ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែវ ឆាត អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តកំពតប្រលង​ចម្រៀង​ប្រពៃណី​ជោគជ័យ​4​វគ្គ​បាន​ឆ្លង​ទៅ​វគ្គ​ទី​5

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង​ប្រពៃណី ចម្រៀង​យីកេ និង​ចម្រៀង​បា​សាក់​ផ្សាយ​បន្ត​ផ្ទាល់​រៀង​រាល់​រសៀល​ថ្ងៃ​អង្គារ​វេលា​ម៉ោង​៤​និង​៣០​នាទី នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​បឹង​ស្នោ មាន​បេក្ខជន​ពី​គ្រប់​ទិស​ទី​ចូលរួម ហើយ​បានការ​គាំទ្រ​ពី​ទស្សនិកជន ។

អ្នកដឹកនាំ​កម្មវិធី​ប្រឡង​ចម្រៀង​បុរាណ​នោះ​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា កម្មវិធី​ប្រឡង​ឆ្នាំ​នេះ​មាន​បី​វិញ្ញាសា គឺ​ចម្រៀង​ប្រពៃណី យីកេ និង​បា​សាក់ ។ ក្នុង​ឆ្នាំ​២០១៥​នេះ​ជា​ជំនាន់​ទី​៧ បន្ទាប់​ពី​បាន​បង្កើត​កម្មវិធី​នេះ​៦​ជំនាន់​មក​ហើយ ។ កន្លង​មក​ការ​ប្រឡង​ធ្វើ​តែ​លើ​វិញ្ញាសា​ពីរ​ប៉ុណ្ណោះ គឺ «​ចម្រៀង​ប្រពៃណី​និង​យីកេ​» ប៉ុន្តែ​ក្នុងឆ្នាំនេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​វិញ្ញាសា​មួយទៀត គឺ​ផ្នែក «​ចម្រៀង​បា​សាក់​» ទៅ​តាម​សំណូមពរ​របស់​លោក​ព្រឹទ្ធាចារ្យ​សិល្បៈ​នាថ​ភក្តី​និម្មិត​អ៊ុំ សា​មិត ដែល​លើក​ឡើង​ស្នើ​សុំនា​ឱកាស​ទិវា​វប្បធម៌​៣ មីនា កន្លង​មក ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ចំពោះ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​បាន​រង្វាន់​ទឹកប្រាក់​៥​ពាន់​ដុល្លារ ទូរទស្សន៍​១​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​២​ទឹកប្រាក់​៤​ពាន់​ដុល្លារ និង​ទូរទស្សន៍​មួយ​គ្រឿង ។ ចំណាត់ថ្នាក់​លេខ​៣​ទឹកប្រាក់​៣​ពាន់​ដុល្លារ ទូរទស្សន៍​១​គ្រឿង និង​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​៤ ជា​ជ័យ​លា​ភី​កិត្តិយស បាន​ទឹកប្រាក់​ចំនួន​១​ពាន់​ដុល្លារ ។
អ្នកដឹកនាំ​កម្មវិធី​ថ្លែង​ថា «​ជា​ទូទៅកម្ម​វិធី​មរតក​វប្បធម៌​ខ្មែរ​នេះ​ធ្វើ​ឡើង​ដើម្បី​លើក​ស្ទួយ​មរតក​វប្បធម៌​ខ្មែរ ហើយ​តែងតែ​ប្រារព្ធ​ពិធី​ចែក​រង្វាន់​នេះ​នា​ឱកាស​អបអរសាទរ​ទិវា «​ជា​ប្រវត្តិសាស្ត្រ​៧​មក​រា​» ។ បាន​ន័យ​ថា ការ​ចែក​រង្វាន់​នេះ​យក​ថ្ងៃ​៧​មក​រា ជា​គោល ក្នុង​នោះ​យើង​ក៏​បាន​ផ្តោត​លើ​គណៈកម្មការ​ដាក់​ពិន្ទុ គឺ​យើង​យក​អ្នកជំនាញ​លំដាប់​ប្រទេស​តែ​ម្តង សុទ្ធតែ​ជា​អ្នក​ឆ្អិន​ផ្នែក​វិញ្ញាសា​ទាំង​៣​ប្រភេទ​អាច​ថា ជា​គ្រូដើម បើ​យីកេ​សុទ្ធតែ​ជា​គ្រូ​វរ​សិល្បករ សូ​ម្បី​អ្នកលេង​ភ្លេង​ក៏​ជាវរ​សិល្បករ ឆ្នើម​ៗ​បែប​មរតក​មនុស្ស​រស់ ។ កម្មវិធី​មរតក​វប្បធម៌​ខ្មែរ​នេះ​មិនមែន​ក្រុមការងារ​នឹកឃើញ​ទេ ជា​គំនិត​ផ្តួចផ្តើម​ឡើង ដោយ​លោក​ជំទាវ ហ៊ុន មា​៉​ណា អគ្គ​នាយិកា​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ដោយ​ក្រុមការងារ​គ្រាន់តែ​ជា​ប្រតិបត្តិ​ករ​ទទួល​តាម​ការ​ណែនាំ ។ យើង​មាន​មោទនភាព​ដោយសារ​តែ​វិញ្ញាសា នីមួយ​ៗ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ប្រភេទ​លំដាប់​ចម្រៀង​មួយ ដូច​ជា​ផ្នែក​ប្រពៃណី​ទាក់ទង​សម័យ​នគរ​គោក​ធ្លក​ព្រះថោង​តោង​ស្បៃ ចំណែក​ចម្រៀង​យីកេ​គឺ​កើត​មាន​ក្នុងអំឡុងពេល​សម័យ​ចាម​ជ្វា ឯ​បា​សាក់​កើត​នៅ​កម្ពុជា​ក្រោម​នា​ទឹកដី​បា​សាក់ វា​ជា​ទុន​មួយ​គួរ​ឈ្វេងយល់ ។

ចំពោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​កន្លង​មក​គឺ​មានឱកាស​ល្អ​បាន​ច្រៀង​នៅ​ក្រៅប្រទេស បាន​កើន​ផ្នែក​ជីវភាព​ជាង​មុន ។ ជ័យ​លា​ភី​ដែល​ចេញពី​កម្មវិធី​ទៅ គឺ​សុទ្ធតែ​មាន​សមត្ថភាព សូ​ម្បី​តែ​ជ័យ​លា​ភី​កិត្តិយស​ក៏​ល្បី​ពេញ​ប្រទេស​ដែរ ព្រោះ​យើង​ត្រឹមត្រូវ ហ្មត់ចត់ មិន​បន្លំ​ឡើយ​» ។

ចំពោះ​បេក្ខជន កែវ ឆាត ពី​ខេត្តកំពត និង​ជា​អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​កោះសន្តិភាព​ដែល​ចូលរួម​ប្រឡង​ផ្នែក​ចម្រៀង​ប្រពៃណី​ឈាន​ដល់​ជុំ​ទី​៤ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ និង​ជាប់​ទៅ​ជុំ​ទី​៥ បាន​និយាយ​ថា លោក​បាន​ឆ្លងកាត់​៤​វគ្គ​ជោគជ័យ​ជា​បន្តបន្ទាប់ ។ នៅ​វគ្គ​ទី​មួយ លោក​ឆាត ច្រៀង​បទ​មាន​ចំណងជើង​ថា «​ស្ពាន​ព្រែក​វាសនា​រកា​កោង​» ។ វគ្គ​២​ច្រៀង​បទ «​វាសនា​ស្ពាន​គុណគ្រូ​» ។ វគ្គ​៣​ច្រៀង​បទ «​ទឹកភ្នែក​សម្តេច​ហ៊ុន សែន​» ។ វគ្គ​៤​ច្រៀង​បទ «​សំណាង​ស្រុក​ក្រូចឆ្មារ​» ។ បេក្ខជន​នៅ​វគ្គ​ទី​៤​សុទ្ធតែ​ជា​អ្នក​ខ្លាំង សំឡេង​ពីរោះ ដូច្នេះ​លោក​ឆាត​ត្រូវ​ច្រៀង​ដោយ​ប្រិត​ព​ប្រៀ​ង​បំផុត ហើយ​ទីបំផុត​បាន​ឆ្លង​ទៅ​វគ្គ​ទី​៥​ទៀត ។

នៅ​វគ្គ​ទី​៤ បេក្ខជន​-​បេ​ក្ខ​នារី​វិញ្ញាសា​ចម្រៀង​ប្រពៃណី​មាន​ចំនួន​៣​នាក់ ហើយ​គណៈកម្មការ​សម្រេច​ឱ្យ​ឆ្លង​ទៅ​វគ្គ​ទី​៥​ទាំង​៣​នាក់ ។

លោក​កែវ ឆាត ជា​អ្នកចម្រៀង​បុរាណ​និង​សម័យ​នៅ​ខេត្តកំពត ដោយ​លោក​មាន​វង់​តន្ត្រី​អាជីព​ផ្ទាល់ខ្លួន ។ កន្លង​មក​លោក​ឆាត​ធ្លាប់​ចូលរួម​ប្រឡង​ចម្រៀង​ទាំង​ផ្នែក​សម័យ និង​បុរាណ​ជា​ច្រើន​លើក​នៅ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​។ ចំណែក​នៅ​ឆ្នាំ​នេះ​លោក​កែវ ឆាត ប្រឡង​ចម្រៀង​បុរាណ​ឆ្លង​ដល់​វគ្គ​ទី​៥ ហើយ​ប្រាថ្នា​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ទៀត ៕