រាជធានីភ្នំពេញ ៖ មានករណីផ្ទុះជម្លោះបែកផ្សែងរវាងម្ចាស់ហាងផឹកស៊ី និងភ្ញៀវ ដែលផ្តើមចេញពីរឿងគិតលុយអស់ច្រើនពេក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍សួរនាំ កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចហាងផឹកស៊ីមួយកន្លែងអត់មានយីហោ តាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីស្ត្រីជាភ្ញៀវបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចូលផឹកស៊ីក្នុងហាងមួយកន្លែងខាងលើអត់មានយីហោ ដោយគាត់បានមកផឹកស៊ីជាមួយប្តីជាជនជាតិចិន និងបងប្អូនផ្សេងទៀតប្រមាណជា៣ទៅ៤នាក់ ដោយផឹកស្រាបៀរ១កេសគិតលុយអស់២៧៧ដុល្លារ ។
តាមប្រភពពីស្ត្រីជាភ្ញៀវបានបន្តថា ដោយសារឃើញគិតលុយអស់ច្រើនពេក គាត់ក៏សួរនាំទៅម្ចាស់ហាង ដោយម្ចាស់ហាងបានបញ្ជាក់ថា តម្លៃស្រាផ្សេង និងតម្លៃម្ហូបផ្សេង ហើយគាត់ក៏សុំម្ចាស់ហាងឱ្យបញ្ចុះតម្លៃខ្លះ ដោយខាងម្ចាស់ហាងបានបញ្ចុះតម្លៃមកត្រឹម១៦០ដុល្លារ ។
តាមប្រភពដដែលបានបន្តថា ពេលនោះដោយមិនអស់ចិត្ត គាត់ក៏បានឈ្លោះប្រកែកគ្នាជាមួយក្រុមគ្រួសារនៅក្នុងហាង ហើយស្ត្រីជាម្ចាស់ហាងបានសួរគាត់ថា «អត់មានលុយឱ្យថ្លៃផឹកស៊ីមែន?» ។ បន្ទាប់មកក៏មានការឈ្លោះគ្នាជាបន្តទៀត ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា បន្ទាប់មកស្ត្រីជាម្ចាស់ហាង ព្រមទាំងបុគ្គលិកស្រីៗក៏បានឈ្លោះគ្នាយ៉ាងខ្លាំងជាមួយស្ត្រីជាភ្ញៀវ ហើយក៏មានការស្រែកទ្រហោយំយ៉ាងខ្លាំង និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ដោយស្ត្រីជាភ្ញៀវបានចោទប្រកាន់ថា ម្ចាស់ហាងមើលងាយខ្លួន ចំណែកម្ចាស់ហាងបានចោទស្ត្រីជាភ្ញៀវនោះថា មើលងាយនារីៗដែលជាបុគ្គលិកហាងទៅវិញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានអ្នកសារព័ត៌មានម្នាក់បានចុះមកថត និងដកវិទ្យុទាក់ទងមកនិយាយដើម្បីហៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ ស្រាប់តែបុគ្គលិកនៅក្នុងហាងនោះស្មានតែដកកាំភ្លើង ក៏នាំគ្នាដេញ ធ្វើឱ្យអ្នកសារព័ត៌មានរូបនោះភ័យក៏រត់ចេញទៅប្តឹងដល់ប៉ុស្តិ៍នគរបាលតែម្តង ។ លុះពេលសមត្ថកិច្ចមកដល់ ស្ត្រីជាភ្ញៀវក៏បានឱ្យលុយថ្លៃផឹកស៊ីរួចទៅហើយ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចចុះមកសួរនាំ ទើបដឹងថាករណីខាងលើនេះជាការយល់ច្រឡំរវាងភាគីទាំងពីរតែប៉ុណ្ណោះ ៕





ចែករំលែកព័តមាននេះ