ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាពយន្ត ស្វែង សុជាតា ស្តារ​ជីវភាព​ពី​ចំណុចសូន្យ​ដោយ​របរ​លក់​ឱសថ​បុរាណ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​២​ឆ្នាំ​មកនេះ តារា​សម្តែង​អ្នក​នាង​ស្វែង សុជាតា សម្ងំ​ព្យាបាល​ជំងឺ​ដ៏​កាច​អា​ហាវ​មួយ​ដែល​យាយី​ជីវិត​នាង​រហូត​បានជា​សះស្បើយ​ស្ទើរ​នឹក​ស្មាន​មិន​ដល់​។ អ្វី​ដែល​សុជាតា​កំពុង​ប្រឈម​ជា​បន្ត​ទៀត​នោះ គឺ​បញ្ហា​ជីវភាព ដែល​ពេល​នេះ​នាង​ចាប់ផ្តើម​ជីវិត​ជា​ថ្មី​ទាំង​បាតដៃ​ទទេ ព្រោះ​ទ្រព្យសម្បត្តិ​ដែល​នាង​ធ្លាប់​មាន​ទាំង​ប៉ុន្មាន​បាន​ចំណាយ​លើ​ការ​ព្យាបាល​អស់ពី​ខ្លួន ។

ការ​ចាប់ផ្តើម​ពី​ចំណុចសូន្យ​នេះ​ត្រូវ​អ្នក​នាង​ស្វែង សុជាតា អះអាង​ថា វា​ជា​ការ​លំបាក ប៉ុន្តែ​នាង​មិន​អស់សង្ឃឹម​ឡើយ​ព្រោះ​នាង​កំពុង​តែ​ពុះពារ​ក្នុង​ជីវិត​ថ្មី​ទំនងជា​ល្អ​នា​ពេល​ខាង​មុខ ខណៈ​ពេល​នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា បណ្តើរ​ៗ​ឡើង​វិញ​ហើយ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៥ តារា​សម្តែង​ដែល​ល្បី​ខាង​តួ​កាច​ឆ្នាស​ឆ្នើម​អ្នក​នាង​ស្វែង សុជាតា ឲ្យ​ដឹង​ថា រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ​ដែល​នាង​បាត់​មុខ​ពី​ពិភព​សិល្បៈ ព្រោះ​សម្ងំ​ព្យាបាល​ជំងឺ​កាច​សាហាវ​ដែល​មិន​នឹក​ស្មានថា​នឹង​អាច​ជា​ស្បើ​។ «​ក្រោយ​ពី​ព្យាបាល​ជំងឺ​បានជា​សះស្បើយ​នាង​ខ្ញុំ​ធ្លាក់ខ្លួន​មាន​ជីវភាព​លំបាក​ខ្វះមុខខ្វះក្រោយ ព្រោះ​ទ្រព្យសម្បត្តិ​ដែល​នាង​ខ្ញុំ​មានបាន​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​អស់ពី​ខ្លួន​រហូត​ដល់​ខ្ចី​គេ​ថែមទៀត​ផង​» ស្វែង សុជាតា និយាយ​បែប​នេះ ។

អ្នក​នាង​ស្វែង សុជាតា សព្វថ្ងៃ​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​មាន​តម្លៃ​៦០​ដុល្លារ​ក្នុង​មួយ​ខែ និង​មាន​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ។ ស្ថិត​នៅ​ក្នុង​ជីវភាព​ដ៏​លំបាក​នេះ អ្នក​នាង​ស្វែង សុជាតា មិន​ដែល​ចេញ​មុខ​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ​អ្នក​ដែល​ជិត​ស្និទ្ធ​បំផុត​ទើប​ដឹង​ពី​ជីវិត​ពិត​របស់​នាង ។ មិន​ចង់​ឲ្យ​មនុស្ស​មួយ​ចំនួន​បានដឹង​ពី​ការ​លំបាក​របស់​ខ្លួន​ឡើយ ដោយសារ​តែ​អ្នក​នាង​សុជាតា​មិន​ចង់​ឲ្យ​មាន​ពាក្យ​ថា​នាង​ចង់បាន​ជំនួយ ។

