រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ពេលបានឃើញមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីក្នុងផ្ទះល្វែងមួយកន្លែង លេខV២៦ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ខណៈនោះអ្នកជិតខាងបាននាំគ្នារត់ទៅមើលឃើញកំពុងមានការឆាបឆេះរានកុងម៉ា នៅខាងក្នុង ហើយផ្ទះខាងលើជាប់សោម្ចាស់អត់នៅទៀត ទើបសម្រេចចិត្តនាំគ្នាវាយផ្ដាច់សោរួចយកបំពង់ពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អគ្គិភ័យនេះកើតឡើង បណ្ដាលមកពីភ្លើងធូបអុជសែនដកជើងធូប ហើយម្ចាស់ផ្ទះខាងលើនោះប្ដីឈ្មោះ ពុំ ណារិន និងប្រពន្ធឈ្មោះ ឣ៊ូច ស្រីផាត ហើយនៅមុនពេលកើតហេតុ ពួកគាត់បានអុជធូបសែន ដើម្បីដកជើងធូបត្រៀមសែនធំនៅថ្ងៃចូលឆ្នាំប្រពៃណីចិននាពេលខាងមុខ ។ លុះសែនរួចរាល់ ធូបមិនទាន់ឆេះអស់នៅឡើយម្ចាស់ផ្ទះខាងលើក៏បានបិទទ្វារផ្ទះចាក់សោត្រឹមត្រូវ រួចចាកចេញទៅក្រៅបាត់ ក្រោយមកភ្លើងធូបក៏បានឆាបឆេះរានកុងម៉ានោះតែម្ដង ។

ប្រភពដដែលបានបន្តទៀតថា មុនដំបូងឃើញមានផ្សែងហុយចេញក្រៅយ៉ាងខ្លាំង ហើយអ្នកជិតខាងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ដោយពុំដឹងថា ឆេះអ្វីនៅក្នុងផ្ទះនោះឡើយ ក៏បាននាំគ្នារត់ទៅមើលទើបដឹងថា ឆេះរានកុងម៉ា ព្រមទាំងមានអណ្ដាតភ្លើងសន្ធោសន្ធៅទៀតផង ។ ខណៈនោះផ្ទះខាងលើជាប់សោ ដោយសារតែខ្លាចឆេះរាលដល់ផ្ទះអ្នកផ្សេងទៀតទើបអ្នកជិតខាងសម្រេចចិត្តនាំគ្នាវាយផ្ដាច់សោ រួចយកបំពង់ពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញ ។

ប្រភពខាងលើបានបន្តទៀតថា ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ដង្កោក៏បានចុះទៅកាន់កន្លែងកើតហេតុពិនិត្យមើលស្ថានការជាក់ស្ដែងរាយការណ៍ជូនទៅលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដើម្បីងាយស្រួលជួយអន្តរាគមន៍ ។ ព្រោះលោកអធិការបានត្រៀមបញ្ចេញរថយន្តពន្លយ់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌទៅជួយពន្លត់ស្រាប់ផង ប៉ុន្តែពេលនោះ បន្ទាប់ពីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យច្រើនបំពង់បាញ់ពន្លត់អាចទប់ទល់ឈ្នះទើបរថយន្តពន្លត់អគ្គិភ័យមិនបានចេញទៅឡើយ ៕
ចែករំលែកព័តមាននេះ