ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​បទ​ចម្រៀង «​អារ​សាច់​ជូន​ម្តាយ​» រិះគន់​ស្នេហា​ប្រកាន់វណ្ណៈលោក​ស៊ី​ន ស៊ី​សា​មុត ប្រឹង​ស្រែកច្រៀង​ឡើង​ហើប​ជើង​ពី​ដី និង​បែកញើស

10 ឆ្នាំ មុន

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន កាលពី​ឆ្នាំ​១៩៦៦ បាន​សរសេរ​ប្រលោមលោក​មួយ​ឈ្មោះ​ថា «​អារ​សាច់​ជូន​ម្តាយ​» ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន «​សុវណ្ណ​ភូមិ​» ដែល​កាល​ណោះ​លោក​ជា​អ្នកនិពន្ធ​ប្រចាំ​សារព័ត៌មាន​នោះ ហើយ​ក្រោយ​ឆ្នាំ​១៩៧០ លោក​ក៏​ជា​និពន្ធ​នាយក និង​ជា​ចាងហ្វាង​នយោបាយ​ប្រចាំ​សារព័ត៌មាន​នោះ​ទៀត​ផង ។

ដោយសារ​រឿង «​អារ​សាច់​ជូន​ម្តាយ​» ជា​ប្រលោមលោក​ផ្នែក​ជីវិត​សោក ដែល​ទាក់ទាញ​អារម្មណ៍​អ្នក​អាន​ទូទៅ ទើប​នៅ​អំឡុង​ឆ្នាំ​១៩៦៧-១៩៦៨ លោក​កា ឆាយ​លាង ហៅ​សា​រ៉ា​វុ​ធ ដែល​ជា​ចាងហ្វាង​ផលិតកម្ម​ប្រាសាទ​មាស​ភាពយន្ត បាន​ទាក់ទង​សុំ​ទិញ​សិទ្ធិ​រឿង នេះ​យក​ទៅ​ថត​ជា​ខ្សែភាពយន្ត ។

ដោយ​យល់​ឃើញ​ថា លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​ជា​ម្ចាស់​រឿង​នេះ​ស្រាប់ លោក​សា​រ៉ា​វុ​ធ​បាន​សំណូមពរ​ឱ្យ​លោក​តាក់តែង​បទ​ចម្រៀង​២​បទ​សម្រាប់​បញ្ចូល​ទៅ​ក្នុង​ខ្សែភាពយន្ត​នេះ​ដែរ គឺ​បទ «​អារ​សាច់​ជូន​ម្តាយ​» និង​បទ «​រស​ស្នេហ៍​ឧត្តម​» ។

ក្រោយ​ពី​បាន​តាក់តែង​ទាំង​បទ​ភ្លេង​ទាំង​ទំនុកច្រៀង​រួច​ហើយ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ប្រគល់​ឱ្យ​លោកហាស់ សាឡ​ន ធ្វើ​ARRANGEMENT និង​ដឹកនាំ​វង់​តន្ត្រី​ចម្រុះ​មួយ ដែល​មាន​លោក​ស៊ី​ន ស៊ី​សា​មុត និង​អ្នក​នាង​រស់ សេរី​សុទ្ធា ជា​អ្នក​បកស្រាយ​មនោសញ្ចេតនា ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​ចាំ​បាន​ថា នៅ​ពេល​ថត​បទ «​អារ​សាច់​ជូន​ម្តាយ​» នៅ​ក្នុង​ស្ទូ​ឌី​យោ​របស់​អ្នកស្រី​វណ្ណ ចន្ទ លោក​ស៊ី​ន ស៊ី​សា​មុត នឿយហត់​ជា​ខ្លាំង​ក្នុង​ការ​ច្រៀង​បទ​នេះ គឺ​ថត​ចំនួន​១១​ដង ទើប​សម្រេច​យក​ជា​ការ​បាន ដោយ MELODIE របស់​បទ​នេះ​មាន​ទំនួញ​តឹង​ពិបាក​ច្រៀង ហើយ​រវល់​តែ​ខុស​នេះ​ខុស​នោះ​មិន​ចេះ​ចប់ ។ នៅ CODA ចុង​ក្រោយ លោក​ស៊ី​ន ស៊ី​សា​មុត​ខំ​ស្រែក​ទាល់តែ​ហើប​ជើង​ពី​ដី ទើប​ដល់ «​តុង​» (TON) ដែល​ត្រូវ​យក ។ ពេល​នោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ឃើញ​ខ្នង​លោក​ស៊ី​ន ស៊ី​សា​មុត​បែកញើស​រហាម ព្រោះ​ទម្លាប់​របស់​គាត់​ពេល​ច្រៀង​នៅ​ក្នុង ស្ទូ​ឌី​យោ​មិន​ដែល​ពាក់អាវ​ទេ គឺ​ដៃ​ទាំង​ពីរ​កាន់​មុង​ដូ​លី​ន និង​ត្រែះ​ចង្វាក់​ជាប់​ជា​និច្ច ឯភ្នែក​រំពៃ​តាមដាន​មើល NOTE ABCD និង​ទំនុកច្រៀង ដែល​ដាក់​នៅ​លើ PORTE-NOTE ឥត​ខ្ចោះ ។

