រាជធានីភ្នំពេញ ៖ តារាសម្តែង អ្នកដឹកនាំរឿង និងផលិតករបានរួមគ្នាបង្កើតស្នាដៃភាពយន្តថ្មីដោយចូលរួមដើមទុនស្មើគ្នា ។ ភាពយន្តថ្មីនេះរឿង «ទឹកកន្លះក្អម» របស់ផលិតកម្ម PSN ។ ការសហការគ្នាចូលរួមផលិតភាពយន្តនេះចាត់ទុកជាស្នាដៃប្រវត្តិសាស្ត្រដំបូងគេបង្អស់ក្នុងពិភពខ្សែភាពយន្តខ្មែរ ។
រឿង«ទឹកកន្លះក្អម»របស់ផលិតកម្មភីអេសអិន រៀបចំធ្វើពិធីក្រុងពលីកាលពីរសៀលថ្ងៃទី១ តុលា ឆ្នាំ២០១៥ នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ដោយមានតារា ល្បីៗ និងផលិតករសម្បូរបទពិសោធន៍ជួបជុំគ្នាបួងសួងសុំសេចក្តីសុខ ។ អ្វីដែលជាការកត់សម្គាល់ និងមានការចាប់អារម្មណ៍នោះគឺភាពយន្តរឿង «ទឹកកន្លះក្អម» ជាការរួមសហការគ្នារវាងតារាសម្តែង ផលិតករ និងអ្នកដឹកនាំរឿងដោយបោះទុនស្មើគ្នាដល់ទៅ២៣នាក់ គ្មានអ្នកណាលើសអ្នកណា។ ម្យ៉ាងទៀតនោះជាការចង់បង្ហាញថាការចំណាយដើមទុនចេញពីកម្លាំងរបស់ខ្លួនពិបាកបែបណាទម្រាំបានលទ្ធផលផ្លែផ្កាដែលនេះជាការរៀនសូត្រទាំងអស់គ្នា ។
លោកឃុន ចាន់ឌី អ្នកដឹកនាំរឿងមានបទពិសោធន៍ផ្នែកភាពយន្តជាយូរមកហើយបានថ្លែងប្រាប់អ្នកយកព័ត៌មានថារឿង «ទឹកកន្លះក្អម» ដែលធ្វើពិធីក្រុងពលីនេះអាចថាជារឿងដែលពុំធ្លាប់មានពីមុនមកទេដោយសារតែមិនដែលមានតារាណាបោះទុនផលិតកុនខ្លួនឯង និងសម្តែងខ្លួនឯងឡើយ ។ ដោយចង់ឲ្យប្លែកទាំងតារាសម្តែងក្នុងផ្ទៃរឿង ក៏ដូចជាផលិតករសរុបទាំងអស់២៣នាក់ គឺសម្តែងទាំងអស់គ្នា ។ រឿង «ទឹកកន្លះក្អម»នេះចាងហ្វាងផលិតកម្មភីអេសអិនក៏មានចំណែកដែរ ព្រោះគាត់ជាអ្នកផ្តល់សម្ភារ ផ្សេងៗដើម្បីដំណើរការថត បើគ្មានសម្ភារក៏ផលិតមិនចេញដែរ ។ កត្តាសំខាន់គឺចង់ឲ្យតារា ឬសិល្បករទាំងអស់ចេះរៀនធ្វើជាថៅកែខ្លួនឯង កុំចាំបាច់មានគេជួល ។ គំនិតបែបនេះ គឺចង់បង្ហាញដល់សិល្បករទាំងនោះថាយកលុយបោះទុនថតកុនគឺពិបាកប៉ុនណាធ្លាប់តែទទួលលុយពីគេ ។ ដូចនេះបើខ្លាចខាត គឺត្រូវតែខំប្រឹង ហើយគោរពពេលវេលាសម្តែងឲ្យល្អ នោះពេលបញ្ចាំងជាផ្លូវការលទ្ធផលពិតនឹងលេចរូបរាងនាគ្រានោះ ។ មិនទាន់ដឹងថាចំណាយទុនប៉ុន្មានទេ គ្រាន់តែដឹងថា ផ្ទៃរឿងអាចចាយអស់ទឹកប្រាក់៣ម៉ឺនដុល្លារ ឬលើសពីនេះតាមសភាពជាក់ស្តែង ។
