រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀង អ្នកនាង ប៊ូ ស្រីរ័ត្ន ឬនី រ័ត្ន បានបង្ហាញតម្រុយពីការត្រៀមវិលត្រឡប់មកកាន់អាជីពចម្រៀងជាថ្មីឡើងវិញ បន្ទាប់តារារូបនេះបានកាត់ផ្តាច់អាជីពសិល្បៈរបស់ខ្លួនអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងពេលដែលនាងបានកសាងគ្រួសារ ហើយទៅរស់នៅជាមួយស្វាមីនៅឯបរទេស។
បន្ទាប់ពីសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងបុរសអានិកជនខ្មែរនៅអូស្ត្រាលី ហើយទទួលបានចំណងដៃកូនប្រុសម្នាក់រួចមកនោះ នីរ័ត្ន ហាក់មិនសូវបាននឹកនានៅក្នុងអាជីពចម្រៀងរបស់នាងជាថ្មីនៅក្នុងពេលណាមួយវិញនោះឡើយ ខណៈពេលដែលនាងកំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារនៅក្រៅប្រទេស។
យ៉ាងណា បើទោះបីជានាងនៅមិនទាន់មានឱកាសវិលមកកាន់ក្បាលមេក្រូជាថ្មីឡើងវិញក៏ដោយ ប៉ុន្តែតារារូបនេះក៏ហាក់មិនបានទៅណាឆ្ងាយពីវិស័យចម្រៀងនេះឡើយ ពោលគឺជារឿយៗគេតែងតែសង្កេតឃើញនាងតែងតែបង្ហោះបទចម្រៀងចាស់ៗរបស់នាងជាបន្តបន្ទាប់។
ប្រិយមិត្តដែលធ្លាប់គាំទ្រនូវបទចម្រៀងរបស់នាងនៅតែទន្ទឹងរង់ចាំពីការវិលត្រឡប់មកកាន់អាជីពចម្រៀងរបស់នាងជាថ្មីឡើងវិញ នៅក្នុងអំឡុងពេលណាមួយ បើទោះបីជាពេលនេះ នាងបាននិងកំពុងផ្ញើវាសនាក្នុងជីវភាពថ្មីនៅឯនាយសមុទ្រជាមួយគ្រួសារក៏ដោយ។
ទោះជាយ៉ាងណា នៅក្នុងពេលថ្មីៗនេះ នី រ័តុ្ន បានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តគាំទ្ររបស់នាងមានការចាប់អារម្មណ៍ ក្នុងពេលដែលនាងបានបង្ហាញតម្រុយពីគោលបំណងនៃការវិលត្រឡប់មកកាន់អាជីពចម្រៀងជាថ្មីឡើងវិញ ក្រោយបោះបង់អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើយោងតាមអ្វីដែលតារារូបនេះបានបង្ហោះរូបភាពមួយសន្លឹករបស់នាងក្នុងបន្ទប់ថតសម្លេង អមជាមួយនឹងសារខ្លីមួយនៅលើគណនេយ្យហ្វេសប៊ុករបស់នាងនោះបញ្ជាក់ថា ជាក្ដីស្រលាញ់ដែលខ្ញុំមិនបោះបង់អ្នកចោលទេ ដែលសារមួយឃ្លានេះបង្ហាញថា នាងទំនងជាអាចនឹងវិលមកអាជីពចម្រៀងរបស់នាងនៅក្នុងអំឡុងពេលណាមួយជាក់ជាមិនខានឡើយ។ ជាការកត់សម្គាល់ បន្ទាប់ពី នីរ័ត្ន បានបង្ហោះសារខាងលើនេះហើយ គេសង្កេតឃើញប្រិយមិត្តគាំទ្ររូបនាងបានសម្តែងការអបអរ និងគាំទ្រចំពោះការសម្រេចវិលមកអាជីពចម្រៀងរបស់នាងជាថ្មីឡើងវិញ នៅក្នុងអំឡុងពេលណាមួយ ខណៈពេលបទចម្រៀងរបស់នាងខ្លះនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រិយមិត្តអ្នកស្តាប់នៅឡើយ។
គួបញ្ជាក់ថា តារាចម្រៀង នីរ័ត្ន បានភ្ជាប់ពាក្យជាមួយប្រុសអាណិកជនខ្មែរមកពីអូស្ត្រាលី កាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១៨ ហើយនាងមិនទាន់កំណត់ពេលវេលារៀបការច្បាស់លាស់នោះទេ ប៉ុន្តែនាងនិងស្វាមីបានរៀបចំពិធីមង្គលការតាមបែបបច្ចឹមប្រទេស ដោយបានសម្រេចរស់នៅជាមមួយគ្នា ដែលមកទល់ពេលនេះពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់រួចហើយ ។
គេនៅចាំបានថា អនាគតស្វាមីរបស់ នីរ័ត្ន បានលង់ស្នេហ៍នាង និងមានទំនាក់ទំនងស្នេហាជាមួយគ្នា អំឡុងពេលដែល នីរ័ត្ន ចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ជាមួយតារាចម្រៀង ម៉ៅ ហាជី កាលពីដើមឆ្នាំ២០១៨។ ក្រោយពីនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសអូស្ត្រាលីនិងបានរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយនៅប្រទេសអូស្ត្រាលីនោះមក តារារូបនេះក៏មិនបាននឹកនាវិលមកអាជីពចម្រៀងរបស់នាងឡើងវិញនោះឡើយ៕
ចែករំលែកព័តមាននេះ