ដោយសារ​បទ «​អារ​សាច់​ជូន​ម្តាយ​» មាន​ខ្លឹមសារ​រិះគន់​ជីវិត​នៃ​ស្នេហា​ប្រកាន់វណ្ណៈ ទើប​នៅ​ពេល​ចាក់​ផ្សាយ​ក្នុង​ខ្សែភាពយន្ត​ធ្វើ​ឱ្យ​អ្នក​ស្តាប់​គ្រប់​មជ្ឈដ្ឋាន​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង ហើយ​ល្បីល្បាញ​ជ្រាប​ចូល​ក្នុង​មនោសញ្ចេតនា​របស់​ទស្សនិកជន​យ៉ាង​រហ័ស​ជាទី​បំផុត ពិសេស​គឺ​ស្រទាប់​យុវវ័យ ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សារភាព​ដោយ​ត្រង់​ថា នៅ​ពេល​ថត​ចប់​ភ្លាម លោក​បារម្ភ​ក្រែង​បទ​នេះ​ចេញ​មិន​រួច ព្រោះ​ប៉ះពាល់​ដល់​ភាព​គ្រោតគ្រាត​របស់​សង្គមមនុស្ស​នា​សម័យ​នោះ ចំ​ៗ​ពេក ។ ប៉ុន្តែ ដោយហេតុ​ថា ចុង​ប៉ាកកា​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មាន​សច្ចធម៌​ពិតប្រាកដ ទើប​បទ​នេះ​បាន​ហូរ​ចេញពី​បេះដូង​របស់​លោក​ទៅ​បម្រើ​អ្នក​ស្តាប់​ខ្មែរ​ទាំងអស់​ដោយ​គ្មាន​អ្វី​រារាំង​ទប់ស្កាត់​បាន​ឡើយ ។

តាម​រយៈ​សំឡេង​មាស​របស់​លោក​ស៊ី​ន ស៊ី​សា​មុត បទ «​អារ​សាច់​ជូន​ម្តាយ​» បាន​ស្ថិត​នៅ​ជា​និច្ច​ក្នុង​ដួងចិត្ត​មហាជន​ខ្មែរ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ​បទ​នេះ​បាន​ធ្វើ​ឱ្យ​កម្រើក​រញ្ជួយ​ដល់​មនោសញ្ចេតនា​របស់​យុវវ័យ​ជំនាន់់​ក្រោយ​ទៀត តាម​រយៈ​ការ​ថត​បញ្ចូល​ក្នុង​ខ្សែ​វី​ដេ​អូ​រឿង «​ព្រះ​គុណ​ម៉ែ​» ឬ​«​អារ​សាច់​ជូន​ម្តាយ​» ដែល​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​រៀបចំ​ផលិត​ឡើង​សា​ជា​ថ្មី ដើម្បី​ឧទ្ទិស​ដល់​អតីតកាល​ដ៏​គួរ​ឱ្យ​សោកស្តាយ​នោះ ។

មាន​អ្នក​ស្តាប់​ខ្លះ​ឆ្ងល់ ហើយ​សួរ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​ថា ហេតុ​ម្តេច​ក៏ INTRODUCTION របស់​បទ «​អារ​សាច់​ជូន​ម្តាយ​» មាន​ស្រែ​កថា «​កូន​សូម​អារ​សាច់​ជូន​ម៉ែ​» ផង  និង « កូន​សូម​អារ​សាច់​ជូន​ម្តាយ​» ថែម​ទៀត ?

