ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនទី​2​ផ្ទាំង​របស់​បក្ស​សង្គ្រោះ​ជាតិ​យក​ជា​ផ្លូវការ​មិន​បាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​រក​«​ស​.​ខ្មៅ​»​ចំពោះ​ការ​លើក​ឡើង​របស់​មតិ​មួយ​ចំនួន​ថា រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ទៅ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា

រាជធានី​ភ្នំពេញ ៖ ការ​រក​«​ស​.​ខ្មៅ​»​ចំពោះ​ការ​លើក​ឡើង​របស់​មតិ​មួយ​ចំនួន​ថា រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ទៅ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ធ្វើការ​បង្ហាញ​និង​ផ្ទៀងផ្ទាត់​ផែនទីដែល​ទទួល​បាន​ពី​ភាគី​មួយ​ចំនួន ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ច្រានចោល​ផែនទី​២​ផ្ទាំង ដែល​ផ្តល់​ឱ្យ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ។

ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៤ សីហា នៅ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត​សុខ ទូច ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ បាន​លើក​ឡើង​ថា ក្រុមការងារ​របស់​លោក​បាន​ទទួល​ផែនទី​ចំនួន​២៦​ផ្ទាំង​ពី​រាជរដ្ឋាភិបាល ២៦​ផ្ទាំង​ពី​វិទ្យាស្ថាន​ភូមិសាស្ត្រ ជាតិ IGN បារាំង និង​២៦​ផ្ទាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង​ចំណោម​ផែនទី​នោះ​មាន​ផែនទី​របស់​រាជរដ្ឋាភិបាល និង​ផែនទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា​ចំនួន​២៤​ផ្ទាំង ។ ប៉ុន្តែ​ផែនទី​២​ផ្ទាំង របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​យក​ជា​មូលដ្ឋាន​គ្រឹះ​បាន​ទេ ព្រោះថា​មួយ​ផ្ទាំង​ជា​ផែនទី​ដែល​ចូល​ក្នុង​ទឹកដី​វៀតណាម និង​មួយ​ផ្ទាំង​ទៀត​ជា​ផែនទី​រួម ដែល​មិន​អាច​យក​ជា​ការ​បាន ។ 

លោក បណ្ឌិត សុខ ទូច បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រក​ផែនទី​ចំនួន​២​ផ្ទាំង​នោះ មក​បំពេញបន្ថែម ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​អង្គការសហប្រជាជាតិ ដែល​គ្រោង​ធ្វើការ​ផ្ទៀងផ្ទាត់ នៅ​ថ្ងៃ​ទី​២០​សីហា​ខាង​មុខ​នេះ ។

លោក​ថា ការ​បង្ហាញ​ផែនទី​នេះ​ដើម្បី​កុំ​ឲ្យ​អ្នកនយោបាយ ចេះ​តែ​យក​បញ្ហា​ព្រំដែន​ចោទ ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​កុំ​ឲ្យ​ប្រទេស​ជិតខាង​មើលងាយ​និង​សើចចំអក​ឲ្យ ។ ការ​បង្ហាញ​ផែនទី​នេះ ដើម្បី​ឲ្យ​មានការ​ឯកភាព​ជាតិ​មិន​ប្រកាន់​បក្សនយោបាយ ណាមួយ​នោះ​ទេ​ព្រោះ​ព្រំដែន​ជាតិ​តែ​មួយ ។

លោក​បញ្ជាក់​ពី​រឿង​បញ្ហា​ផែនទី​នេះ​ថា «​ទោះ​ចង់​ឬ​មិន​ចង់ យើង​មាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អាសនៈ​ក្នុង​សភា បាន​មក​ធ្វើ​ជា​សាក្សី​ថា​តើ​យើង​ខុស​ត្រង់​ណា ? តើ​អ្នក​ណា​ប្រើ​ផែនទី​ក្លែងក្លាយ យើង​ចង់​បញ្ចប់​ទាក់ទិន​នឹង​រឿង​ចម្រូងចម្រាស​គ្នា​ឲ្យ​អស់​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​អ៊ូ ច័ន្ទ​ឬ​ទ្ធិ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួលស្គាល់​ចំពោះ​ផែនទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រគល់​ជូន​រាជបណ្ឌិត្យសភា ដើម្បី​ស្រាវជ្រាវ​ថា មាន​លក្ខណៈ​ដូច​គ្នា​នឹង​ផែនទី​រាជរដ្ឋាភិបាល និង​ចំពោះ​ផែនទី​ពីរ​ផ្ទាំង ដែល​ក្រុមការងារ​ច្រានចោល​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ស្វែងរក​មក​ប្រគល់​ជូន​រាជបណ្ឌិត្យសភា​ឲ្យ​គ្រប់ ។

