ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កុយ ស៊ី​ឌឿ​ន អំពាវនាវ​ដល់​សិល្បករ​និយាយ​ស្តីនិង​ស្លៀកពាក់​កុំ​ប្រាសចាក​សុជីវធម៌ និង​ប្រពៃណី​ជាតិ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ការ​និយាយ​ស្តី និង​ការ​ស្លៀកពាក់​របស់​អ្នកសិល្បៈ​មួយ​ចំនួន​ហាក់​មិន​សមរម្យ លោក​កុយ ស៊ី​ឌឿ​ន ដែល​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ផ្នែក​ហេរញ្ញិក​សមាគម​សិល្បករ​ខ្មែរ​បាន​អំពាវនាវ​ឱ្យ​មានការ​កែ​លម្អ ។

លោក​កុយ ស៊ី​ឌឿ​ន និយាយ​ថា ក្រសួង​ព័ត៌មាន​ប្រកាស​ឲ្យ​ស្ថានីយទូរទស្សន៍​ឈប់​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​នៅ​មុន​ម៉ោង​៩​យប់ ចាប់ពី​ដើមខែ​វិច្ឆិកា ២០១៥​ទៅ​ដូច្នេះ​សិល្បករ​ខ្មែរ​ត្រូវ​គិតគូរ​ចំពោះ​ខ្លួនឯង​ដើម្បី​កុំឱ្យ​ឆ្គាំឆ្គង​ទាំង​ការ​ប្រើប្រាស់​ពាក្យ​សម្តី ទាំង​ការ​ស្លៀកពាក់ ។ ពេល​មាន​ភាពយន្ត​ខ្មែរ​ឬ​កម្មវិធី​ខ្មែរ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ សិល្បករ​គួរតែ​ទស្សនាការ​ផ្សាយ​អ្វី​ដែល​ជា​របស់​ខ្មែរ​នោះ ។ ជា​ទូទៅ​ខ្សែ​រឿង​របស់​ខ្មែរ​យើង​សុទ្ធតែ​បង្ហាញ​ការ​អប់រំ​ចំពោះ​ការ​និយាយ​ស្តី និង​ការ​ស្លៀកពាក់​។ ការ​និយាយ​ស្តី​របស់​បរទេស​ខុស​ពី​ខ្មែរ​យើង​រាប់​ទាំង​ការ​ស្លៀកពាក់ គឺ​ចែក​គ្នា​ដាច់​តែ​ម្តង​។ ដូចនេះ​ពេល​មាន​ភាពយន្ត​ខ្មែរ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ គួរតែ​យុវជន ព្រមទាំង​អ្នកសិល្បៈ​ឈ្វេងយល់ និង​រក​ចំណុច ល្អ​ៗ​មក​ដាក់​ក្នុង​ខ្លួន ។

ក្នុង​នាម​សមាគម​សិល្បករ លោក​កុយ ស៊ី​ឌឿ​ន តែងតែ​សង្កេត​ឃើញ​ថា សិល្បករ​មួយ​ចំនួន​ស្លៀកពាក់​មើលទៅ​នៅ​មាន​កម្រិត​ជ្រុលនិយម​បែប​បរទេស ពោល​គឺ​ធ្វើ​តាម​គេ​ច្រើន​ពេក ។ ការ​ស្លៀកពាក់​មិន​ត្រូវ​តាម​ប្រពៃណី​។ កន្លង​មក​លោក​ស៊ី​ឌឿ​ន និង​ក្រុមការងារ​បាន​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក​ជំទាវ​ភឿ​ង ស​កុ​ណា ហើយ​លោក​ជំទាវ​បាន​ផ្តល់​មតិ​ឲ្យ​ផ្សព្វផ្សាយ​ពី​ការ​ស្លៀកពាក់​របស់​សិល្បករ ដូច្នេះ​សិល្បករ​ត្រូវ​គិត​ពី​ចំណុច​នេះ​ផង ។

លោក​កុយ ស៊ី​ឌឿ​ន អំពាវនាវ​ដល់​សិល្បករ​គួរ​មាន​ភាសា​និយាយ​ស្តី​ឲ្យ​បាន​ល្អ ។ «​ជាក់ស្តែង​ការ​សម្តែង​កំប្លែង​របស់​សិល្បករ​មួយ​ចំនួន​ប្រើ​ពាក្យ​មិន​សមរម្យ ។ អ្នក​កំប្លែង​បរទេស​សម្តែង​តែ​កាយវិការ​ទេ​គឺ​ទស្សនិកជន​គេ​សើច ។ ចំពោះ​តារា​កំប្លែង​ខ្មែរ​យើង​នាយ​កុយ​គាត់​មាន​ស្ទីល​សម្តែង​ល្អ មើលទៅ​មិន​ឈ្លើយ ហើយ​ភាសា​និយាយ​អាច​ទទួលយក​បាន ។ នេះ​ប្រហែលជា​គាត់​មាន​គ្រូ មានការ​រៀនសូត្រ​ក្នុង​សាលា ទើប​គាត់​មាន​បាត​វិជ្ជា​សិល្បៈ​ត្រឹមត្រូវ​» ។

ស្រប​ពេល​នេះ លោក​កុយ ស៊ី​ឌឿ​ន បាន​ស្នើ​ឲ្យ​សិល្បករ​ទាំងអស់ មិន​ថា​ថ្មី ឬ​ចាស់​ទេ គួរតែ​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណសមាជិក​ជាមួយ​សមាគម​សិល្បករ​ខ្មែរ ព្រោះ​វា​នឹង​មាន​ប្រយោជន៍​ច្រើន​ជួយ​ត្រលប់​ទៅ​វិញ ។ ចុះ​ឈ្មោះ​ជា​សមាជិកសមាគម​អាច​មានឱកាស​ចូលរួម​ក្នុង​សកម្មភាព​បម្រើ​សិល្បៈ និង​ជួយ​ខ្លួនឯង​ឲ្យ​បាន​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ ។ ក្រៅពី​នេះ​ចំពោះ​តារា​ថ្មី​អាច​ទាក់ទង​ឲ្យ​បាន​ចេញ​សម្តែង​តាម​ស្ថានីយទូរទស្សន៍​នានា ព្រោះ​សមាគម​មាន​អ្នក​ស្គាល់​ច្រើន ហើយ​អាច​បើកផ្លូវ​ជូន​បាន ។ លើស​ពី​នេះ​តារាចម្រៀង ល្បី​ៗ​ក្នុង​ផលិតកម្ម​គួរតែ​យក​កិត្តិយស​របស់​ខ្លួន​ជួយ​សមាគម​ដើម្បី​ឲ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ចៀសវាង​ការ​មិន​អើពើ​ព្រោះ​តាំងពី​លោក​ចូល​កាន់​ការងារ​នេះ​មក​ហាក់​មិនសូវ​ឃើញ​តារា ល្បី​ៗ​ចូលរួម​ទេ មើលទៅ​ហាក់​ប្រកាន់​បក្សពួក​ណាស់ ៕