កីឡា​ជិះសេះ​កម្ពុជា ត្រូវការ​ទាំង​ធនធាន​កីឡាករ ទាំង​សេះ​ថ្មី​សម្រាប់​ស៊ី​ហ្គេ​ម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កីឡា​ជិះសេះ​កម្ពុជា ត្រូវការ​ទាំង​ធនធាន​កីឡាករ ទាំង​សេះ​ថ្មី​សម្រាប់​ស៊ី​ហ្គេ​ម

2 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ខុស​ពី​សហព័ន្ធ​កីឡា​ផ្សេង​ទៀត​ដែល​ខ្វល់​តែ​បណ្ដុះបណ្ដាល​កីឡាករ​កីឡាការិនី​តែ​មួយ​មុខ សហព័ន្ធ​កីឡា​ជិះសេះ មិនមែន​គ្រាន់តែ​ពិបាក​ក្នុង​ការ​ពង្រឹង​កីឡាករ​ដើម្បី​បំពេញតម្រូវការ និង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ខ្វាយ ខ្វល់​ក្នុង​ការ​ស្វែងរក​ថវិកា​ក្នុង​ការ​ទិញ​សេះ​ល្អ​ៗ​ឱ្យ​បាន​ច្រើន និង​ត្រូវ​បង្ហាត់​សេះ​ទាំងនោះ ដើម្បី​បម្រើ​ឱ្យ​វិស័យ​កីឡា​មួយ​នេះ​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​សហព័ន្ធ​កីឡា​ផ្សេង​ទៀត​ដែល​ខ្វល់​តែ​បណ្ដុះបណ្ដាល​កីឡាករ​កីឡាការិនី​តែ​មួយ​មុខ សហព័ន្ធ​កីឡា​ជិះសេះ មិនមែន​គ្រាន់តែ​ពិបាក​ក្នុង​ការ​ពង្រឹង​កីឡាករ​ដើម្បី​បំពេញតម្រូវការ និង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ខ្វាយ ខ្វល់​ក្នុង​ការ​ស្វែងរក​ថវិកា​ក្នុង​ការ​ទិញ​សេះ​ល្អ​ៗ​ឱ្យ​បាន​ច្រើន និង​ត្រូវ​បង្ហាត់​សេះ​ទាំងនោះ ដើម្បី​បម្រើ​ឱ្យ​វិស័យ​កីឡា​មួយ​នេះ​ផង​ដែរ​។

Picture

កីឡាករ​ជិះសេះ​វ័យក្មេង​ប្រមាណ​ជា​២០​រូប កំពុងតែ​ត្រូវ​បាន​បង្វឹក ហើយ​កីឡាករ​ផ្សេង​ទៀត​ក៏​កំពុង​ត្រូវ​បាន​បណ្ដុះ​ផង​ដែរ ខណៈ​ដែល​អ្នក​ទាំងនោះ គឺ​មាន​សមត្ថភាព​កាន់តែ​ល្អ​ក្នុង​ការ​ជិះសេះ ហើយ​ភាព​ក្លាហាន​របស់​ពួក​គេ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ជិះសេះ នា​ពេល​កន្លង​មក​តាម​រយៈ​ការ​ប្រឡង គឺ​កាន់តែ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​គឺជា​ធនធាន​ដ៏​ល្អ និង​មាន​លទ្ធភាព​ច្រើន​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣​។

