រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានមកប្តឹងសមត្ថកិច្ចថា បុរសជាមេជាងសំណង់ជនជាតិវៀតណាមម្នាក់បានហៅនាងឱ្យមកជួយធ្វើការ បែរជាចាប់ឱបថើបលូកលាន់រូបនាងជាច្រើនដង ដោយបុរសរូបនេះគិតថា នាងមិនហ៊ានប្តឹង លុះធ្វើបែបនេះដាក់នាងញ៉យៗដងពេក ទ្រាំលែងបាន នាងក៏សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៤ កុម្ភៈ នៅចំណុចសំណង់បុរីមួយកន្លែង ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលរងការចោទប្រកាន់ខាងលើឈ្មោះយ៉ុង អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម ជាមេជាងសំណង់ ស្នាក់នៅទីតាំងបុរីខាងលើ និងមានស្រុកកំណើតនៅប្រទេសវៀតណាម ។ ចំណែកស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពត មានប្តីជាអ្នកម៉ៅការសំណង់ផ្លូវថ្នល់ និងមានកូនប្រុសស្រីចំនួន២នាក់ នៅជាមួយជីដូននៅឯស្រុកកំណើត ។
តាមប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ឆ្លៀតពេលទំនេរពីការងារសំណង់ជាមួយនឹងប្តី ក៏ត្រូវបុរសជាជាងសំណង់ខាងលើបានហៅគាត់ឱ្យជួយធ្វើការនៅការដ្ឋានសំណង់បុរីខាងលើ ដោយប្រាប់ថា គិតតម្លៃពលកម្មឱ្យគាត់លើសពីកម្មករផ្សេងទៀត ដោយគាត់បានចូលធ្វើការអស់រយៈពេល៤ថ្ងៃកន្លះហើយ ។
ស្ត្រីរងគ្រោះខាងលើបានបន្តថា រហូតដល់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១ ខណៈពេលគាត់កំពុងឈូសអាចម៌កំបោរ ស្រាប់តែបុរសជាជនសង្ស័យខាងលើ.លបមកពីក្រោយចាប់ឱបនិងលូកលាន់គាត់ នៅពេលគាត់ខំរើបំរះរួច គាត់ក៏និយាយហាមជនសង្ស័យកុំឱ្យលេងដល់ថ្នាក់នឹងពេក ប៉ុន្តែជនសង្ស័យនៅតែធ្វើបែបនេះម្តងហើយម្តងទៀត ។
ស្ត្រីរងគ្រោះខាងលើបានបន្តទៀតថា ក្រោយពីទទួលរងទង្វើបែបនេះពីសំណាក់ជនសង្ស័យជាមេជាងរួចមក គាត់ក៏គិតក្នុងចិត្តថា តើត្រូវប្តឹង ឬមិនប្តឹង ប៉ុន្តែមិនទាន់សម្រេចចិត្តភ្លាមៗនោះទេ ។ រហូតដល់ថ្ងៃទី៣ កុម្ភៈ ខណៈគាត់កំពុងគិតក្នុងចិត្តបែបនេះបណ្តើរ ធ្វើការបណ្តើរ ហើយក៏ភ្លេចខ្លួន ស្រាប់តែជនសង្ស័យលបមកធ្វើសកម្មភាពបែបនេះម្តងទៀត ជាហេតុធ្វើឱ្យគាត់ខឹងទ្រាំលែងបាន ក៏ត្រឡប់ទៅផ្ទះវិញ ហើយរ៉ាយរ៉ាប់រឿងរ៉ាវដែលបានកើតឡើងប្រាប់ទៅបុរសជាប្តីឱ្យដឹង ។
ស្ត្រីរងគ្រោះបានបន្តទៀតថា លុះនៅថ្ងៃទី៤ កុម្ភៈ ពួកគាត់ក៏នាំគ្នាទៅប្តឹងសមត្ថកិច្ច បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួចមក សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំតាមនីតិវិធី ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយគិតក្នុងចិត្តថា ស្ត្រីរងគ្រោះមិនហ៊ានប្តឹងខ្លួននោះទេ ។
បើតាមគោលជំហររបស់ស្ត្រីជាដើមបណ្តឹងក៏បានប្តឹងទាមទារសំណងជំងឺចិត្តពីជនសង្ស័យចំនួន៣ពាន់ដុល្លារ និងប្រគល់ឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីជាបន្តទៀតផងដែរ ៕






ចែករំលែកព័តមាននេះ