ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការដ្ឋាននគបាលខេត្ត បានដឹកនាំមន្ត្រីនគបាលនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២១ ដោយមានលោកស្នងការរង នាយការិយាល័យ និងមន្ត្រីនគបាលសរុប៥០រូប។
ក្នុងខណៈនោះដែរលោកស្នងការកឹង ឃន ក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតផ្តល់វ៉ាក់សាំងកូវីដ-១៩ដើម្បីចាក់វ៉ាក់សាំងជូនមន្ត្រីនគបាលជាតិ ជាពិសេសនគបាលខេត្តស្វាយរៀងការពារការឆ្លងជម្ងឺកូវីដ-១៩ ដើម្បីឲ្យកម្លាំងនគរបាលជាតិមានសុខភាពល្អ ក្នុងការចូលរួមការពារសុវត្ថិភាពនិងអន្តរាគមន៍ជួយប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិតកែរ រដ្ឋា បានថ្លែងថា នេះគឺអនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងកូ-វីដ១៩ចំនួន៣,០០០ដូស ត្រូវបានក្រសួងសុខាភិបាលបញ្ជូនមកកាន់ខេត្តស្វាយរៀង ដោយអនុញ្ញាតឲ្យចាក់ទៅលើមន្ត្រីសុខាភិបាល និងកម្លាំងនគរបាលខេត្ត ដែលមានមន្ទីរពេទ្យចំនួន៦ សម្រាប់ពិគ្រោះ និងចាក់វ៉ាក់សាំងនេះ លចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ។
លោកវេជ្ជបណ្ឌិតបន្តទៀតថា មន្ទីរសុខាភិបាលបានជូនដំណឹងដល់ប្រធានមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល មន្ទីរពេទ្យខេត្តរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្លាំងនគរបាល និងមន្ត្រីសុខាភិបាលនៅដំណាក់កាលទី១ និងជួយផ្ដល់ដំណឹង ដល់មន្ត្រីសុខាភិបាល មន្ត្រីជាប់កិច្ចសន្យា និងអ្នកបើកបរទាំងអស់ ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសុខាភិបាលរដ្ឋទាំងអស់ទូទាំងខេត្តឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តព្រមទាំងយក អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការទៅជាមួយផង។លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ទីតាំងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដមានចំនួន៦កន្លែង រួមមាន៖ ទី១-មន្ទីរពេទ្យខេត្តស្វាយរៀង ទី២-មន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី៣-មន្ទីរពេទ្យបង្អែកស្វាយទាប ទី៤-មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ទី៥-មន្ទីរពេទ្យបង្អែកជីភូ និងទី៦មន្ទីរពេទ្យបង្អែករមាសហែក។
លោកវេជ្ជបណ្ឌិតបញ្ចាក់ថា «ការចាក់វ៉ាក់សាំងនេះ អាចមានលទ្ធភាពចាក់ជូនមន្ត្រីនគរបាលចំនួន៥០នាក់ និងមន្ត្រីសុខាភិបាលចំនួន៥០នាក់យ៉ាងច្រើនបំផុត ក្នុងមួយកន្លែងក្នុងមួយថ្ងៃ ដូច្នេះដើម្បីកុំឲ្យមានការរង់ចាំយូរ និងខាតពេលវេលាធ្វើការងារ គឺបានបែងចែកវេនទៅចាក់វ៉ាក់សាំងការពារកូវីដ តាមទីតាំង៦កន្លែង ដែលស្ថិតនៅជិតបំផុតក្នុងមួយថ្ងៃ៥០នាក់ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ និងរហូតដល់អស់អ្នកស្ម័គ្រចិត្តចាក់តែម្តង»ហើយកាលពីថ្ងៃទី២២កុម្ភៈ មានមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានមកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩១៨នាក់ស្រី២នាក់លទ្ធផលចាក់បាន១៧នាក់ (ស្រី២នាក់) ក្នុងនោះម្នាក់គ្រូពេទ្យមិនអនុញ្ញាតិដោយមានអាការអាឡែកហ្ស៊ីច្រមុះ ហើយបុគ្គលិកមន្ទីរពេទ្យខេត្តស្វាយរៀងសរុប២៣២នាក់។
លោកឧត្តមសេនីយ៍កឹង ឃន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបានមានប្រសាសន៍ថា នៅថ្ងៃទី២៣ កុម្ភៈ នេះ គឺចាក់វ៉ាក់សាំងដល់មន្ត្រីនគបាលខេត្តស្វាយរៀង៥០រូប ហើយមន្ត្រីនគបាលបម្រើការងារនៅស្នងការដ្ឋាននគបាលខេត្តមានចំនួន៤១៩នាក់ស្រី៦៩នាក់គឺត្រូវចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី២៣កុម្ភៈរហូតដល់ថ្ងៃទី៤ខែមិនា២០២១ ចំពោះនៅតាមបណ្តាស្រុកក្រុងទាំង៨គឺទៅចាក់វ៉ាក់សាំងតាមមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតនៃស្រុកក្រុងនោះ។ លោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបានចាក់វ៉ាក់សាំងជំហ៊ានទី១រួចហើយ ៕












ចែករំលែកព័តមាននេះ