រាជធានីភ្នំពេញ ៖ អ្នកដាំស្វាយបានរងគ្រោះដោយសារគ្មានទីផ្សារទិញ ។ អ្នករងគ្រោះ មានពីកសិករធម្មតារហូតដល់សេដ្ឋីកសិកម្មនៅពេលនេះ ។ នៅពេលស្វាយអោយផលឲ្យគ្រប់កន្លែង តែបើជាគ្មានទីផ្សារទទួលទិញនោះ ។ លោកឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងជាសេដ្ឋីកសិកម្មដ៍ធំនៅស្រុកខ្មែរផង បាននិយាយថាដោយសារមិនអាចនាំស្វាយទៅអឺរ៉ុបបានដូចរាល់ឆ្នាំពីព្រោះជំងឺកូវីដ ១៩ នៅឆ្នាំនេះលោកនឹងសល់ស្វាយគ្មានទីផ្សារប្រមាណ ៣០០តោន ។
លោកបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា «ល្ងាចនេះប្រមូលផលផ្លែស្វាយកែវរមៀតយកទៅអោយសត្វសុីវិញម្តង ដែលកន្លងទៅពេលនេះយេីងកំពុងតែប្រមូលផលនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវិដ-១៩ ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង» ។
ជាមួយរូបភាពបង្ហាញពីចម្ការស្វាយ និងផ្លែស្វាយដែលលោកបានបេះយកទៅឲ្យសត្វចិញ្ចឹម របស់លោកស៊ីនោះ សេដ្ឋីម៉ុង ឬទ្ធីបានសសេរបន្តថា «ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមានចំនួន ៥០.០០០ដេីម អាចប្រមូលផលបាន ប្រមាណជា 300 Ton (បីរយតោន) ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិនអាចស៊ីអស់ទេមានចំនួនច្រើនខ្លាំងណាស់» ។
មិនមែនមានតែលោកឧកញ៉ា ម៉ុង ឬទ្ធី នោះទេ ដែលមិនអាចលក់ស្វាយចេញ កសិករអ្នកដាំស្វាយជាទូទៅបានសោកស្តាយជាខ្លាំងនៅពេលដែលស្វាយធ្លាក់ថ្លៃនិងគ្មានទីផ្សារបែបនេះ ។ អ្នកដាំស្វាយជាច្រើន បេះស្វាយចាក់ជាគំនរ ថតបង្ហោះលេងដោយសារពួកគាត់បញ្ជាក់ថា «ពេលនេះបើចង់យំក៍យំមិនចេញដែរ» ។ កសិករម្នាក់នៅខេត្តកំពង់ចាម ថាស្វាយរបស់គាត់ក្នុងដីទំហំជាង ២ហិកតា គាត់បានទុកឲ្យវាជ្រុះចោល ។ លោកស្រីថាគ្មានអ្នកទិញទេ ហើយបើបេះយកមកផ្ទះ មិនដឹងថាយកមកធ្វើអ្វី ហូបមិនទាន់ហើយម្នាក់ៗនៅក្នុងតំបន់គាត់ដាំស្វាយគ្រប់គ្នា ។
ប្រឈមតម្លៃស្វាយធ្លាក់ចុះថ្លៃខ្លាំង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យកសិករអ្នកដាំស្វាយ ទៅចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់ការនាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាពនិងគុណភាពផ្លែស្វាយតាមស្តង់ដារ ព្រមទំាងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទាំនក់ទំនងជាមួយក្រុមក្នុងស្រុក និងក្រៅស្រុកដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មនៅពាក់កណ្តាលកុម្ភៈនេះបានបញ្ជាក់ថា តម្លៃស្វាយប្រែប្រួលមិនទៀតទាត់ ទៅតាមរដូវកាល ទំហំផ្គត់ផ្គង់ តម្រូវការទីផ្សារជាដើម ។ ក្រសួងបានបញ្ជាក់ថាខ្លួនបានខិតស្វែងរកទីផ្សារឲ្យកសិករយ៉ាងខ្លាំងនាពេលកន្លង ក្នុងនោះបានចរចាជាមួយសាធារណរដ្ឋកូរ៉េ ចិន និងជប៉ុនជាដើម ។ ប៉ុន្តែការនាំស្វាយទៅកាន់ទីផ្សារអន្តរជាតិ ត្រូវគោរពតាមលក្ខណ្ឌតម្រូវភូតគាមអនាម័យ ប្រទេសនាំចូល ។ ការងារនីតិវិធីក្រសួងបានធ្វើជាមួយប្រទេសទាំងនោះខ្លះ ហើយចំនុចខ្លះកំពុងដំណើរការ ។ បើតាមក្រសួងថា ទីផ្សារអន្តរជាតពិសេសនៅប្រទេសចិនតម្លៃស្វាយបានធ្លាក់ចុះ ដោយក្នុងមួយគីឡូក្រាមថ្លៃជាងមួយដុល្លារបន្តិចបន្តួចប៉ុណ្ណោះ ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានឲ្យដឹងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណៈស្រស់ និងក្រៀម ។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហិកតាផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន ១៦តោនក្នុងមួយហិកតានៅមួយរដូវ ដែលមានបរិមាណផលសរុបចំនួន១ ៤៤៨ ៦៧៧តោន ។
កសិករខ្លះបានទទួចដល់រដ្ឋាភិបាលពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរមានវិធានការណាមួយ ដែលអាចជួយពលរដ្ឋមិនឲ្យខាតបង់ធ្ងន់ធ្ងរពេក ដូចជាជួយទិញស្វាយពលរដ្ឋយកទៅកែច្នៃធ្វើជាអ្វីផ្សេងៗ ជាដើមនោះ ៕
ចែករំលែកព័តមាននេះ