រាជធានីភ្នំពេញ ៖ បេក្ខនារីចំនួន២៦នាក់ បានជាប់ក្នុងវគ្គជម្រុះនៅក្នុងការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ-កម្ពុជាកាលពីល្ងាចថ្ងៃទី៣ តុលា ២០១៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ហើយត្រៀមចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ។ កម្មវិធីនោះរៀបចំដោយក្រុមហ៊ុន Aplus Asia Network ។
បេក្ខនារីទាំង២៦នាក់ ដែលបានចម្រាញ់ចេញពីជាង៤០នាក់នោះ នឹងប្រកួតម្តងទៀតនៅថ្ងៃទី១ វិច្ឆិកា ២០១៥ ដើម្បីស្វែងរកជ័យលាភី៨នាក់ តំណាងកម្ពុជាទៅចូលរួមការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិពិភពលោកលើកទី១៩ នៅហាឡុង ប្រទេសវៀតណាម នាថ្ងៃទី២៨ ខែវិច្ឆិកា ២០១៥ ដែលមានប្រទេសចំនួន៦៨ ចូលរួមប្រកួត ។ ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់១៥.០០០ដុល្លារអាមេរិក និងការឧបត្ថម្ភលើការទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅវៀតណាម ។
លោកអេរីក លីម នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Aplus Asia Network Ltd ដែលជាអ្នករៀបចំការប្រកួតកញ្ញាឯកទេសចរណ៍នៅកម្ពុជាមានប្រសាសន៍ថាគោលបំណងនៃការជ្រើសរើសកញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជានេះ គឺដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌កម្ពុជា និងលើកទឹកចិត្តនារីខ្មែរឱ្យចូលរួមក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ។
ការប្រកួតដំណាក់កាលដំបូងនៅកម្ពុជា មានបេក្ខនារីចូលរួមប្រមាណជាង១០០នាក់ ហើយជាបន្តបន្ទាប់មកជម្រុះសល់ជាង៤០នាក់ និង២៦នាក់។សម្រាប់បេក្ខនារី៨នាក់ចុងក្រោយ នឹងបានរង្វាន់ជាទឹកប្រាក់ និងអាហារូបបករណ៍ ដើម្បីបន្តការសិក្សា ។
បន្ទាប់ពីទទួលជោគជ័យនៃការរៀបចំការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ-កម្ពុជា កាលពីឆ្នាំ២០១២រួចមក ក្រុមហ៊ុន Aplus Asia Network បានរៀបចំការប្រកួតបវរកញ្ញាឯកទេសចរណ៍អន្តរជាតិ-កម្ពុជា លើកទី២ ឆ្នាំ២០១៤ និងលើកទី៣ ឆ្នាំ២០១៥ ដោយអនុញ្ញាតឲ្យនារីខ្មែរទាំងអស់ដែលមាន លក្ខណសម្បតិ្តគ្រប់គ្រាន់ ដាក់ពាក្យចូលរួមប្រកួតប្រជែង។ សម្រាប់លក្ខខណ្ឌ បេក្ខនារីដែលអាចដាក់ពាក្យចូលរួមប្រកួតបានត្រូវនៅលីវ មានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ មានកម្ពស់ចាប់ពី១,៦៣ម៉ែត្រ ឡើងទៅមានទម្ងន់មិនលើស៥៥គីឡូក្រាម មានចរិត និងអាកប្បកិរិយាសុភាពរាបសា ។ ការផ្ដល់ពិន្ទុយ៉ាងសុក្រឹតទៅតាមផ្នែក នីមួយៗដូចជា៖ ភាពស្រស់ស្អាត, ប្រជាប្រិយ, ទេពកោសល្យ, ការតុបតែងបែបប្រពៃណី, ការសម្តែង និងភាពទាក់ទាញ ។
ការប្រកួតជ្រើសរើសកញ្ញាឯកទេសចរណ៍ អន្តរជាតិបានទទួលស្គាល់ទូទាំងពិភពលោកដែលមានការចូលរួមពីបណ្ដាប្រទេសជាង៨០ជុំ។ កម្មវិធីដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤នេះប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។ កញ្ញាឯកទេសរណ៍តំណាងឱ្យប្រទេស នីមួយៗត្រូវបានអញ្ជើញឱ្យចូលរួមធ្វើទស្សនកិច្ចនៅប្រទេសម្ចាស់ផ្ទះ ក្នុងរយៈពេលបីសប្ដាហ៍ មុនការប្រកួតផ្ដាច់ព្រ័ត្រ ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងមិត្តភាព ៕


ចែករំលែកព័តមាននេះ