រាជធានីភ្នំពេញ ៖ ឈិន សុធារី បានសម្ងំនៅស្ងៀមក្នុងជីវិតឯកជន តាំងពីស្នេហាមិនសមប្រកបជាមួយស្វាមីស្របច្បាប់អតីតតួសម្តែង។ អ្នកនាងរមែងបង្ហោះរឿងពិបាកចិត្ត ហើយក៏រំពឹងថា ថ្ងៃណាមួយជីវិតគូស្រកររបស់អ្នកនាងនឹងបានសមប្រកបដូចគេមិនខាន។
មានការផ្អើលឡើងថា ឈិន សុធារី ដែលនៅមេម៉ាយច្រើនឆ្នាំរបួសដួងចៃ ពេលនេះលេចឮថា មានគូស្នេហ៍ថ្មី។ ហើយបុរសរូបនោះបានបង្ហាញខ្លួនយ៉ាងរីកចិត្ត ព្រមទាំងបានជូនបាច់ផ្កាឱ្យនាងរំភើបទៀងផង។ ម្ល៉ោះហើយ រឿងនេះបានក្លាយទៅជាការតាមដានថ្មី១ទៀត។ រងារឯកាជាស្ត្រីមេម៉ាយកូនពីរអស់រយៈពេល៣ឆ្នាំ ពេលនេះអតីតពិធីការិនីមាឌតូចល្អិត ឈិន ចាន់ធារី បានចាប់ផ្តើមបង្ហាញមុខមាត់របស់ម្ចាស់ចិត្តថ្មីជាសាធារណៈហើយ។
ហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ គឺជាខួបកំណើតរបស់ ឈិន សុធារី ក្រៅពីទទួលបាននូវពាក្យពេចន៍ជូនពរពីសំណាក់មិត្តភក្តិជាច្រើន ឈិន ធារី ក៏ទទួលបានការនូវពាក្យជូនពរយ៉ាងពិសេសពីបុរសសង្ហារម្នាក់ ដែលស្តាប់ហើយពិតជារំភើប។
សារនោះមានអត្ថន័យថា៖ «រីករាយថ្ងៃខួបកំណើតរបស់ អូនធារី ជូនពរអូនជួបតែសេចក្ដីសុខ ជួបតែសុភមង្គលក្នុងគ្រួសារ សម្រស់កាន់តែស្រស់ស្អាត មានសុខភាពល្អ ជោគជ័យនៃការងារ។ មានសំណាងល្អគ្រប់ពេលវេលា មានមនុស្សស្រឡាញ់កាន់តែច្រើន ឈ្នះអស់មារសត្រូវ អ្នកចង់ចងពារឱ្យក្លាយជាមិត្តភាព ជាពិសេសក្ដីប្រាថ្នារបស់អូនឱ្យបានសម្រេចបំណងផង»។
សម្រាប់ឆ្នាំនេះ គឺជាឆ្នាំពិសេសរបស់ ឈិន សុធារី ដែលបានទទួលភាពផ្អែមល្ហែម និង ហ៊ានបង្ហាញជាសាធារណៈ ក្រោយនាងបានចែកផ្លូវជាមួយអតីតស្វាមីលោក សុវណ្ណ មករា រយៈពេល៣ឆ្នាំមកហើយ ដោយបន្សល់កូនភ្លោះ២នាក់ជាចំណងដៃ។
ពេលនេះ ឈិន សុធារី លែងចាប់អារម្មណ៍ជាមួយនឹងការងារសិល្បៈហើយ ដោយនាងងាកចាប់អាជីពរកស៊ីវិញម្តង ដែលពេលនេះនាងក៏ជាម្ចាស់អាហារដ្ឋានមួយដែលមានទីតាំងនៅម្តុំព្រែកលាភ ។ មហាជនមានការជូនពរឱ្យឈិន សុធារីឆាប់ បានដឹកដៃគូស្នេហ៍ថ្មីរៀបការ ប្រសិនបើនោះជាការណ៍ពិតមែន ហើយរំពឹងថា នោះជាស្នេហាអមតៈលែងជារឿងតោះតើយដូចមុន។ ជាស្នេហាចុងក្រោយដែលនាងជ្រើសរើស។