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​បកស្រាយ​ថា មុន​ដំបូង​ឃ្លា​ដែល​ស្រែ​កថា «​កូន​សូម​អារ​សាច់​ជូន​ម៉ែ​!…​នោះ គឺ​តួអង្គ​ស្រែក​ចំពោះ​ម្តាយ​របស់​ខ្លួន ! ឯ​ឃ្លា​ទី​២ ដែល​ថា « អារ​សាច់​ជូន​ម្តាយ​» នោះ គឺ​តួអង្គ​ខំ​ស្រែក​ប្រកាស​ចំពោះ​ពិភព​ផែនដី​ទាំងមូល ។ នេះ​ជា​វិធីសាស្ត្រ​របស់​អ្នកនិពន្ធ ដែល​ធ្វើ​ឱ្យ​សាច់​បទ​កាន់តែ​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ខ្លាំង​ឡើង និង​ប្លែក​ពី​គេ​… ។

បទ​ចម្រៀង «​អារ​សាច់​ជូន​ម្តាយ​» និពន្ធ​បទ​ភ្លេង និង​ទំនុក​ចម្រៀង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​, សម្រួល​តន្ត្រី​ដោយ​ហាស់ សាឡ​ន និង​ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។ បទ​នេះ​រាយ​ទំនុក​ថា ៖

ផ្តើម​៖ កូន​សូម​អារ​សាច់​ជូន​ម៉ែ​!… អារ​សាច់​ជូន​ម្តាយ​!…
១-​សូម​លើក​ម្រាម​ដប់​ខ្ចប់​ទាំង​លោហិត ក្លិន​ឈាម​នរក​ជីវិត ប្រឌិត​ដំបៅ​វាសនា ដង្កូវ​ក្នុង​ជ្រាំ​រេ​រាំ​ក្នុង​ទង​បុប្ផា លុបលាង​ខ្នោះឃ្នាង​ផ្កាស្លា ប្រហារ​ជូន​ម៉ែ​ទាំងអស់ ។
២-​លោហិត​កូន​ហូរ​ថ្ងូរ​ប្រាប់​ផែនដី លា​ហើយ​វណ្ណៈ​រាជសីហ៍ ដែល​ស្រី​បណ្តុះ​ឥត​ឈ្មោះ ងូត​លាង​ខ្ទុះ​ឈាម​លុប​ស្នាម​ស្នេហ៍​ដែល​របួស អារ​សាច់​ជូន​ឈាម​យ៉ាង​ស្មោះ ចំពោះ​ទឹកដោះ​ម្តាយ​ថ្លៃ ។

បន្ទរ​-​បាតជើង​អ្នកមាន​លើ​ស្ពាន​អ្នកក្រ ម៉ែ​ប្រាប់​ឱ្យ​កូន​ត្រដរ តស៊ូ​យូរ​ឆាប់​គង់​ផុត​អវីចី ស្នេហ៍​ក្មេង​ចិត្ត​ក្មេង​ប្រឡែង​តែ​ទុក្ខ​រុន​រាន​រាល់ថ្ងៃ ស៊ូ​អារ​សាច់​ជូន​ម្តាយ​ថ្លៃ លោកីយ៍​គង់​មិន​ធរមាន ។

៣-​សូរសៀង​អង្រឹង​កូន​ដឹង​ទាំងអស់ ខ្លួន​ទាប​មិន​ត្រូវ​ឈោង​ខ្ពស់ ក្រែង​គ្រោះ​ទ្រូង​ស្រី​ទន្ទ្រាន ស្នូរ​ភ្លេង​កែវ​ស្រា​ទាសា​សម្រាប់​អ្នកមាន ខ្លួន​យើង​បីដូច​តិរច្ឆាន រស់​បាន​តែ​នឹង​ទឹកភ្នែក ៕