លោក​បន្ត​ថា កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​បាន​ចោទប្រកាន់​រាជរដ្ឋាភិបាល​ប្រើ ប្រាស់​ផែនទី​ក្លែងក្លាយ​នោះ​ទេ បើ​មាន​ក៏​វា​ជា​ការ​លើក​ឡើង​របស់​បុគ្គល​នោះ​ទេ ។

លោក សុខ ទូច បាន​មាន​ប្រសាសន៍​ទៀត​ថា ផែនទី​ដែល​ក្រុមការងារ​បាន​យក​មក​ផ្ទៀង ផ្ទាត់​គ្នា​នេះ សុទ្ធតែ​មាន​ត្រា​បញ្ជាក់​ទទួលស្គាល់​ច្បាស់លាស់ ពី​ការ​ផលិត​និង​ថែ្ង ខែ ឆ្នាំ ហើយ​ចំពោះ​ផែនទី​ដែល​ក្រុមការងារ​របស់​លោក ស៊ា ប៉េង​សែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ប្រចាំ​ប្រទេស​បារាំង​ប្រគល់​ឲ្យ​នោះ ក្រុមការងារ​របស់​លោក​មិន​បាន​យក​មក​ធ្វើការ​ផ្ទៀងផ្ទាត់​នោះ​ទេ ព្រោះថា គ្មាន​ការ​អនុញ្ញាត​ពី​លោក ស៊ា ប៉េង​សែ  ដែល​ខុស​នឹង​ក្រមសីលធម៌​របស់​អ្នក​ស្រាវជ្រាវ ។

លោក​បន្ថែម​ថា ចំពោះ​ផែនទី​ដែល​ក្រុមការងារ​ធ្វើការ​ផ្ទៀងផ្ទាត់​នឹង ប្រសិនបើ​មាន​ភាព​ដូច​គ្នា​នោះ ក្រុមការងារ​នឹង​យក​តាម​ផែនទី​រាជរដ្ឋាភិបាល ព្រោះថា​ផែន​នោះ​មានការ​ទទួល​ត្រឹមត្រូវ ។ សម្រាប់​ពេល​ដែល​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី ដែល​អង្គការសហប្រជាជាតិ​នឹង​ប្រគល់​ជូន​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ សីហា​ខាង​មុខ រួច ក្រុមការងារ​របស់​លោក​នឹង​ចុះ​ពិនិត្យ​តាម​ព្រំដែន​ជាក់ស្តែង​ថា មាន​ទឹកដី​ណាខ្លះ​បាន​បាត់បង់ ។​ប៉ុន្តែ​លោក​ថា​រាជរដ្ឋាភិបាល​នឹង​ធ្វើការ​បោះបង្គោល​ព្រំដែន​ជាមួយ​ភាគី​វៀតណាម ។

លោក ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ការ​បង្ហាញ​នោះ​មាន​ប្រសាសន៍​ថា លោក​ទទួល​ចំពោះ​ការ​ធ្វើ​បទ​បង្ហាញ របស់​ក្រុម​អ្នក​ស្រាវជ្រាវ​រាជបណ្ឌិត្យសភា ដើម្បី​កុំឱ្យ​មានការ​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ទៀត ។

ក្នុង​ស​ន្នី​សី​ទ​នោះ​ដែរ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ពី​ការ​ចង់​ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ​មាត្រា​២​ផង​ដែរ ប៉ុន្តែ​លោក​ថា មុន​នឹង​ឈាន​ដល់​វិសោធនកម្ម​ច្បាប់​នោះ ត្រូវ​មានការ​ឯកភាព​ពី​តំណាងរាស្ត្រ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​សិន ជាង​នេះ​គឺ​ត្រូវការ បោះបង្គោល​ព្រំដែន​ឲ្យ​រួច​សិន​ទើប​ធ្វើ​វិសោធនកម្ម​ជា​ក្រោយ​។

គួរ​បញ្ជាក់​ថា ផែនទី​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យក​មក​ផ្ទៀងផ្ទាត់ មាន​ពី​ភាគី​រាជរដ្ឋាភិបាល គណបក្ស​សង្គ្រោះ​ជាតិ វិទ្យាស្ថាន​ភូមិសាស្ត្រ​ជាតិ IGN បារាំង និង​អង្គការសហប្រជាជាតិ ។ ក្នុង​ការ​បង្ហាញ​នោះ មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា  គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​ព្រឹទ្ធសភា តំណាង​អង្គការ​សង្គម​ស៊ី​វិល ភាគី​ពាក់ព័ន្ធ និង​អ្នក​សារព័ត៌មាន​ច្រើន​ទៀត ដែល​ចង់​ដឹង​ពី​បញ្ហា​ផែនទី​ដែល​កំពុង​ឲ្យ​មាន​កម្តៅ​នយោបាយ នោះ​ផង​ដែរ ៕