ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីឈ្មួញរំដោះឈើចេញអស់មួយចំនួន ទើបមន្ត្រីរដ្ឋបាល​ព្រៃឈើ ចុះចាប់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងផ្នែករដ្ឋបាលព្រៃឈើ ស្រុកក្រឡាញ់ បាន​បង្ក្រាបករណីស្តុកឈើធ្នង់អារ ប្រភេទឈើប្រណិត​ ល្មើសច្បាប់មួយកន្លែងនិងរឹបអូស​បាន​ជាង ១០០ដុំ។ ប៉ុន្តែក្នុងករណីនេះ ត្រូវបានក្រុមឈ្មួញរំដោះឈើចេញអស់មួយចំនួន…

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងផ្នែករដ្ឋបាលព្រៃឈើ ស្រុកក្រឡាញ់ បាន​បង្ក្រាបករណីស្តុកឈើធ្នង់អារ ប្រភេទឈើប្រណិត​ ល្មើសច្បាប់មួយកន្លែងនិងរឹបអូស​បាន​ជាង ១០០ដុំ។ ប៉ុន្តែក្នុងករណីនេះ ត្រូវបានក្រុមឈ្មួញរំដោះឈើចេញអស់មួយចំនួន ដោយសារសមត្ថកិច្ច​យឺតយ៉ាវពេក។

​​ហេតុការណ៍បង្ក្រាបឈើនេះ បានធ្វើឡើង នៅម៉ោង ១៤ និង ២០នាទី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០​២១ ស្ថិតនៅភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

​សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកសារព័ត៌​មានមួយក្រុម បានប្រទះឃើញទីតាំងស្តុកឈើធ្នង់អាររួច ប្រមាណជាជិត ៥ម៉ែត្រគូបដែលក្រុមឈ្មួញដឹកតាមរថយន្តកាមរី ៩៥ កែច្នៃ យកមកស្តុកទុក នៅទីតាំងខាងលើ  រួចគេដឹកចេញយកមកចែកចាយ​នៅស្រុកក្រឡាញ់ និងស្រុកពួក។

ប្រភពបន្តថា ក្រុមឈ្មួញជាច្រើននាក់ បានសម្រុកដឹកឈើប្រណិត ចេញតាមផ្លូវថ្មីពីស្រុកអន្លង់វែង ឆ្ពោះមកស្រុកវ៉ារិន រួចដឹកយកមកចែកចាយនៅស្រុកក្រឡាញ់ និងស្រុកពួក។

ប្រភពបន្ថែមថា បន្ទាប់ពីបានប្រទះ​ឃើញការដឹកជញ្ជូនឈើ ក្រុមអ្នកកាសែត ក៏បានរាយការណ៍ទៅកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប កាលពីថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនគេចអស់មួយចំនួនធំ ទើបនៅរសៀលថ្ងៃទី​២០ ខែកុម្ភៈ ក៏ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុក​ពួក និងសង្កាត់រដ្ឋបាលព្រៃឈើស្រុក​អង្គរជុំ ដឹកនាំដោយលោក ស៊ុ ធន់សុវទ្ធរិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ បានចុះបង្រ្កាបទីតាំង​សន្និធិ​ឈើអារ​ប្រណិត ប្រភេទ​ឈើធ្នង់​មួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ នោះតែម្តង។

សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ឈើធ្នង់ ដែលបង្ក្រាបបាននោះ មានចំនួន ១១២ដុំ ស្មើ ០,៧២០ម៉ែត្រគូប ហើយត្រូវបានដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃក្រឡាញ់ ដែលមានទីតាំងនៅស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។

​លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប  បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកុម្ភ:​ថា ការបង្ក្រាបបទល្មើសខាងលើ គឺ​ផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ សហការជាមួយ​សង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ និងសង្កាត់រដ្ឋបាលព្រៃឈើពួក នៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ លោកបានបញ្ជាក់ថា ឈើដែលសមត្ថកិច្ចជំនាញបានរឹបអូស បានគឺ ឈើប្រភេទធ្នង់ចំនួន១១២ដុំស្មើនឹង០,៧២០ ម៉ែត្រត្រីគុណ។ វត្ថុតាងខាងលើ បានផ្ញើរក្សា ទុក នៅសង្កាត់រដ្ឋបាលព្រៃឈើពួក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់ស្ដីពីព្រៃឈើ។

​ទោះបីយ៉ាងណា លោកនាយខណ្ឌ ពុំបានបង្ហាញថា ម្ចាស់ឈើ មានឈ្មោះអ្វី? ហើយមានទីលំនៅ​ឯណានោះឡើយ?

ជាមួយគ្នានោះ អតីតឈ្មួញ មួយរូប បានបង្ហើបថា ថ្វីត្បិតតែមួយរយ:កន្លងមក មានសភាពស្ងប់​ស្ងាត់ ប៉ុន្តែពេលនេះ សកម្មភាពដឹក​ជញ្ជូនឈើ ហាក់ចាប់កំរើកវិញទៀតហើយ ដោយ ក្រុមឈ្មួញប្រើរូបភាព​ជញ្ជូនពីព្រៃ តាមរយ:​គោយន្តកន្ត្រៃមកស្តុកទុក។ លុះពេលគ្រប់ចំនួន ទើបពួកគេ ដឹកចេញដោយរថយន្តស៊េរីទំនើប​៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