ផ្តន្ទាទោសដោយគ្មានការលើកលែងចំពោះជនល្មើសការធ្វើចត្តាលីស័ក និងអ្នកព្យាបាលតាមផ្ទះ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោសដោយគ្មានការលើកលែងចំពោះជនល្មើសការធ្វើចត្តាលីស័ក និងអ្នកព្យាបាលតាមផ្ទះ !

3 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ គេពិបាកនឹងមិនទទួលស្គាល់ណាស់ថា ស្ថានភាពកូវីដ ១៩ ធ្ងន់ធ្ងរបែបនេះគឺដោយសារតែមានការថ្លោះធ្លោយនៅក្នុងការគ្រប់គ្រងមនុស្សនៅកន្លែងធ្វើចត្តាឡីស័ក ។ វាផ្តើមចេញពីការបណ្តោយអោយរបូតជនជាតិចិនដែលនាំអោយផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ ។…

រាជធានីភ្នំពេញ ៖ គេពិបាកនឹងមិនទទួលស្គាល់ណាស់ថា ស្ថានភាពកូវីដ ១៩ ធ្ងន់ធ្ងរបែបនេះគឺដោយសារតែមានការថ្លោះធ្លោយនៅក្នុងការគ្រប់គ្រងមនុស្សនៅកន្លែងធ្វើចត្តាឡីស័ក ។ វាផ្តើមចេញពីការបណ្តោយអោយរបូតជនជាតិចិនដែលនាំអោយផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ ។ បើសិនជាគ្មានការលួចចេញជនជាតិចិននោះ ក៏គ្មានស្ថានភាពធ្ងន់ធ្ងរដូចបច្ចុប្បន្នដែរ ។ ទន្ទឹមជាមួយគ្នានោះក៏មានព័ត៌មានមិនឈប់ឈរ អំពីមនុស្សរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ។ ពួកគេទាំងនោះសុទ្ធតែបង្កហានិភ័យខ្ពស់ដល់ការរាលដាល នៃការឆ្លងកូវីដ ១៩ ។

ដូច្នេះអ្នកធ្វើចត្តាឡីស័កទាំងអស់ និងអ្នកព្យាបាលតាមផ្ទះទាំងអស់ត្រូវតែចូលរួមអោយបានគ្រប់គ្នាហើយមិនត្រូវលួចចេញបែបនេះឡើយ ។ បទល្មើសរបស់ពួកគេអាចធ្វើអោយមនុស្សស្លាប់ និងឈឺដោយសារតែសកម្មភាពគ្មានការទទួលខុសត្រូវកន្លងមក ។ ពួកគេតោងយល់ថា វាជាបទល្មើសផ្នែកច្បាប់ដែលត្រូវផ្តន្ទាទោសមិនត្រឹមតែការផាកពិនិ័យទេ វាថែមទាំងអាចឈានដល់ការជាប់ពន្ឋនាគារទៀតផង ។ បើពួកគេស្រឡាញ់សុខភាពផ្ទាល់ខ្លួន ស្រឡាញ់ក្រុមគ្រួសារ និងប្រទេសជាតិនោះ ពួកគេមិនត្រូវរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក កន្លែងព្យាបាលមិនថា ផ្ទះផ្ទាល់ខ្លួន ឬក៏មន្ទីរពេទ្យឡើយ វាសុទ្ធតែបង្កហានិភ័យគួរអោយខ្លាចនៃការឆ្លងរាលដាលមេរោគកូវីដ ១៩ ។

