ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង បន្តកាន់តំណែង ជាអភិបាល​រាជធានី​ភ្នំពេញ នៅអាណត្តិទី២

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី…

ភ្នំពេញ​៖ ក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​ តែងតាំង​ឯកឧត្តម ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃអគៈអភិបាលរាជធនីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល​។ លោក ឃួង ស្រេង បានកាន់តំណែង​អភិបាលរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៧។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានក្រាបបង្គំ​ទូលថ្វាយព្រះមហាក្សត្រ ដើម្បីចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​លោកឃួងស្រេង ឲ្យបន្តតំណែងជាអភិបាលរាជធានីភ្នំពេញ មួយអាណត្តិ​ទៀត​។

កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ​លោក​ ឃួង ស្រេង បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ កាលពី​​ខែមេសា ឆ្នាំ១៩៩៨ ​ជាមន្ត្រីសាលាខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ១៩៩៩-២០០៨ លោក ឃួង ស្រេង ជាអភិបាលរងខណ្ឌទួលគោក។

នៅឆ្នាំ២០០៨-២០០៩ លោកឃួងស្រេង ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​។ ចាប់ពីឆ្នាំ២០០៩-២០១២ លោក ឃួង ស្រេង ជាអភិបាលខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ២០១២-២០១៧ លោក ឃួង ស្រេង ជាអភិបាលរង រាជធានីភ្នំពេញ។ នៅខែមិថុនា ឆ្នាំ២០១៧ លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួស​លោក ប៉ា សុជាតិវង្ស។

​លោក ឃួង ស្រេង ដែលមានស្រុកកំណើត នៅ​​ភូមិ​រំលង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ បានបញ្ចប់ការសិក្សាមធ្យម​សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ សន្ធរម៉ុក ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ១៩៨៧​។

​ឆ្នាំ​១៩៨៨ – ​១៩៩២ បញ្ចប់​បរិញ្ញាប័ត្រវិស្វកម្ម នៅ​សាកល​វិទ្យាល័យសហភាព​សូវៀត។ ឆ្នាំ ១៩៩២ – ១៩៩៧ លោក ឃួង ស្រេង បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ នៅ​មហា​វិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ឆ្នាំ ២០០២ – ​២០០៤ លោក ឃួង ស្រេង​ បានបញ្ចប់​ការ​សិក្សា​សញ្ញាបត្រ​ជាន់​ខ្ពស់ ​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកល​វិទ្យាល័យ ចំរើន​ពហុ​បច្ចេកវិទ្យា។ ២០០៤-២០០៧ លោក ឃួង ស្រេង បានទទួល​សញ្ញាប័ត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ។

​​លោក ឃួង ស្រេង ​មាន​ភរិយា​ឈ្មោះ ជា ស៊ីណា និង​មាន​កូន​ចំនួន ០៤​នាក់ (កូនស្រី ០៣​ នាក់ និងកូនប្រុស​ ០១ ​នាក់)៕