ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង «​ភូមិ​អត់​មនុស្ស​»​ល្បី​តាម​ហ្វេ​ស​ប៊ុ​ក​រំពឹង​បានការ​គាំទ្រ​ខ្លាំង​ពេល​បញ្ចាំង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្សែភាពយន្ត​ខ្នាត​ធំ រឿង​«​ភូមិ​អត់​មនុស្ស​» ដែល​ជា​វណ្ណ​កម្ម​ដំបូង​របស់​ផលិតកម្ម​រេ​ដ​ភី​ក​ឈ័​រ (RED Picture) គ្រោង​នឹង​ដាក់​បញ្ចាំង​នា​ចុង​ស​ប្តា​ហ៍​នេះ​នៅ​គ្រប់​រោង​ភាពយន្ត ទំនើប​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ជាមួយនឹង​ក្តី​រំពឹង​បានការ​គាំទ្រ​ច្រើន ។

រឿង «​ភូមិ​អត់​មនុស្ស​» ជា​ខ្សែភាពយន្ត​ដែល​អ្នក​និយម​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ខ្លាំង​នឹង​ឈុត​ឆាក ខ្លី​ៗ​សម្រាប់​ផ្សព្វផ្សាយ ។

ចាងហ្វាង​ផលិតកម្ម RED Picture លោក ឌៀប សុវណ្ណ​តារា បញ្ជាក់​ថា មូលហេតុ​ដែល​ដាក់​ចំណងជើង​ថា «​ភូមិ​អត់​មនុស្ស​» ព្រោះ​ជា​ភូមិ​គេ​បោះបង់​ចោល​ដែល​ជា​ប្រភេទ​រឿង​ខ្មោច និង​កំប្លែង​តម្រូវ​ទីផ្សារ​សព្វថ្ងៃ ។ មាន​ចំណុច​សំខាន់​៣ ដែល​នឹង​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​នេះ​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ។ ទី​១​គឺ​ការ​ចូលរួម​សម្តែង​ដោយ​តារា​សម្តែង តារា​កំប្លែង​ល្បី​នៅ​កម្ពុជា​មិន​ក្រោម​១០​នាក់​ទេ ។ ទី​២ គឺ​សាច់​រឿង​ប្លែក​ខុស​ពី​រឿង មុន​ៗ ។ ទី​៣ គឺ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ទំនើប​ៗ​ពិសេស​ប្រភេទ​កាមេរ៉ា Red ដែល​ធ្វើ​ឲ្យ​រូបភាព​កាន់តែ​ទាក់ទាញ ។ ដើម​ឡើយ​រឿង​នេះ​ទំហំ​ការ​ចំណាយ​ប្រហែល​ជាង​៥​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្រោយ​បញ្ចប់​ការ​ផលិត គឺ​ឡើង​ដល់​៨​ម៉ឺន​ដុល្លារ ព្រោះតែ​ការ​សម្តែង​ក្នុង​រដូវវស្សា ហើយ​តារា​សម្តែង​សុទ្ធតែ ល្បី​ៗ​ពិបាក​នឹង​រក​ថ្ងៃ​បាន​ថត​រួម​គ្នា ។

អ្នកដឹកនាំ​សម្តែង និង​អ្នកនិពន្ធ​លោក​ឌៀប សុវណ្ណ​តារា មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ដោយ​កន្លង​មក​លោក​ធ្លាប់​និពន្ធ និង​ដឹកនាំ​រឿង​ឲ្យ​ផលិតកម្ម​LD Picture ទទួល​បានការ​គាំទ្រ​ខ្ពស់​ដូច​ជា​រឿង «​អាប​ពាក់​មួយ​សុវត្ថិភាព​វគ្គ​១» រឿង «​កូនប្រសា​ឡឺ​កឺ​» រឿង​«​សំណើច​អ្នក​ផ្សងព្រេង​ទាំង​៤» រឿង​«​ក្រឡ​អីហ្នឹង​» និង​រឿង «​អ្នកលេង​ជើង​ខ្វេរ​»​ជាដើម ។

តារា​សម្តែង​ល្បី​ដែល​ចូលរួម​ថ្ងៃ​ក្រុង​ពលី​រឿង​«​ភូមិ​អត់​មនុស្ស​»​មាន​អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី​, លោក ប៉ែន ចំ​រ៉ុ​ង​, នាយ​ពែ​ក​មី​, លោក​ជា សុ​វ​ណ្ណា​រា​, លោក​ប៊ី​អាយ​ជី​, អ្នក​នាង​ប៉េងប៉ោង​, នាយ​គ្រឿន​, នាយ​ក្រូច​, ក្រុម​ហ្វ្រេ​ស៊ី​ហ្គើ​ល និង​នាយ​ចឺម​ជាដើម ។

អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី បាន​បញ្ជាក់​ថា នាង​នឹង​សម្តែង​ជា​តួអង្គ​ឈ្មោះ​នាង​តី ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចូលរួម​សង្គ្រោះ​ព្យាបាល​អ្នកជំងឺ​នៅ​តាម​ភូមិ​ស្រុក​នានា ។ ខ្សែភាពយន្ត​នេះ​មាន​ភាព​ទាក់ទាញ​ច្រើន​ដែល​តម្រូវ​ទៅ​តាម​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន គឺ​ភាព​ភ័យ​ខ្លាច និង​កំប្លែង​សើច​ចុកពោះ ពិសេស​គឺ​ជំនាញ​បច្ចេកទេស​ផលិត​ខ្ពស់​គួរ​ជាទី​ទុកចិត្ត ។ ទោះ​មានការ​លំបាក​ច្រើន​ក្តី ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្តនឹង​សហការ​គ្នា​ឱ្យ​បាន​ល្អ​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​នេះ​បញ្ចប់​ដោយ​ជោគជ័យ​និង​បាន​បញ្ចាំង​តាម​កាលកំណត់ ។

អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី រំពឹង​ថា ខ្សែភាពយន្ត​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ។

តារា​កំប្លែង​ល្បីឈ្មោះ​នាយ​ពែ​ក​មី បាន​បញ្ជាក់​ថា ដោយ​តបស្នង​ការ​ដឹងគុណ​ចំពោះ​ផលិតករ លោក​បាន​ស្ម័គ្រចិត្ត​ថត​ខ្សែភាពយន្ត​នេះ​ដោយ​មិន​យក​កម្រៃ ។ ក្នុង​ខ្សែភាពយន្ត​នេះ នាយ​ពែ​ក​មី​សម្តែង​ជា​តួ​គ្រូ​សច្ចំ ។

នាយ​ពែ​ក​មី​រំពឹង​ថា រឿង​«​ភូមិ​អត់​មនុស្ស​» អាច​នឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ដោយសារ​ក្រុម​អ្នក​ផលិត​ធ្លាប់​មាន​ស្នាដៃ​ល្អ ទាក់ទាញ​អ្នក​ទស្សនា​បាន​ច្រើន ពិសេស​រឿង​នេះ​ប្រមូលផ្តុំ​ដោយ​តារា​សម្តែង តារា​កំប្លែង​ល្បីឈ្មោះ​ចូលរួម​សម្តែង ៕