ការ​រត់ពន្ធ​មនុស្ស​ដោយ​ខុសច្បាប់​ពី​ខេត្តស្វាយរៀង មក​រាជធានី​ភ្នំពេញ​ ។

ប្រភព​ឲ្យ​ដឹង​ថា អតីត​ឧត្ដមសេនីយ៍ទោ​ស៊ុំ ពៅ និង​បក្ខពួក​ចំនួន​៦​នាក់ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទល្មើស​ចំនួន​បី​រួម​មាន ៖

ទី​១-​បទ​សមគំនិត លក់ដូរ​មនុស្ស​ប្រព្រឹត្ត​នៅ​ខេត្តស្វាយរៀង និង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ដែល​អំពើ​ជា​បទល្មើស មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​១៣, មាត្រា​១៥ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ទី​២- ផ្ដើមគំនិត​ក្នុង​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀក​បំពាក់​ជា​អាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ​ប្រព្រឹត្ត​នៅ​ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧​ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ដែល​អំពើ​ជា​បទល្មើស​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៨ និង​មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ​។

ទី​៣- ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ (​ដោយ​ប្រើប្រាស់​រថយន្ត​ម៉ាក Hummer ស្លាក​លេខ​ខេមរភូមិន្ទ ២-៩១៧០ និង​រថយន្ត​ម៉ាក Camry ស្លាក​លេខ​2N-4801 ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ ប្រព្រឹត្ត​នៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ ដែល​អំពើ​ជា​បទល្មើស​មាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៧៩ នៃ​ច្បាប់​ស្តី​ពី​ការ​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៦៣០​នៃ​ក្រមព្រហ្មទណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