Picture

លោក ហ៊ូ​យ សុ​ផា​រិ​ទ្ធ ជា​គ្រូបង្ហាត់​ជិះសេះ ដល់​ក្មេង​ៗ ដែល​បាន​មក​ចូលរួម​ការ​ប្រកួត នេះ បាន​ឲ្យ​ដឹង​ថា កីឡា​ជិះសេះ​នេះ​មិន​ទាន់ មាន​ប្រជាប្រិយភាព​នៅឡើយ​ទេ​សម្រាប់ ប្រទេស​កម្ពុជា ដោយសារ​មនុស្ស​ភាគច្រើន​យល់​ថា កីឡា​មួយ​នេះ​ប្រឈម​គ្រោះថ្នាក់ ហើយ​ក៏​ពិបាក​ផង​ដែរ​ក្នុង​ការ​ទាក់ទាញ​ឱ្យ​អ្នក​ស្រឡាញ់​កីឡា​នេះ​ចង់​ប្រឡូក ។ យ៉ាងណាមិញ​លោក​ថា យុវវ័យ​ក្មេង​ៗ​គឺ​នៅ​តែ​ទទួលយក​ការ​បណ្ដុះ​បណ្ដាល​កីឡា​នេះ ដោយ​ក្នុង​រយៈពេល​ក្រោយ​ៗ គឺ​អ្នក​មក​ហាត់​ជិះសេះ ហើយ​មាន​ចំណូលចិត្ត​ក៏​បន្ត​ធ្វើ​ជា​កីឡាករ ។ លោក​ថា «​បើ និយាយ​រឿង​កីឡា​ប្រភេទ​នេះ គេ​មិនសូវ​ចូល ចិត្ត​ទេ តែបើ​និយាយ​រឿង​ប្រណាំង​ដាក់​លុយ អាហ្នឹង​មាន​ប្រជាប្រិយភាព​វិញ តែ​ការ​ប្រណាំង ដែល​មាន​គេ​ចាក់​ភ្នាល់​ហ្នឹង គឺ​អត់​នៅ​ក្នុង​ក្រប ខណ្ឌ​កីឡា​ទេ គឺ​គេ​ប្រណាំង​ដើម្បី​ស្ទាបស្ទង់​សេះ និង​កីឡាករ ហើយ​ក៏​មានការ​ភ្នាល់ ដែល​នោះ​គឺ​វា​ពាក់ព័ន្ធ​នឹង​ការ​លេង​ល្បែងស៊ីសង និង​ការ ប្រថុយ » ។

Picture

លោក ហ៊ូ​យ សុ​ផា​រិ​ទ្ធ បន្ត​ថា សម្រាប់ កីឡា​ជិះសេះ​នេះ ខាង​សហព័ន្ធ​កីឡា​ជិះសេះ កម្ពុជា​បាន​និង​កំពុង​ខិតខំ​ពង្រឹង​និង​អភិវឌ្ឍ​កីឡា ជិះសេះ​ឲ្យ​មានការ​រីក​ចម្រើន ដើម្បី​ត្រៀម​ជា ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម ២០២៣ ព្រោះថា វិញ្ញាសា​ជិះសេះ​នេះ ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល ទៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​នេះ​ដែរ ។ ហើយ​អ្វី​ដែល​យើង​ត្រូវ​គិតគូរ​ក្រៅពី​កីឡាករ គឺ​ត្រូវ​មាន​សេះ​ដែល​មានគុណ​ភាព មាន​ស្ដង់ដា និង​គ្រប់គ្រាន់​ផង​ដែរ​។ អតីត​គ្រូ​ជម្រើសជាតិ និង​ជា​គ្រូបង្វឹក​សិស្ស​នៅ​ក្លិប​ជិះសេះ​CCC រូប​នេះ បន្ត​ថា មក​ដល់​ពេល​នេះ ក្លិប​របស់​លោក​បាន​នាំ​ចូល​សេះ​ថ្មី​មក​ពី​បរទេស​ចំនួន​៤​ក្បាល ដោយ​ក្នុង​ចំណោម​សេះ​ថ្មី​ទាំងនោះ គឺ​មាន​សេះ​ខ្លះ​ត្រូវ​បាន​បង្វឹក​រយៈពេល​១​ឆ្នាំ​រួច​មក​ហើយ និង​ខ្លះ​ទើបតែ​បាន​ប៉ុន្មាន​ខែ តែ​សេះ​ទាំងនេះ គឺ​តម្រូវ​ឱ្យ​យក​មក​បង្វឹក​នៅ​ក្នុង​ក្លិប​បន្ថែម​ទៀត ដោយ​សេះ​ទាំងនេះ ក៏​នឹង​រួមចំណែក​ឱ្យ​សហព័ន្ធ​មាន​សេះ​គ្រប់គ្រាន់​សម្រាប់​ការ​ហ្វឹកហាត់​ផង​ដែរ ។ ក្លិប​មាន​គម្រោង​បន្ត​ទិញ​សេះ​ធំ​ៗ យក​មក​កម្ពុជា​បន្ថែម​ទៀត ដោយ​តាម​គម្រោង​គឺ​នឹង​អាច​នាំ​ឱ្យ​គ្រប់​ចំនួន​ពី​២០​ទៅ​៣០​ក្បាល ទើប​អាច​ឱ្យ​កម្ពុជា​មាន​សេះ​គ្រប់គ្រាន់​ដើម្បី​ហ្វឹកហាត់ និង ដើម្បី​អាច​ទទួល​ស៊ី​ហ្គេ​ម​បាន ។ ប៉ុន្តែ​បញ្ហា​នេះ ក៏​ជា​កង្វល់​ផង​ដែរ ដោយសារ​តែ​សេះ​ដែល​ក្លិប ក៏​ដូច​ជា​សហព័ន្ធ​ត្រូវការ គឺ​មាន​តម្លៃ​ខ្ពស់ ហើយ​បើ​សេះ​ដែល​មានការ​បង្វឹក​កាន់តែ​ល្អ​គឺ​កាន់តែ​ថ្លៃ​។

