ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​រាត្រី​នៃ​ក្តី​សង្ឃឹម​»​បញ្ចប់​ដោយ​ស្នាមញញឹម និង​ភាព​រីករាយ​សម្រាប់​កុមារ​កំព្រា

10 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​៤ តុលា ឆ្នាំ​២០១៥ សមាគម​ចលនា​វប្បធម៌​ជាតិ ដើម្បី​កុមារ​កំព្រា កុមារ​ក្រីក្រ បាន​រៀបចំ​កម្មវិធី​«​រាត្រី​នៃ​ក្តី​សង្ឃឹម​» ក្រោម​ប្រធានបទ  «​យើង​ចែករំលែក​ក្តី​ស្រលាញ់​របស់​អ្នក​» ។ ពិធី​នោះ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

តារា ល្បី​ៗ​ដូច​ជា​លោក ឆ​ន សុវណ្ណ​រាជ​, កញ្ញា​លាង សុ​ផា​ឡែ​ន​, កញ្ញា Nikki Nikki, បេក្ខជន​ជ័យ​លា​ភី និង​បេក្ខជន​លេចធ្លោ​ក្នុង​កម្មវិធី The Voice Cambodia លោក​ប៊ុត សីហា​, លោក​ឃុន វុ​ត្ថា​, កញ្ញា​ចំរើន សុ​ភ័ក្ត្រ​, កញ្ញា​សា​មុត ស្រី​កា បាន​ចូលរួម​សម្តែង​ញ៉ាំង​ឱ្យ​ពិធី​នោះ​កាន់តែ​អធិកអធម ។ លើស​ពី​នេះ​ទៅ​ទៀត មានការ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ពី​តារា ល្បី​ៗ​ជា​ច្រើន​ដូច​ជា​កញ្ញា ឱ​ក សុគន្ធ​កញ្ញា​, លោក​ណុ​ប បា​យ៉ា​រិ​ទ្ធ​, លោក​ហ្សូ​ណូ​, លោក ញ៉ែ​ម សុគន្ធ​, កញ្ញា​ទឹម រ​ដ្ឋា​, លោក​ទុំ សា​រ៉ុ​ត  ហៅ​នាយ​ឃ្លោក​, លោក​អ៊ុំ ដ​រ៉ា ព្រមទាំង​សិស្ស​-​និស្សិត និង​សប្បុរសជន​ច្រើន​កុះករ ។

លោក​ស៊ូ សា​វ៉ាង ហៅ​លោកតា​ហ្វុ​៊​យ​សូ នាយក​ប្រតិបត្តិ​សមាគម​ចលនា​វប្បធម៌​ជាតិ ដើម្បី​កុមារ​កំព្រា កុមារ​ក្រីក្រ​ថ្លែង​ថា «​កម្មវិធី​សប្បុរសធម៌​រាត្រី​នៃ​ក្តី​សង្ឃឹម​បង្កើត​ឡើង នា​ឱកាស​នេះ ក្រោម​ការ​រៀបចំ​របស់​សមាគម​ចលនា​វប្បធម៌​ជាតិ ដើម្បី​កុមារ​កំព្រា កុមារ​ក្រីក្រ ហៅ​កាត់​ថា មជ្ឈមណ្ឌល​កុមារ​កំព្រា (NACOPCA) រួម​ជាមួយ​គេហទំព័រ​ប​ណ្ណា​សារ​ដ្ឋា​ន អា​មេ​ហ្ស៊ី​ង​ខេ​ម​បូ​ឌា ព្រមទាំង​មានការ​សហការ និង​ចូលរួម​ពី​សិស្ស​-​និស្សិត​ពី​គ្រប់​សាកលវិទ្យាល័យ​ទាំងអស់​ទូ​ទាំង​រាជធានី​ភ្នំពេញ​សរុប​៨១​នាក់ ។ គោលបំណង​កម្មវិធី​នេះ គឺ​ដើម្បី​ស្វែងរក​ការ​ឧបត្ថម្ភ​ជួយ​ទ្រទ្រង់​ដល់​ដំណើរការ​សមាគម​ឱ្យ​មាន​និរន្តរភាព និង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ដែល​កំពុង​ខ្វះខាត លើកកម្ពស់​វិស័យ​អប់រំ​របស់​កុមារ​កំព្រា និង​ទីទ័ល​ក្រ​ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ ធនធានមនុស្ស និង​ប្រទេស ។