«​មនុស្ស​ដប់ ពិត​ណាស់​មិនមែន​ល្អ​ទាំង​ដប់​ឡើយ មាន​អ្នកខ្លះ​ដែល​ធ្លាប់​ស្គាល់​នាង​ខ្ញុំ​ពី​មុន​មក​បាន​កាត់​ផ្តាច់​ការ​ទាក់ទង​ជាមួយ​នាង​ខ្ញុំ​ដោយសារ​តែ​ខ្លាច​នាង​ខ្ញុំ​ស្វែងរក​ការ​ជួយ​ផ្នែក​ណាមួយ ប៉ុន្តែ​នាង​ខ្ញុំ​មិន​បាន​គិត​ខឹង​អ្នក​ទាំងនោះ​ឡើយ ដោយសារ​តែ​នាង​ខ្ញុំ​តែងតែ​ប្រកាន់​គំនិត​មួយ​ថា ប្រ​សិន​នាង​ខ្ញុំ​នៅ​មាន​លទ្ធភាព​អាច​ក្រោកឈរ នាង​ខ្ញុំ​មិន​ទៅ​ពឹងពាក់​គេ​ឡើយ គឺ​ត្រូវ​ប្រឹងប្រែង​តាម​កម្លាំង​ដែល​មាន​» តារា​ជំនាញ​ខាង​សម្តែង​តួ​កាច​ឆ្នាស​ឆ្នើម​មាន​ទស្សនៈ​បែប​នេះ​។ ទោះជា​យ៉ាងណា​ក្តី អ្នក​នាង​ស្វែង សុជាតា​​ថ្លែងអំណរ​គុណ​ដល់​សប្បុរសជន​មួយ​ចំនួន​ទាំង​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​សិល្បៈ ជា​ពិសេស​ជនរួមជាតិ​នៅ​ក្រៅប្រទេស​ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ជីវភាព​របស់​នាង​បាន​ធូរស្រាល​មួយ​កម្រិត ។

រាល់​អំណោយ​ពី​សប្បុរសជន ក្រៅពី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ មួយ​ផ្នែក​ទៀត​អ្នក​នាង​ស្វែង សុជាតា សន្សំ​ដើម្បី​បង្កើត​របរ​រកស៊ី​មួយ ព្រោះ​នាង​មិន​អាច​រស់​ដោយសារ​សប្បុរសជន​រហូត​ឡើយ ។

បច្ចុប្បន្ន​អ្នក​នាង​ស្វែង សុជាតា​បាន​សហការ​ជាមួយ​គ្រូថ្នាំ​ខ្មែរ​ម្នាក់​ដែល​ព្យាបាល​រូប​នាង ក្នុង​ការ​ផ្សំ​ថ្នាំបុរាណ​លក់​ក្នុង​តម្លៃ​ថោក​សមរម្យ ។ ប្រាក់​ដែល​បាន​មក​ពី​សប្បុរស​ផង និង​ការ​ចេញ​ថតកុន​ជា​ថ្មី សុជាតា​ចំណាយ​ដើម្បី​ពង្រីក​ទៅ​លើ​មុខរបរ​រកស៊ី​មួយ​នេះ ដែល​នាង​រំ​ពឹ​ថា​វា​នឹង​អាច​ធ្វើ​ឲ្យ​កម្រិតជីវភាព​បាន​ប្រសើរ​ឡើង ហើយ​អាច​ជួយ​អាយុជីវិត​មនុស្ស​ផង​ដែរ ។

មុខរបរ​ដែល​អ្នក​នាង​ស្វែង សុជាតា​កំពុង​ប្រកប​នេះ​នៅ​មិន​ទាន់​បាន​ទូលំទូលាយ​នៅឡើយ​ទេ ដោយសារ​តែ​ត្រូវការ​រក​ប្រាក់​បន្ថែម​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​ឲ្យ​វា​អាច​ដំណើរការ​ទៅ​តាម​អ្វី​ដែល​នាង​គ្រោងទុក ។

ផ្តើម​ជីវភាព​ពី​ចំណុចសូន្យ​នេះ តារា​សម្តែង​អភ័ព្វ​ស្នេហ៍​អ្នក​នាង​ស្វែង សុជាតា បាន​សន្យា​ថា​នឹង​ចាប់ផ្តើម​ជីវិត​ជា​ថ្មី​ឡើង​វិញ និង​មិន​ធ្វើ​រឿង​ងងឹត​ល្ងង់​ដូច​ពី​មុន​ទៀត​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​ជួប​រឿង​អកុសល​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មកនេះ បន្ទាប់​ពី​បែកបាក់​ស្វាមី ៕