រាជធានីភ្នំពេញ ៖ បន្ទាប់ពីចាកចេញពីកម្ពុជាទៅរស់នៅប្រទេសបារាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ អតីតតារាកំប្លែង អ្នកនាងស៊ុន ណារីម៉ូនីកា បានវិលមកស្រុកខ្មែរ ហើយធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះគម្រោងបើកក្រុមហ៊ុនរកគូស្រករដើម្បីចេញទៅរស់នៅប្រទេសបារាំង ។
ក្រោយពីប្រកាសបើកក្រុមហ៊ុននោះមកអ្នកនាងស៊ុន ណារីម៉ូនីកា ស្រាប់តែស្ងប់ស្ងាត់ទៅវិញ តើមកពីហេតុអ្វី ?
អ្នកនាងស៊ុន ណារីម៉ូនីកា កាលពីពេល ថ្មីៗកន្លងមកបញ្ជាក់ថា គម្រោងក្រុមហ៊ុនរើសគូស្រករនៅតែបន្តដោយមិនអាចបោះបង់ឡើយ ប៉ុន្តែបច្ចុប្បន្ននាងចាប់ការងារនេះមិនបានល្អទេ ព្រោះតែត្រូវទៅរវាងមកស្រុកខ្មែរ និងបារាំងញឹកញាប់ ដើម្បីមើលម្តាយមានជំងឺសម្រាកនៅមន្ទីរពេទ្យ ។ ដូច្នេះហើយទើបមិនអាចស្រឡះចិត្តទៅណាចោលអ្នកមានគុណបាន ក្រៅពីនៅក្បែរគាត់ឱ្យបានយូរ ជាងគិតរឿងការងារ ។ «កត្តានេះហើយដែលមួយរយៈនេះខ្ញុំងាកមកស្រុកខ្មែរដូចអំពិលអំពែក រហូតអ្នកនៅបារាំងគេលាន់មាត់រឿងសម្បូរលុយទិញសំបុត្រយន្តហោះមកស្រុកខ្មែរដូចចេញទៅខេត្ត ។ អារម្មណ៍ទាក់ទងរឿងម្តាយមានជំងឺនេះហើយ ធ្វើឲ្យមិនអាចគិតអ្វីបាន ជាងយកខ្លួនមកមើលថែទាំអ្នកមានគុណ ព្រោះតាំងពីគាត់ឈឺមកខ្ញុំព្រួយបារម្ភ ពេលខ្លះត្រូវដេកយំនៅបារាំង ក្រោយពីដឹងថាគាត់ត្រូវសង្គ្រោះបន្ទាន់ ទើបត្រូវហោះមកស្រុកវិញទាំងទុកការងារចោលសិន» ។ អ្នកនាងស៊ុន ណារីម៉ូនីកា និយាយបែបនេះ ។
អ្នកនាងស៊ុន ណារីម៉ូនីកា បញ្ជាក់ថា ក្រុមហ៊ុនជ្រើសរើសគូស្រករសម្រាប់អ្នកមានបំណងចេញទៅរស់នៅប្រទេសបារាំងដោយស្របច្បាប់ វាគឺជាអាជីពថ្មីប្លែករបស់នាងបន្ទាប់ពីនាងបើកដំណើរហាងមិនតិចជាង១២កន្លែង នៅប្រទេសបារាំង ។ ក្រុមហ៊ុនរបស់អ្នកនាងម៉ូនីកាមានឈ្មោះថា «ស៊ុន ណារីម៉ូនីកា ស្វែងរកគូស្រករ» នឹងអាចដំណើរការជ្រើសរើសគូស្រករដំបូងនៅកម្ពុជាទៅរស់នៅប្រទេសបារាំងចាប់ពីពាក់កណ្តាលឆ្នាំ២០១៥ទៅ ។ ពេលនេះនាងបានទទួលសិទ្ធិរួចហើយ ក្នុងការរៀបចំក្រុមហ៊ុនជាផ្លូវការមួយ ជួយស្វែងរកគូស្រករឲ្យជនជាតិខ្មែរ ដែលចង់ទៅរស់នៅប្រទេសបារាំង តាមរយៈអាពាហ៍ពិពាហ៍ ។ នាងកំពុងរៀបចំការិយាល័យចំនួន២ ដោយមួយស្ថិតនៅភ្នំពេញ និងមួយទៀតស្ថិតនៅទីក្រុងប៉ារីស ខណៈដែលការងារនេះត្រូវប្រកាសតាមហ្វេសប៊ុក ដើម្បីឲ្យមានការដឹងឮទូលំទូលាយ ។ ក្រុមហ៊ុននាងនឹងផ្តល់ប្រឹក្សា រួមទាំងការចាត់ចែងពីការស្វែងរកគូស្រករ សម្រាប់ជនជាតិខ្មែរដែលចង់ទៅរស់នៅស្របច្បាប់ក្នុងប្រទេសបារាំង និងសម្រាប់ជនបរទេស ឬជនជាតិខ្មែរជាអាណិកជនដែលចង់បានគូជីវិតនៅក្នុងប្រទេសកម្ពុជា ។ មូលហេតុដែលនាំឲ្យអ្នកនាងស៊ុន ណារីម៉ូនីកា សម្រេចចិត្តបើកក្រុមហ៊ុនេះ ព្រោះធ្លាប់បានជួយណែនាំអ្នករស់នៅប្រទេសបារាំងជាច្រើននាក់ឲ្យរៀបការដោយស្របច្បាប់ជាមួយនឹងអ្នកនៅកម្ពុជា ។ ម្យ៉ាងការបើកក្រុមហ៊ុននេះធ្វើឲ្យឱកាសអ្នកចង់ទៅរស់នៅបារាំងមានច្រើនទទួលបានការពិភាក្សា ហើយនាងក៏អាចបន្ថែមការងារកាន់តែច្រើន ។
នៅប្រទេសបារាំងអ្នកនាងស៊ុន ណារីម៉ូនីកា មានការទាក់ទងល្អទាំងជាមួយជនជាតិខ្មែរ និងជនជាតិអឺរ៉ុប ខណៈដែលនៅទីនោះនាងនៅតែបន្តអាជីពជាអ្នកកំប្លែងផង និងច្រៀងរាំផង ។ អ្វីដែលនាងសម្លឹងមើលឃើញពីជោគជ័យច្រើនលើអាជីពនេះព្រោះនៅប្រទេសបារាំងមានកំលោះក្រមុំច្រើនណាស់ ដែលចង់មានប្ដី ឬប្រពន្ធជាជនជាតិខ្មែរ ប៉ុន្តែពួកគេមិនដឹងទាក់ទងខាងណាឲ្យច្បាស់ ទើបនាងសម្រេចសុំសិទ្ធិបើកក្រុមហ៊ុននេះឡើង ។
អ្នកនាងស៊ុន ណារីម៉ូនីកា អំពាវនាវឱ្យអ្នកដែលមានបំណងចង់ទៅរស់នៅប្រទេសបារាំង តាមរយៈអាពាហ៍ពិពាហ៍សូមទាក់ទងក្រុមហ៊ុនរបស់នាងនាពេលខាងមុខ ដើម្បីពិភាក្សាគ្នាសម្រាប់លក្ខខណ្ឌចាត់ចែងឲ្យឈានដល់ការធានាចេញទៅរស់នៅទីនោះ បន្ទាប់ពីមានអាពាហ៍ពិពាហ៍ ។ ពិសេសគឺមិនទទួលលុយមុនទេ តម្រូវឲ្យមានការពេញចិត្តទាំងសងខាង ទើបបង់លុយតាមក្រោយ ។ ដើម្បីឱ្យដំណើរការក្រុមហ៊ុនបានងាយស្រួល នាងគ្រោងយករថយន្ត៣គ្រឿងពីបារាំងសម្រាប់ចាត់ចែងការងារនៅស្រុកខ្មែរ ។
អ្នកនាងស៊ុន ណារីម៉ូនីកាបញ្ជាក់ថា ប្រទេសបារាំងនឹងចេញច្បាប់ឱ្យនាពេលមិនយូរប៉ុន្មានខាងមុខ គឺនៅរង់ចាំតែពីកម្ពុជាប៉ុណ្ណោះ។ នាងថានៅប្រទេសបារាំងកម្រនឹងឲ្យបើកក្រុមហ៊ុនបែបនេះណាស់ ប៉ុន្តែដោយសារតែនៅទីនោះនាងមានឈ្មោះល្អ ទើបគេផ្តល់សិទ្ធិឲ្យ ហើយនាងរំពឹងថា នឹងទទួលបានជោគជ័យពេលក្រុមហ៊ុននេះបើកដំណើរការ ៕





ចែករំលែកព័តមាននេះ