តាមពិត ឈិន មុនីនាថ ដែលកំពុងវាយលុកសិល្បៈគឺជាកូនស្រីតារាជើងចាស់ម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កញ្ញា ឈិន មុនីនាថ ដែលគេធ្លាប់ស្គាល់ស្នាដៃសម្តែងរឿង «អ្នកម្តាយវ័យក្មេង» ការណ៍ពិតជាកូនស្រីរបស់ឈិន កុសល តារាចម្រៀងជើងចាស់ និងជាក្មួយឈិន សុធារី។
ទស្សនិកជន គ្រាន់តែដឹងរឿងនេះ ភ្ញាក់ផ្អើលណាស់ ព្រោះ មុនីនាថ បានសាងស្នាដៃសិល្បៈ ជាពិសេសការសម្តែងដែលអ្នកណាក៏លាន់មាត់ថា ប៉ិនប្រសព្វ អនាគតតារាសម្តែងលំដាប់ប្រទេស។
ឈិន មុនីនាថ ពេលធ្លាយដំណឹងថា ជាកូនស្រីច្បងឈិន កុសល ទើបគេចាប់អារម្មណ៍ថា នាងមានមុខដូច ប៉ាៗឈិន កុសល។ បើនិយាយពីរូបសម្រស់នាងវិញ សាច់សហ្មត់ ផ្ទៃមុខមូលក្រឡង់ ស្នាមញញឹមទាក់ចិត្ត។ រីឯការសម្តែងវិញ ពោរពេញទៅដោយសមត្ថភាព ពិសេសតួកម្សត់យំហូរទឹកភ្នែក បើកាចក៏ឆ្នាស់ឆ្នើមដល់ចំណុច។ បែបនេះហើយ ទើបនាង គ្រងតំណែងតួឯក បានជាច្រើនរឿងមកហើយ។

សព្វថ្ងៃនេះ ឈិន មុន្នីនាថ ក៏មានជំនួញក្នុងដៃផងដែរ ជាទូតសុឆន្ទៈ និងជាតំណាងចែកចាយផលិតផលថែរក្សារបស់តារាសម្តែងស្រី កញ្ញា ឌួង ម៉ានិច្ច ថែមទៀតផង។ ហើយឆ្នាំនេះ ឈិន មុន្នីនាថ មានអាយុ១៨ឆ្នាំ នាងក្រសោបបានទីផ្សារការងារសិល្បៈជាច្រើន ដោយសារតែទេពកោសល្យដ៏ប៉ិនប្រសព្វរបស់នាង មិនថាការសម្តែង ការថតម៉ូដ ការច្រៀង គឺកញ្ញាសុទ្ធសឹងតែធ្វើបានល្អទាំងអស់។
តារាស្រីរូបនេះ កាន់តែល្បីល្បាញខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈភាពយន្តរឿងភាគ និងការច្រៀងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកជាបន្តបន្ទាប់។ មិនដឹងថា លោកកុសល ជាឪពុក និងអ្នកនាងឈិន សុធារី រីករាយបែបណាទេ ដែលបានកូនក្មួយស្នងវេន ហើយកំពុងទាញប្រជាប្រិយភាព។

















ចែករំលែកព័តមាននេះ