រាជធានីភ្នំពេញ ៖ អ្នកនាងស៊ុំ សុម៉ាលី បាត់មុខពីពិភពសិល្បៈជាច្រើនខែមកហើយ។ ក្រោយរៀបការរួច ទាំងអ្នកសិល្បៈ និងមហាជនដឹងថា តារាស្រស់សោភារូបនេះមានក្តីសុខក្នុងជីវិតប្តី-ប្រពន្ធ ប៉ុន្តែពេលវិលមកវិថីសិល្បៈវិញនោះ បង្កឲ្យមានការមន្ទិលថា នាងអាចមានបញ្ហាប្រេះឆាជីវិតអាពាហ៍ពិពាហ៍ ។
អ្នកនាងស៊ុំ សុម៉ាលី បានចូលរោងការកាលពីឆ្នាំ២០១៤ ហើយក្រោយពីបោះបង់អាជីពសិល្បៈដែលទស្សនិកជនស្ទើរតែភ្លេចមុខនាងទៅហើយនោះ ស្រាប់តែវិលត្រឡប់មកកាន់វិថីចាស់សាជាថ្មី ដោយចាប់ផ្តើមសម្តែងរឿង «អ្នកនាងម្ចាស់ឡឺកឺ» ។
ចំពោះការវិលត្រឡប់សាជាថ្មីវិញក្នុងពិភពសិល្បៈនេះត្រូវមហាជនសង្ស័យថា ប្រហែលជានាងជួបវិបត្តិក្នុងគ្រួសារ ឬក៏មានភាពរកាំរកូសជាមួយស្វាមី ។ តើវាបែបនោះមែនឬ ?
អ្នកនាងស៊ុំ សុម៉ាលី អះអាងថា «ចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំនៅតែល្អប្រសើរដដែល គឺមិនមានអ្វីកើតឡើងខុសប្រក្រតីទេ ។
ពួកយើងនៅតែស្រលាញ់ យល់ចិត្តគ្នាដូចដើម ។ មូលហេតុដែលខ្ញុំត្រលប់មកចាប់អាជីពសិល្បៈវិញនោះ ព្រោះជាអាជីពដែលខ្ញុំស្រលាញ់ ហើយម្យ៉ាងក្រោយពីខ្ញុំឈប់សម្រាកពីការងារក្នុងក្រុមហ៊ុន ខ្ញុំក៏ចាប់ផ្តើមអផ្សុកខ្លាំងចង់សម្តែងវិញ ព្រោះឃើញមិត្តភក្តិសម្តែងនៅតែនឹកដល់ការងារសិល្បៈ ។
គួបផ្សំនឹងប្រាក់ចំណូលក្នុងគ្រួសារមានការធ្លាក់ចុះផង ពិសេសខ្ញុំត្រូវប្រឹងរកប្រាក់ឱ្យសល់បានច្រើន ព្រោះខ្លួនខ្ញុំមានជំងឺប្រចាំកាយដែលត្រូវការប្រាក់ច្រើនក្នុងការព្យាបាលទើបឆ្លៀតឱកាសនេះវិលមករកការសម្តែងឡើងវិញ។ មុននឹងត្រលប់មកនេះ គឺខ្ញុំបានពិភាក្សាជាមួយស្វាមីខ្ញុំរួចរាល់អស់ហើយ គឺមិនឱ្យមានការអាក់អន់ស្រពន់ចិត្តនឹងគ្នាអ្វីឡើយ ។
ខ្ញុំមកលើកនេះធ្វើការងារនៅក្នុងផលិតកម្មមហាហង្សផង និងសម្តែងផង គឺខ្ញុំជាអ្នកជួយមើលចាត់ចែងការស្លៀកពាក់របស់តារាសម្តែងនៅក្នុងផលិតកម្ម ។
បើកឆាកដំបូងខ្ញុំក៏ទទួលបានការសម្តែងជាតួអង្គមិត្តភក្តិតួឯកស្រីនៅក្នុងរឿង «អ្នកនាងម្ចាស់ឡឺកឺ» ។ ក្នុងរឿងនេះខ្ញុំមានចរិតចូលចិត្តលេងសើច តាមជួយផ្តល់យោបល់ដល់តួឯកស្រី ពីបទពិសោធន៍ និងរឿងស្នេហា ។ រឿងនេះខ្ញុំសម្តែងជាតួរងទេ តែក្តីស្រមៃរបស់ខ្ញុំក៏ចង់ក្លាយជាតួឯកដែរ ។ ផលិតកម្មមហាហង្សក៏មានគម្រោង រៀបចំឱ្យខ្ញុំសម្តែងជាតួឯកដែរ តែមានបញ្ហាគឺខ្ញុំឡើងទម្ងន់ពេក ព្រោះឥឡូវ៥៥គីឡូទៅហើយ ប្រសិនបើនៅត្រឹមក្រោម៥០គីឡូ អាចមានរាងស្អាតជាងនេះ» ។
អ្នកនាងស៊ុំ សុម៉ាលី និយាយថា ទោះបីជានាងកំពុងតែត្រូវការប្រាក់ក្តី តែបើមានផលិតកម្មណាតម្រូវឱ្យនាងថតឈុតឆាកសិចស៊ី អោបថើបស្រើបស្រាលក្នុងតម្លៃថ្លៃយ៉ាងណាក៏ដោយ ក៏នាងមិនអាចទទួលបានទេ ។
អ្នកនាងស៊ុំ សុម៉ាលី ចាប់ផ្តើមមានមុខមាត់ក្នុងពិភពសិល្បៈតាមរយៈស្នាដៃសម្តែងភាពយន្តមួយចំនួនបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ស៊ីធីអិន។ សុមាលី មានទេពកោសល្យសម្តែងគួរឲ្យចាប់អារម្មណ៍ដោយលេចធ្លោនឹងតំណែងតួកាចឆ្នាស បន្ថែមពីលើការសម្តែងតួស្លូតបូតផងដែរ ។ ប្រឡូកសិល្បៈកំពុងលេចធ្លោ ស្រាប់តែសុមាលី រៀបការ ហើយកាត់ផ្តាច់ពីអាជីពសិល្បៈ ។
ងាកមកពិភពសិល្បៈវិញនេះ ស៊ុំ សុម៉ាលី សង្ឃឹមនឹងបន្តលេចធ្លោដូចមុន ព្រោះនាងមានទេពកោសល្យសម្តែងមិនចាញ់តារាជើងចាស់មួយចំនួនឡើយ ៕
ចែករំលែកព័តមាននេះ