ខេត្តសៀមរាប ៖ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត លោក ភឹង ចិន្តារ៉េត នៅរសៀលថ្ងៃម្សិលមិញ (៧ សីហា) អះអាងថា កម្លាំងរបស់លោកកំពុងតាមចាប់ខ្លួនជនឈ្មោះ លឹម ស្នេហ៍គំនិត ហៅធូ ដែលបានបង្កហិង្សា ទៅលើនារីនគរបាលចរាចរណ៍ម្នាក់កាលពីថ្ងៃទី៤ សីហា កន្លងទៅ ខណៈជនរូបនេះកំពុងគេចខ្លួន ។
ការថ្លែងអំពីការតាមចាប់ខ្លួនជនខាងលើ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាយ៉ាងក្តៅគគុកមួយទៅកាន់សមត្ថកិច្ចខេត្ត ឱ្យតាមចាប់ខ្លួនជនបង្កហេតុនេះឱ្យខាងតែបានដើម្បីបញ្ជូនទៅឱ្យច្បាប់ជាអ្នកចាត់ចែង ។
លោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត បញ្ជាក់ថា ករណីវ៉ៃប៉ូលិសស្រីនេះកើតឡើងតាំងពីថ្ងៃទី៤ សីហា មកម្ល៉េះ ហើយជនដៃដល់បានដឹងខ្លួន ក៏ព្យាយាមសម្របសម្រួលជាមួយជនរងគ្រោះត្រឹមការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តដែរ ក៏ប៉ុន្តែមិនត្រូវគ្នា ទើបសម្រេចបញ្ជូនរឿងមកខាងលោកនៅថ្ងៃទី៦ សីហា ។ ហេតុដូច្នេះហើយបានជាជននោះមានឱកាសរត់គេចខ្លួនយ៉ាងដូច្នេះ ។
យោងតាមប្រភពពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្រង់សម្តីជនរងគ្រោះជាមន្ត្រីប៉ូលិសចរាចរណ៍ ភេទស្រី ប៉ុន្តែមិនបានបញ្ចេញឈ្មោះបានរៀបរាប់ថា នៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៤ សីហា នោះ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឌុបស្ត្រីម្នាក់ ដោយពុំមានពាក់មួកការពារសុវត្ថិភាព និងម៉ូតូគ្មានស្លាកលេខ។ ខណៈឃើញដូចនេះ នគរបាលចរាចរណ៍ជានារី ក៏បានកាន់ដំបងបញ្ជាចរាចរណ៍ចេញទៅឃាត់ឱ្យឈប់ម៉ូតូ ប៉ុន្តែបុរសម្នាក់នោះអត់ឈប់ ហើយជិះម៉ូតូតម្រង់មករកបុកថែមទៀត ព្រមទាំងយកដៃគ្រវាសដំបងចរាចរណ៍ចេញ ។
ទោះជាបែបណា ប៉ូលិសចរាចរណ៍ស្រីរូបនោះក៏បានតាមកាក់ម៉ូតូរហូតដល់ឈប់ ។ បុរសនោះក៏ចុះពីលើម៉ូតូហើយវាយប៉ូលិសស្រីរូបនោះមួយដៃត្រូវដើមដៃខាងស្តាំ ហើយរត់ឡើងម៉ូតូប្រុងបើករត់គេច ប់ុន្តែប៉ូលិសស្រីបានរត់ទៅចាប់ម៉ូតូមិនឲ្យបើករត់ ក៏ត្រូវបុរសនោះវាយនាងមួយដៃទៀតត្រង់ចំណុចដដែល បណ្តាលឲ្យដៃរបស់នាងឡើងជាំហើយស្លុតដៃខាងស្តាំ ។
តាមមន្ត្រីនគរបាលដដែលថា បន្ទាប់មកលោកអនុសេនីយ៍ឯក សាយ ឌីណា បានរត់មកជួយ ហើយលោកពលបាលឯក សាត ពឿន ក៏រត់មកជួយទៀត ទើបឃាត់ខ្លួនបុរសម្នាក់នោះជាប់ និងរាយការណ៍ទៅថ្នាក់លើ ។ ដោយគោរពបញ្ជាថ្នាក់លើ ក៏ឲ្យដកយកម៉ូតូនោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តតែម្តង ហើយបុរសនោះក៏គេចខ្លួនបាត់ ។
លុះកន្លះម៉ោងក្រោយមក បុរសនោះក៏ត្រឡប់មកវិញម្តងទៀត ដោយបើករថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស មកដល់កន្លែងនគរបាលស្រីឈរជើង ហើយចុចកញ្ចក់រថយន្តចុះ និងស្រែកជេរយ៉ាងកំរោលថា ៖ «បើង៉ែងមិនសុំទោសអញទេ ថ្ងៃណាមួយនឹងងាប់នឹងរថយន្តអញជាមិនខាន!» ។