លោកឃុន ចាន់ឌី មានជំនឿចិត្តចំពោះតារាសម្តែងទាំងនោះថា ប្រាកដជាធ្វើបានល្អ ឆ្លងកាត់បទពិសោធន៍លោកជាអ្នកដឹករឿងពិតជាដឹងថ្វីដៃសម្តែងរបស់ពួកគេ និងធានាថាមហាជនមិនខកចិត្តទេ ។
ទាក់ទិននឹងអត្ថន័យរឿង«ទឹកកន្លះក្អម»លោកឃុន ចាន់ឌី ឲ្យដឹងថា ជារឿងបែបកំប្លែងបង្កប់ការអប់រំពីការប្រកាន់វណ្ណៈ រើសគូស្រករ។ ផ្ទៃរឿងឆ្លុះបញ្ចាំងឲ្យឃើញពីការបង្ខំរបស់ឪពុកម្តាយទៅលើកូនឱ្យទទួលគូស្រករតាមការជ្រើសរើសរបស់ខ្លួន ។ ឪពុកម្តាយឲ្យតែឃើញគេមានលុយ មានយសស័ក្តិល្អ ទោះជារូបសម្បត្តិមិនស្អាត នៅតែលើកកូនឲ្យគេ ។
ចំពោះតារាសម្តែងវិញធ្លាប់តែសម្តែងតាមការបង្គាប់បញ្ជាគេ ប៉ុន្តែពេលនេះទាំងអស់គ្នាត្រូវសម្តែងបែប កំប្លែងៗឲ្យសមខុសពីតារាកំប្លែងអាជីពដែលនេះជាចំណុចប្លែកមួយគួរឲ្យចាប់អារម្មណ៍ ។
គម្រោងចេញថតរឿង «ទឹកកន្លះក្អម»គឺនៅក្រោយបុណ្យភ្ជុំបិណ្ឌដោយទីតាំងនៅខេត្តព្រះសីហនុដែលត្រូវថតនៅលើផ្ទៃសមុទ្រ និងជីវិតជាអ្នកនេសាទ និងមួយផ្នែកទៀតថតនៅភ្នំពេញ។ ចំពោះគម្រោងបញ្ចាំងអាចនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៦ នៅគ្រប់រោងកុនទាំងអស់ ។
ក្នុងរឿង«ទឹកកន្លះក្អម» លោកឃុន ចាន់ឌី ដឹកនាំផងនិងសម្តែងផង, លោកសុខ សុធន ដឹកនាំផងនិងសម្តែងផង, លោកយឹម បូរ៉ា គ្រប់គ្រង និងសម្តែង, អ្នកនាងឈួន សុវណ្ណឆៃ ចូលរួមសម្តែង, ម៉ែនឿង ចូលរួមសម្តែង, លោកហេង ស៊ីម៉ន ចូលរួមសម្តែង, លោកក្រិច ណាខុន ចូលរួមសម្តែង, លោកប៉ែន សារ៉ាវ ចូលរួមសម្តែង, លោកប្រាក់ ផាកន ចូលរួមសម្តែង, នាយយក្សចូលរួមសម្តែង លោកឃុន សុវណ្ណធី ចូលរួមសម្តែង, លោកសុខ ប៊ុនធឿន ចូលរួមសម្តែង, កញ្ញាស្រី ម៉ាលីកា ចូលរួមសម្តែង, កញ្ញាលីលី ចូលរួមសម្តែង, នាយពាង ចូលរួមសម្តែង, កញ្ញាណាតាយ៉ា ចូលរួមសម្តែង, លោកដនគា ចូលរួមសម្តែង, លោកភក្តី ចូលរួមសម្តែង, កញ្ញានុត ចូលរួមសម្តែង, កញ្ញាហេង ស្រីពេជ្រ ចូលរួមសម្តែង, លោកសារ៉ន ចូលរួមសម្តែង, លោកប្រុស អ្នកផាត់មុខចូលរួមសម្តែង និងលោកជា មុនី ចូលរួមសម្តែង ៕





ចែករំលែកព័តមាននេះ