កម្មវិធី​នេះ​មាន​អត្ថន័យ​និង​ខ្លឹមសារ​ផ្សារ​ភ្ជាប់​គ្នា​នូវ​ផ្នត់គំនិត​នៃ​ការ​ចែករំលែក ហើយ​អ្វី​ដែល​ជា​ការ​ជំរុញ និង​លើកទឹកចិត្ត​សម្រាប់​ការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ជំហាន​ដំបូង​ដែល​លោក​ស៊ូ សា​វ៉ាង គិត​មុនគេ គឺ​ការ​អភិរក្ស និង​ការ​បាត់បង់​នូវ​សិល្បៈ​វប្បធម៌​ខ្មែរ​នា​ពេល​បច្ចុប្បន្ន តាម​រយៈ​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​ដ៏​ជឿនលឿន ហើយ​កំពុង​តែ​ជ្រាប​ចូល​យ៉ាង​គំហុក​ក្នុង​ប្រទេស​យើង ។ ចំពោះ​សមាគម​របស់​លោក​មានការ​ខ្វះខាត ដែល​ប្រឈម​នឹង​ការ​បាត់បង់​ឱកាស​បន្តការងារ​របស់​ខ្លួន​ក្នុង​ការ​ជួយ​កុមារ​កំព្រា និង​ក្រីក្រ​ក្នុង​សមាគម ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​ប្រសាសន៍​ថា «​យុវជន​ខ្មែរ​ស្រឡាញ់ និង​ថែរក្សា​វប្បធម៌​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​គង់វង្ស ហើយ​ស្វែងរក​ទេព​កោសល្យ​របស់​ខ្លួន​ពី​ក្នុង​ខ្លួនឯង​ផ្ទាល់ ។  បើ​ទេវតា​យក​សមត្ថភាព​ទេព​របស់​មនុស្ស​លាក់​ទុក​នៅ​លើ​កំពូលភ្នំ​ដ៏​ខ្ពស់ ឬ​ទឹក​សមុទ្ទ​ដ៏​ជ្រៅ​សែន​ជ្រៅ គង់តែ​មាន​មនុស្ស​រក​ឃើញ តែ​ទេវតា​បាន​យក​សមត្ថភាព​ទេព​របស់​មនុស្ស​លាក់​ទុក​ក្នុង​ខ្លួន​មនុស្ស​ដែល​ជា​កន្លែង​មនុស្ស​ពិបាក​ស្មាន​ដល់​» ។

ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​នោះ មានការ​សម្តែង​សិល្បៈ​ច្រើន​ទម្រង់ ដូច​ជា​លោក​ឆ​ន សុវណ្ណ​រាជ និង​កញ្ញា​ចំរើន សុ​ភ័ក្ត្រ ស្លៀកពាក់ និង​ច្រៀង​បទ​ប្រពៃណី ។ ក្រៅពី​នេះ​មានការ​ចូលរួម​សម្តែង​ក្បាច់គុន​បុរាណ​ខ្មែរ យុទ្ធ​គុន​ខម​, ច្រៀង​ចម្រៀង​សម័យ​ពី​តារាចម្រៀង​ពេញ​និយម​, ការ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​កែ​ច្នៃ La Chhouk Fashion, ការ​រាំ​សម័យ​របស់​ក្រុម Fire Fox និង PPSS ដោយ​បិទ​កម្មវិធី​ជាមួយ​ការ​ច្រៀង​បទ​ចម្រៀង «We are the world » រួម​គ្នា​ជា​ក្រុម​របស់​កុមារ តារា និង​អ្នកចូលរួម​ទាំងអស់ ដោយ​បាន​បង្ហាញ​ពី​ការ​ស្រឡាញ់ ស្មារតី​សប្បុរសធម៌ យ៉ាង​សប្បាយ​រីករាយ​ប្រកបដោយ​ស្នាមញញឹម គ្រប់​ៗ​គ្នា ៕