សមត្ថកិច្ចឱ្យដឹងថា ជនបង្កហេតុនេះមានឈ្មោះ លឹម ស្នេហ៍គំនិត ហៅធូ រស់នៅម្តុំអាងក្រពើ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងចាត់ការយ៉ាងក្តៅគគុកក្នុងករណីនេះទៅតាមបទបញ្ជាសម្តេចក្រឡាហោម ។
ទោះជាយ៉ាងណា ពេញមួយរសៀលថ្ងៃទី៧ សីហា គេមិនអាចស្វែងរកជួបជនដៃដល់ក្នុងបទល្មើសបង្កហិង្សាទៅលើប៉ូលិសស្រីដែលកំពុងរត់គេចខ្លួនបានទេ ដោយគ្មានអ្នកស្គាល់លេខទូរស័ព្ទ ។ ក៏ប៉ុន្តែប្រភពខ្លះអះអាងថា ជននោះជាកូនប្រសាអ្នកធំម្នាក់ និងជាកូនប្រុសអ្នកគ្រប់គ្រងអាងក្រពើផ្លូវទៅវត្តស្វាយក្រោម ។
ទាក់ទិននឹងបញ្ហានេះដែរ នៅរសៀលថ្ងៃទី៧ សីហា លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍តាមទូរស័ព្ទថា ករណីប្រើហិង្សានេះ លោកសូមទទូចទៅដល់ស្ថាប័នតុលាការសូមឱ្យមានការដាក់ទោស ។ លោកមានប្រសាសន៍ថា នេះជាទង្វើដ៏ព្រហើន និងឃោរឃៅ ដែលសូម្បីតែស្ត្រីស្ថិតក្នុងឯកសណ្ឋានជាសមត្ថកិច្ច ក៏គាត់មិនលើកលែងដែរ ។ នៅស្រុកគេ ពេលប្រជាពលរដ្ឋគេឃើញប៉ូលិសឬសមត្ថកិច្ច គេមានការសប្បាយចិត្តណាស់ ព្រោះមានអ្នកការពារសនិ្តសុខឱ្យ ចំណែកជននេះបែរជាប្រើហិង្សាលើប៉ូលិសទៅវិញ» ។
ជុំវិញករណីនេះ ខណៈពេលដែលសមត្ថកិច្ចកំពុងប្រឹងប្រែងតាមប្រមាញ់ជនឈ្មោះ លឹម សេ្នហ៍គំនិត ហៅធូ លោកវរសេនីយ៍ទោ ភឹង ចិន្ដារ៉េត ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត បញ្ជាក់ថា ៖ ករណីនេះខាងលោកកំពុងតែរៀបចំឯកសារចងក្រងសំណុំរឿងពីបទ «ហិង្សាដោយមានស្ថានទម្ងន់» បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ។
គួររំលឹកផងដែរថា ៖ កាលពីដើមខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ ក៏មានសំណុំរឿងប្រើអំពើហិង្សាទៅលើស្ដ្រីដ៏កក្រើកទូទាំងប្រទេសស្រដៀងនឹងករណីនេះដែរគឺ លោកឧកញ៉ា សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងអង្គរក្ស បានព្រួតគ្នាប្រើអំពើហិង្សាយ៉ាងឃោរឃៅវ៉ៃទាត់ធាក់ទៅលើអតីតពិធីការិនីទូរទស្សន៍ស៊ីធីអ៊ីន យ៉ាងចាស់ដៃ ។ បន្ទាប់មក ជនបង្កបានរត់គេចខ្លួនទៅក្រៅប្រទេស ។ ភ្លាមៗនោះ សំណុំរឿងដ៏ឃោរឃៅ ដែលមានអមដោយវីដេអូឃ្លីបធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជននិងថ្នាក់ដឹកនាំប្រទេស រហូតដល់មានការអំពាវនាវឱ្យត្រឡប់មកប្រទេសវិញ ។ នៅថ្ងៃទី១៨ កក្កដា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេត ។
ករណីថ្មីនេះ គេនៅចាំមើលសំណុំរឿងខាងលើដែលមានសណ្ឋានទម្ងន់ទោសប្រហាក់ប្រហែលគ្នានេះដែរ តើសមត្ថកិច្ចនិងតុលាការមានចំណាត់ការយ៉ាងណា ៕
ចែករំលែកព័តមាននេះ