រាជធានីភ្នំពេញ ៖ បទចម្រៀងដែលមានចំណងជើងថា «ចន្ទថ្លា» ដែលច្រៀងនឹងសម្តែងដោយតារាចម្រៀងអ្នកនាង សុខ ពិសី ក្នុងផលិតកម្មសាន់ដេ បានទទួលការរិះគន់នូវកំហុសមួយចំនួន ដែលអ្នកដឹកនាំមិននឹកស្មានដល់ ។ កំហុសនោះ គឺក្នុងការសម្តែងនៅក្នុងឈុតមួយដែល សុខ ពិសី បានប្រើប្រាស់រនាថដែលជាឧបករណ៍បុរាណខ្មែរ គឺមានការខុសឆ្គង ។

លើសពីនោះទៀត ការសម្តែងនោះទៀតសោតក៏បានថតនៅសាលាភូមិន្ទវិចិត្រសិល្បះថែមទៀត នាំអោយមានការរិះគន់ក្នុងន័យកែលម្អ។
នៅលើហ្វេសប៊ុកដែលមានឈ្មោះថា Pouthy Loem បានបង្ហោះសារដោយបានធ្វើការរិះគន់កំហុសឆ្លងខាងលើនេះថា ខ្ញុំមិនចង់និយាយទេ តែមើលទៅខុសទំនងពេក។ លោកថា យកអន្លូងស្គរមកលេងរនាតមធ្យម ងំលេងបញ្ច្រាសទៀត!!។

មុននឹងថតMV គួរតែរៀនសូត្រពីទម្រង់លេងខ្លះផងដើម្បីជៀសវាងកំហុស។ នេះបំណងល្អរបស់ខ្ញុំបាទទេ ព្រោះខ្លាចខ្មាសប្រទេសជិតខាង។ “កំហុសតូចតាចអាចក្លាយជាធំបាន”។បន្ថែមលើអ្វីដែលបានបង្ហោះខាងលើនេះលោក លឹម ពុទ្ធី ដែលជានិស្សិតចប់ផ្នែកបរិញ្ញាបត្រ និងជាឯកទេសខាងឧបករណ៍ភ្លេងបុរាណម្នាក់ផងនោះបានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា កំហុសឆ្គងខាងលើនេះវាមិនធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែសម្រាប់ឧបករណ៍រនាថឯកនេះគឺជាឧបករណ៍បុរាណរបស់ខ្មែរយើង ដូចនេះយើងត្រូវប្រើប្រាស់អោយបានត្រឹមត្រូវតាមក្បួនខ្នាត។

លោកបញ្ជាក់ថា គាត់សម្តែងវាយឧបករណ៍រនាថឯកតែគាត់មិនយកអន្លូងរនាថមកវាយទេ តែបែជាយកអន្លូងស្គរមកវាយវិញ។លោកបន្ថែមថា កំហុសមួយទៀតគឺតួអង្គសម្តែងបានអង្គុយវាយរនាថឯកបញ្ច្រាស់ ដែលនោះជាកំហុសដែលអ្នកដឹកនាំអាចមិនគិតមិនដល់។
យ៉ាងណា បើតាមលោក លឹម ពុទ្ធី បើទោះបីទាំងនោះជាកំហុសអចតនា ប៉ុន្តែក្នុងនាមលោកជាអ្នកសិក្សានិងលេងឧបករណ៍ភ្លេងបុរាណខ្មែរម្នាក់នោះលោកយល់ថា ការថតដែលមានកំហុសនោះគឺជាការជះឥទ្ធិពលមិនល្អដល់គុណភាពនៃការថត ហើយម្យ៉ាងទៀតរនាថឯកជាភ្លេងបុរាណរបស់ជាតិខ្មែរ ប្រសិនបើយើងសម្តែងខុសនាំអោយបរទេសមើលទៅគេយល់ច្រឡំ និងសើចចំអកមកលើយើងផងដែរ។
ជាកត់សម្គាល់ ក្នុងពេលដែលមានការរិះគន់នូវកំហុសខុសឆ្គងខាងលើនេះ រហូតមកទល់ពេលនេះ គេនៅមិនទាន់មានឃើញមានការចេញមុខបកស្រាយឬសុំទោសណាមួយពីក្រុមហ៊ុនសាន់ដេនៅឡើយទេ ខណះពេលការរិះគន់ស្ថាបនាពីលោក លឹម ពុទ្ធី នាពេលនេះ ក៏ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ជាពិសេសអ្នកអាជីពសិល្បះបុរាណ និងផលិតករមួយចំនួនផងដែរ៕ ដោយ ៖ សុខ វាសនា
ចែករំលែកព័តមាននេះ