យោងតាមវចនានុក្រមភាសាខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បានពន្យល់ពាក្យថាព្យាបាទយ៉ាងនេះថា គឺជាដំណើរចងចិត្តនឹងធ្វើអ្នកដទៃឱ្យវិនាស, សេចក្តីគុំកួន និងការចងគំនុំជាដើម ។ ព្យាបាទគឺជំនិតគិតប៉ងឲ្យគេវិនាសនូវប្រយោជន៍ និងសេចក្ដីសុខ វាធ្វើឲ្យចិត្តក្ដៅងំ ដូចយកភ្លើងមកបង្កាត់ត្រង់ដើមទ្រូងរបស់ខ្លួនឯង ទម្លាយសុខភាពផ្លូវចិត្ត ធ្វើឲ្យចិត្តខ្ទេចខ្ទាំគ្រាំគ្រា ។
ពេលខ្លះអ្នកដែលយើងគិតដោយគំនិតព្យាបាទនោះ គេមិនទាំងបានដឹងរឿងអ្វីផង គឺយើងក្ដៅក្រហាយដោយគំនុំ ឬដោយការច្រណែនទៅតែម្នាក់ឯង ។ បើយើងចាប់ភ្លើងគប់គ្រវែងទៅរកអ្នកដទៃ ភ្លើងរមែងឆេះដៃយើងមុន ហើយបើគ្រវែងទៅគេមិនត្រូវទេ ភ្លើងនោះឯង និងបានឆេះចំពោះយើងតែម្ខាងប៉ុណ្ណោះ ។
ព្រះធម៌បានទូន្មានយើងឲ្យលះព្យាបាទដោយមេត្តាពោលគឺឲ្យមានបំណងល្អ ប្រាថ្នាល្អចំពោះអ្នកដទៃ និងឲ្យមានខ្លួនឯងជាឧបមា ។ បើទោះជាយើងមិនឲ្យទុក្ខដល់គេក៏ដោយ ក៏គ្រប់គ្នាមានទុក្ខស្រេចតាមសភាពរបស់ខ្លួនម្នាក់ៗជាធម្មតាទៅហើយ ដូចជាខ្លួនយើងអ៊ីចឹងដែរ ដែលចេះតែមានទុក្ខ រឿងនេះ រឿងនោះ ទាំងដែលមិនមានអ្នកណាមកធ្វើទុក្ខនោះៗឲ្យយើងផង ៕ សាន សារិន
ចែករំលែកព័តមាននេះ