រាជធានីភ្នំពេញ ៖ តារាចម្រៀងឱក សុម៉ាវត្តី ត្រូវចោរភ្ជង់នឹងកាំភ្លើងប្លន់យកកាបូប ខណៈពេលនាងចតរថយន្តនៅម្តុំផ្សារបឹងកេងកង រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងមក ។
នាងឱក សុម៉ាវត្តី បានប្រកាសដំណឹងនេះលើទំព័រហ្វេសប៊ុក និងបានអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្ន ហើយប្រសិនបើមានអ្នកណារើសបានកាបូបរបស់នាងជួយប្រាប់ដំណឹងដល់នាងផង ។
បើតាមការបញ្ជាក់របស់តារាចម្រៀងនាងឱក សុម៉ាវត្តី ឆ្លើយតបទៅកាន់ប្រិយមិត្តដែលសួរនាំពីហេតុការណ៍នោះឲ្យដឹងថា វាកើតឡើងនៅពេលនាងបើករថយន្តយកទៅលាងនៅម្តុំផ្សារបឹងកេងកង ។ នៅពេលនោះចោរចូលបើកទ្វាររថយន្ត រួចឆក់យកកាបូបរបស់នាង ដោយមានការប្រទាញប្រទង់គ្នា ។ ក្រោយមកចោរនោះទាញកាំភ្លើងភ្ជង់រូបនាង ហើយគំរាមបាញ់សម្លាប់ ប្រសិនបើនាងមិនព្រមលែងដៃទេ។ ដោយសារតែនាងភ័យខ្លាច ទើបព្រមលែងកាបូបនោះ ហើយចោរយកកាបូបបាន ក៏គេចបាត់ស្រមោល ។
នាងឱក សុម៉ាវត្តី បានបើករថយន្តតែម្នាក់ឯង ហើយគាប់ជួននៅម្តុំនោះមិនសូវមានមនុស្សផង ទើបគ្មានអ្នកណាម្នាក់អាចជួយនាងបានឡើយ ។
បើតាមការបញ្ជាក់ពីឱក សុម៉ាវត្តី ក្រោយពីហេតុការណ៍នេះកើតឡើង រូបនាងមិនរងរបួសអ្វីឡើយ គ្រាន់តែបាត់របស់របរនៅក្នុងការបូបនោះដែលមានទូរស័ព្ទដៃមួយគ្រឿង និងលុយមួយចំនួនប៉ុណ្ណោះ ។
ជាការកត់សម្គាល់បន្ទាប់ពីនាងឱក សុម៉ាវត្តី បានបង្ហោះសារបញ្ជាក់ពីហេតុការណ៍នោះមក មានប្រិយមិត្តរបស់នាងជាច្រើនចូលរួមសម្តែងការសោកស្តាយ ព្រមទាំងសម្តែងការត្រេកអរនៅពេលដែលនាងមិនមានគ្រោះថ្នាក់អ្វី ដល់រាងកាយគ្រាន់តែបាត់របស់ ។ ប្រិយមិត្តមួយចំនួនទៀតបានណែនាំឲ្យនាងទៅស្រោចទឹកចេញព្រោះនេះជាហេតុការណ៍ដ៏អាក្រក់មិននឹកស្មានដល់មួយ ដែលមនុស្សទូទៅមិនចង់ឲ្យមានរឿងហេតុបែបនេះកើតឡើងចំពោះខ្លួនឡើយ ។
នាងឱក សុម៉ាវត្តី បានយល់ស្របចំពោះការផ្តល់ជាយោបល់នេះ ហើយនាងសន្យានឹងទៅស្រោចទឹកភ្លាម ដើម្បីដេញឧបទ្រពចង្រៃចេញពីរូបនាង និងក្រុមគ្រួសាររបស់នាងផងដែរ ។
អោក សុម៉ាវត្តី គឺជាកូនទី២ក្នុងគ្រួសារបងប្អូនត្រកូល «ឱក» ហើយនាងបានចូលរោងការជាមួយបុរសអ្នកជំនួញជាអាណិកជនខ្មែរវ័យជាង៣០ឆ្នាំកាលពីអំឡុងដើមឆ្នាំ២០១៥នេះ ៕



ចែករំលែកព័តមាននេះ