រាជធានីភ្នំពេញ ៖ សារមន្ទីរជាតិកាលពីល្ងាចថ្ងៃទី១ តុលា ២០១៥ បានរៀបចំបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃក្រោមប្រធានបទ «រស់ក្រោមម្លប់មួយនៃសម័យអង្គរ»។ ពិធីនោះមានការអញ្ជើញចូលរួមជាកិត្តិយសពី លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ និងលោកស្រីបណ្ឌិត Nancy Beavan តំណាងក្រុមការងារស្រាវជ្រាវគម្រោងរស់ក្រោមម្លប់មួយនៃសម័យអង្គរ ។
លោកគង់ វីរៈ មានប្រសាសន៍ថា ជាព្រឹត្តិការណ៍វប្បធម៌សំខាន់មួយដែលសារមន្ទីរបានទទួលការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំពិធីតាំងពិព័រណ៍ក្រោមប្រធានបទ «រស់ក្រោមម្លប់មួយនៃសម័យអង្គរ» ដើម្បីបង្ហាញអំពីវប្បធម៌នៃក្រុមមនុស្សខ្មែរដើមដែលរស់នៅដាច់ស្រយាល និងដោយឡែកពីអ្នកស្រុករស់នៅតំបន់អង្គរក្នុងអំឡុងឆ្នាំ១៤០០ដល់ឆ្នាំ១៦៥០ នៃគ្រឹស្តសករាជនៅតាមជួរភ្នំក្រវាញប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ។
តាមការឆ្លុះបញ្ចាំងនៃពិព័រណ៍នេះ លោកគង់ វីរៈ សង្ឃឹមថា អ្នកទស្សនាជាតិ និងអន្តរជាតិនឹងទទួលបានចំណេះដឹងស្តីពីវប្បធម៌ខ្មែនាសម័យអង្គរ ដែលទាំងអស់គ្នាមិនសូវបានដឹងអាថ៌កំបាំងមួយចំនួនដែលមិនទាន់លាតត្រដាង។ អាស្រ័យដោយមានការសិក្សាស្រាវជ្រាវដោយរបស់ក្រុមស្រាវជ្រាវលោកស្រីបណ្ឌិត Nancy Beavan ជាអ្នកដឹកនាំ និងសហការជាមួយបណ្តាស្ថាប័នផ្សេងទៀត ទើបដឹងថាអាណាចក្រខ្មែរមានបន្សល់នូវវត្ថុមានសារសំខាន់យ៉ាងខ្លាំងដល់ប្រទេសជាតិ ។
លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា នេះជាលទ្ធផលជាប្រវត្តិសាស្ត្រមួយសម្រាប់មរតកនៃការស្រាវជ្រាវដល់កូនខ្មែរជំនាន់ក្រោយបានបន្តចំណេះដឹងរបស់ខ្លួនកាន់តែច្បាស់អំពីវប្បធម៌ខ្មែរដើម ដែលមាននៅក្នុងសម័យអង្គរ ។ បុរេប្រវត្តិសាស្ត្រជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការស្រាវជ្រាវរកឲ្យឃើញនូវអត្តសញ្ញាណនៃជនជាតិ នីមួយៗនៅលើពិភពលោក ។ ដោយឡែកនៅប្រទេសកម្ពុជាសង្កេតឃើញថា ការស្រាវជ្រាវផ្នែកបុរាណវិទ្យា ឬបុរេប្រវត្តិសាស្ត្រមិនទាន់បានផុសផុលនៅឡើយ ដោយសារកន្លងមកការសិក្សាស្រាវជ្រាវអំពីអារ្យធម៌បុរាណនៅប្រទេសកម្ពុជាភាគច្រើនផ្តោតទៅលើតែសម័យប្រវត្តិសាស្ត្រ ។
លោកជុច ភឿន ថ្លែងថា ការតាំងពិព័រណ៍នេះជាព័ត៌មានបុរាណវិទ្យាថ្មីមួយទៀតដែលអាចឲ្យអ្នកជំនាន់ក្រោយជាសិស្ស និស្សិត បញ្ញវន្ត និងនិស្សិតបរទេសបានស្គាល់អត្ថប្រយោជន៍នៃការស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រមរតកវប្បធម៌ខ្មែរដ៏ចំណាស់មួយនេះ ៕



ចែករំលែកព័តមាននេះ