ហេតុការណ៍រត់ចេញពីកន្លែងធ្វើចត្តាឡីស័កដោយស្ត្រីជនជាតិចិនដែលនាំអោយផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ រហូតដលសព្វថ្ងៃត្រូវតែមិនអោយកើតមានជាលើកទីពីរឡើយដើម្បីកុំអោយហេតុការណ៍ដ័អាក្រក់ និងគ្រោះថ្នាក់នេះកើតមានចំពោះកម្ពុជាបន្តទៀត ។ ប៉ុន្តែទន្ទឹមជាមួយគ្នាការស្វែងយល់អំពីមូលហេតុ ឬបញ្ហាដែលនាំអោយមានការរត់ចេញនេះក៏មានសារសំខាន់ខ្លាំងណាស់ដែរក្នុងការដោះស្រាយបញ្ហានេះ ។ គេត្រូវតែពិនិត្យមើលឡើងវិញអំពីសេវាកម្ម កន្លែងធ្វើចត្តាឡីស័ក ភាពងាយស្រួលនៃការស្នាក់នៅគុណភាពម្ហូបអាហារ និងភាពចាំបាច់នានាសម្រាប់ការរស់នៅសមរម្យសម្រាប់មនុស្សនិងអ្នកជំងឺ ។ ការដោះស្រាយរាល់បញ្ហាដែលប្រឈមដោយអ្នកធ្វើចត្តាឡីស័កនឹងអាចជួយកាត់បន្ថយការប៉ុនប៉ងនៃការរត់ចេញ ។ ប៉ុន្តែអ្នកធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកជំងឺត្រូវមានចិត្តអត់ធ្មត់ហើយទ្រាំនឹងការលំបាកខ្លះនៅចំពោះស្ថានភាពដ៏លំបាកដែលរដ្ឋាភិបាលកំពុងចាត់វិធានការអស់លទ្ធភាពដើម្បីព្យាបាល និងមើលថែទាំពួកគេអោយបានល្អ ។

ជាមួយគ្នានោះ អាជ្ញាធរក៏ត្រូវតែគ្រប់គ្រងអ្នកព្យាបាលនៅតាមផ្ទះនិងអ្នកធ្វើចត្តាឡីស័កដែរ ។ ការរំពឹងអោយពួកគេគោរពដោយខ្លួនឯងនឹងអាចនាំអោយមានការថ្លោះធ្លោយដូចដែលបានឃើញកន្លងមក ។ អាជ្ញាធរមូលដ្ឋានត្រូវដាក់មនុស្សយាមកាមអោយបានម៉ត់ចត់បំផុតតាមមន្ទីរពេទ្យ កន្លែងធ្វើចត្តាឡីស័ក និងផ្ទះរបស់អ្នកធ្វើចត្តាឡីស័ក ឬក៏អ្នកព្យាបាលតាមផ្ទះ ។ ក្នុងករណីអាជ្ញាធរមូលដ្ឋានមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះគេក៏អាចងាករកកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីជួយយាមកាម តាមមន្ទីរពេទ្យ ផ្ទះ និងកន្លែងធ្វើចត្តាឡីស័ក ។

នៅពេលដែលមនុស្សគ្រប់គ្នាចូលរួមគោរព និងអនុវត្តច្បាប់បានយ៉ាងពេញលេងនោះ កម្ពុជានឹងកាន់តែជោគជ័យនៅក្នុងការប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ ១៩ ។ ផ្ទុយទៅវិញបើសិនជាមនុស្សនាំគ្នាល្មើសច្បាប់ហើយអាជ្ញាធរមានភាពធូរលុងខ្លាំងនៅក្នុងការពង្រឹងការអនុវត្តច្បាប់នោះ កម្ពុជានឹងកាន់តែពិបាកគេចចេញពីជ្រោះមរណៈហើយមនុស្សជាច្រើននាក់ទៀតនឹងស្លាប់ និងធ្លាក់ខ្លួនឈឺ ។ មិនថាជាការបរាជ័យរបស់ប្រជាជន ឬអាជ្ញាធរទេ វាសុទ្ឋតែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រយុទ្ឋប្រឆាំងកូវីដ ១៩ នេះ ។ ដូចសម្តេចតេជោបានមានប្រសាសន៍ថា នេះជាពេលវេលាដែលទាំងអស់គ្នាត្រូវតែចូលរួមដោយមិនអាចមាននរណាម្នាក់ខកខានបានឡើយដើម្បីធ្វើយ៉ាងណាអោយប្រទេសកម្ពុជាអាចងាចចេញពីជ្រោះមរណៈនេះ ៕