Picture

លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ កីឡា​ជិះសេះ​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា សព្វ ថ្ងៃនេះ សម្រាប់​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា នៅ​ក្នុង​ពេល​នេះ គឺ​មាន​លទ្ធភាព​គ្រប់គ្រាន់​ហើយក្នុង​ការ​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស តែ​នៅ​មិន​ទាន់​មាន​សមត្ថភាព​នាំ​យក​សេះ​ដែល​ថ្នឹក​នឹង​កីឡាករ យក​ទៅ​ជាមួយ​នោះ​ទេ គឺ​បាន​ត្រឹមតែ​ជួល​សេះ​របស់​ម្ចាស់ផ្ទះ ដើម្បី​ឱ្យ​កីឡាករ​ជិះ​ប្រកួត​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ទើប​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ គឺ​កម្ពុជា​រំពឹង​ច្រើន​ដោយសារ​តែ​កីឡាករ​របស់​កម្ពុជា ត្រូវ​ជិះសេះ​ដែល​ខ្លួនឯង​ធ្លាប់​ជិះ​មិន​ពិបាក​ដូច​ជួល​សេះ​គេ​ប្រកួត​។

Picture

លោកស្រី​បន្ត​ថា​៖«​យើង​ត្រូវការ​បន្សាំ​កីឡាករ​វ័យក្មេង​ទាំងនេះ​ឲ្យ​ហើយ ដោយ​បច្ចុប្បន្ន នេះ យើង​ឲ្យ​ពួក​គេ​ជិះសេះ ហើយ​ផ្លោះ​របង ត្រឹមតែ​កម្ពស់​ល្មម​មួយ ដែល​ស័ក្ដិសម​នឹង​វ័យ របស់​ពួក​គេ ប៉ុន្តែ​នៅ​ពេល​ប្រកួត​ក្នុង​កីឡា​ស៊ី ហ្គេ​ម ការ​លោត​ផ្លោះ​នឹង​កាន់តែ​ខ្ពស់​ជាង​នេះ​ទៀត ។ ដូចនេះ វា​មិនមែន​ជា​ការ​ងាយស្រួល នោះ​ទេ ។ ម្យ៉ាងទៀត យើង​មាន​ពេលវេលា មិន​ច្រើន​ទេ ដូច្នេះ​យើង​ត្រូវ​តែ​ប្រឹងប្រែង​បង្វឹកកីឡាករ​វ័យក្មេង​ទាំងនេះ​ឲ្យ​ខ្លាំង​ដើម្បី​អាច​ឲ្យ​ពួក​គេ​មានឱកាស​ចូលរួម​ការ​ប្រកួត​ដ៏​ធំ​នេះ​បាន »​។

Picture

ទោះបីជា​នៅ​កម្ពុជា មិន​ទាន់​មានការ ពេញ​និយម​ខ្លាំង​ចំពោះ​កីឡា​ជិះសេះ​មែន តែ​ប្រធាន​សហព័ន្ធ​កីឡា​ជិះសេះ​កម្ពុជា​រូប​នេះ ចង់ ឱ្យ​មាន​ការ​លើកកម្ពស់​កីឡា​នេះ តាម​រយៈ​ការ បញ្ជ្រាប​ចូល​ក្នុង​វិស័យ​ទេសចរណ៍ ដោយ លោកស្រី​បាន​លើក​ឧទាហរណ៍​ថា បើសិនជា នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា​មានការ​ជិះសេះ​កម្សាន្ដ អ្នកស្រី​គិត​ថា ភ្ញៀវទេសចរ​ប្រហែលជា​ចាប់អារម្មណ៍​ជាង​ការ​ប្រើ​មធ្យោបាយ​យានយន្ត​ផ្សេង​ៗ ថែម​ទាំង​អាច​ធ្វើ ឲ្យ​កីឡា​នេះ កាន់តែ​មាន​ប្រជាប្រិយភាព​ផង ដែរ ៕

Picture
Picture