រាជធានីភ្នំពេញ ៖ កូវីដ១៩ បានធ្វើឱ្យប្រជាសហគមន៍ទេសចរជាច្រើននាក់រងផលប៉ះពាល់ ដោយសារតែគ្មានភ្ញៀវទេសចរ បរទេសឬក្នុងស្រុកទៅកម្សាន្ត និងលំហែ ធ្វើឱ្យពួកគេត្រូវបាត់បង់ចំណូល និងបង្ខំចិត្តផ្លាស់ប្តូររបរដើម្បីរកចំណូល ។
ចូលដល់ឆ្នាំ២០២១ សហគមន៍ទេសចរណ៍ជាច្រើននៅតែប៉ះពាល់ តែបើធៀបនឹងឆ្នាំ២០២០ ឃើញថា មានសកម្មភាពបន្តិចឡើងវិញ ។ អ្នកបើកទូកទេសចរណ៍មួយរូប នៅតំបន់ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ពេញមួយឆ្នាំ ចាប់តាំងពីកូវីដ១៩មក តំបន់ទេសចរណ៍កំពង់ភ្លុក មិនមានភ្ញៀវមកលេងទេ ធ្វើឱ្យទូកទេសចរណ៍ទាំងតូចទាំងធំ ត្រូវចតចោលដូចដែលបានឃើញ គឺយូរៗចេញមួយទូកប៉ុណ្ណោះ ជាពិសេសសម្រាប់ទូកធំៗ គឺស្ងាត់ឈឹងតែម្ដង គឺចេញតែទូកៗប៉ុណ្ណោះ តែទូកខ្លះមួយខែចេញម្ដងឬក៏ពីរបីខែទើបចេញម្ដង ព្រោះត្រូវចេញតាមលេខរៀង ។
លោកបន្តថា កាលពីមុនទូកខ្លះចេញដំណើរដឹកភ្ញៀវទេសចរហោចណាស់ក៏១ជើងឬពីរជើងដែរ តែចូលដល់កូវីដ១៩ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសគឺអត់មានទាំងស្រុងតែម្ដង ដោយមានតែភ្ញៀវក្នុងស្រុកមួយថ្ងៃពីរបីទូក ហើយថ្ងៃខ្លះក៏អត់មានភ្ញៀវមកកម្សាន្តនៅតំបន់ទេសចរណ៍នេះដែរ ។ ដោយសារតែអត់មានភ្ញៀវមកទស្សនានៅរមណីយដ្ឋានបែបនេះ អ្នកបើកទូកមួយចំនួនក៏ប្តូរមុខរបរទៅនេសាទ ឬធ្វើអ្វីផ្សេងជំនួសវិញជាជាងនៅចាំភ្ញៀវត្រលប់មកវិញ ។ លោកបន្ថែមថាបច្ចុប្បន្ននេះនៅតំបន់ទេសចរណ៍កំពង់ភ្លុកមានទូកទេសចរណ៍ខ្នាតតូចប្រមាណ៧០០គ្រឿងនិងទូកទេសចរណ៍ខ្នាតធំជិត១០០គ្រឿងទៀត ដូច្នេះការចេញត្រូវចាំវេណម្ដងម្នាក់ ។ បើទូកតូចៗមានចេញជាហូរហែ តែទូកធំៗវិញជិតកន្លះឆ្នាំទើបដល់វេណចេញដឹកអ្នកទេសចរ ទៅកម្សាន្ត។ លោកថា៖« ចូលដល់ឆ្នាំ២០២១នេះ ភ្ញៀវទេសចរក្នុងស្រុកក៏ចាប់ផ្ដើមធ្វើដំណើរកម្សាន្ត ធ្វើឱ្យសកម្មភាពទេសចរណ៍ក្នុងតំបន់ទេសចរណ៍កំពង់ភ្លុកចាប់ផ្ដើមមានសកម្មភាពឡើងវិញ » ។
អ្នកស្រីតិ សារិក ជាអ្នកមើលការខុសត្រូវទូកទេសចរណ៍មួយនៅតំបន់ទេសចរណ៍ភ្នំក្រោម ចុងឃ្នៀស ខេត្តសៀមរាប បាននិយាយថា ទេសចរក្នុងស្រុកចាប់ផ្ដើមកម្រើកឡើងវិញនៅក្នុងឆ្នាំ ២០២១នេះ ធ្វើឱ្យសកម្មភាពផ្គត់ផ្គង់សេវាទេសចរណ៍ក្នុងតំបន់ទេសចរណ៍មួយនេះ ក៏បានខ្លះៗមកវិញ ក្រោយពេលឆ្នាំ២០២០ សកម្មភាពស្ងប់ស្ងាត់សឹងតែពេញមួយឆ្នាំ ។ អ្នកស្រីបន្តថា ទូកទេសចរណ៍តូចៗនៅតំបន់ទេសចរណ៍ភ្នំក្រោម ចុងឃ្នៀស បានចាប់ផ្ដើមចេញដឹកភ្ញៀវទេសចរកម្សាន្តបណ្ដើរឡើងវិញខណៈធំៗនៅមិនទាន់បានចេញនៅឡើយ ដោយសារតែ ទេសចរមកកម្សាន្តភាគច្រើនជាលក្ខណៈគ្រួសារនិងមានចំនួនតិចតួច ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍កន្លងមកថា ឆ្នាំ២០២១នេះ ប្រតិបត្តិករទេសចរនឹងអាចរកចំណូលបានមកវិញខ្លះ ដោយរំពឹងពីការហូរចូលមកនៃភ្ញៀវទេសចរអន្តរជាតិ ក្នុងខណៈដែលភ្ញៀវទេសចរជាតិក៏ចាប់ផ្ដើមធ្វើដំណើរកម្សាន្តបណ្ដើរៗ ។ លោកជំទាវបន្តថា កម្ពុជាជាប្រទេសមួយដែលអាចគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អ និងធ្វើឱ្យភ្ញៀវទេសចរជាតិចាប់ផ្ដើមធ្វើដំណើរកម្សាន្ត ទៅតាមតំបន់រមណីយដ្ឋាននានាឡើងវិញ ដូច្នេះប្រតិបត្តិករទេសចរ ក៏គួរតែត្រៀមសេវាកម្មនានាឡើងវិញសម្រាប់បម្រើជូនភ្ញៀវជាតិនិងអន្តរជាតិ ។
តែយ៉ាងណាដោយសារ ភាពច្បាសលាស់នៃវិស័យនេះ នៅតែមិនទាន់ប្រាកដនៅឡើយ ដោយសារតែការរង់ចាំមើលពីគុណភាពនៃវ៉ាក់សាំងកូវីដ១៩ ។ យ៉ាងណាក្តី យើងរំពឹងថាភ្ញៀវទេសចរអន្តរជាតិនឹងអាចត្រលប់មកកម្សាន្តបណ្ដើរៗ ឡើងវិញ ក្នុងឆ្នាំ២០២១នេះ ៕
ចែករំលែកព័តមាននេះ