រាជធានីភ្នំពេញ ៖ លទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥.៥៥២.២២១ នាក់ ក្នុងនោះប្រុសចំនួន៧.៥៧១.៨៣៧នាក់ ស្មើនឹង៤៨.៧% ដោយឡែកស្រីចំនួន៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១ .៣% ។
ជាងនេះទៅទៀត អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ គឺ១.៤% ។ ដូចគ្នានេះដែរ លទ្ធផលជំរឿនលើកមុនឆ្នាំ២០០៨ ចំនួនប្រជាជនសរុបមានចំនួន១៣.៤លាននាក់ ពោល គឺចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនបានកើនឡើងចំនួន២,២លាននាក់ ។
ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិនៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជា បានឲ្យដឹងថា ជំរឿនជាផ្នែកប្រជាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ជាពិសេស គឺផ្នែកកំណើនប្រជាជនដែលទាមទារយកចិត្តទុកដាក់សម្រាប់សកម្មភាពចាំបាច់ទាំងឡាយ ។
សម្ដចបញ្ជាក់ថា «ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ ។ លទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនប្រមាណជាង៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥ លានគ្រួសារក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រី បច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ» ។
សម្ដេចក្រឡាហោម បន្ដថា «យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជាជន និងលំនៅដ្ឋានជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កំរិតភូមិ ។ របាយការណ៍ជំរឿនផ្តល់លទ្ធផលចុងក្រោយកំរិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះមានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ ។ អ្វីដែលមាននៅ ពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន» ។
សម្ដេចក្រឡាហោម បញ្ជាក់ថា ដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅឆ្នាំ២០១៩ ។ ដង់ស៊ីតេនេះ ប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ។
ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានលើកឡើងថា កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានអនុវត្តការធ្វើជំរឿនប្រជាជនទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងរយៈពេល១០ឆ្នាំម្ដង បន្ទាប់ពីកម្ពុជាបានធ្វើជំរឿនប្រជាជនលើកដំបូង កាលពីឆ្នាំ១៩៦២ និងខកខានអស់រយៈពេលជាង៣ទសវត្សរ៍ ដោយសារវិបត្តិផ្ទៃក្នុងរហូតដល់ឆ្នាំ១៩៩៨ ទើបជំរឿនលើកទី២ ត្រូវបានធ្វើឡើងជាថ្មីទៀត ។
ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០០៨ កម្ពុជាមានផែនការធ្វើជំរឿនលើកទី៣ ប៉ុន្តែការងារនេះត្រូវបានខកខានទៅវិញ ដោយសារពេលនោះកម្ពុជា ត្រូវរៀបចំការបោះ ឆ្នោតជាតិ ទើបមានការសម្រេចលើកពេលមកធ្វើនៅឆ្នាំ២០១៩ វិញ ដោយប្រើប្រាស់ថវិកាជាតិចំណាយអស់ថវិកាប្រមាណ៩លាន ៩សែនដុល្លារអាមេរិក ។ ឯកឧត្តមក៏បានថ្លែងអំរណរគុណដៃគូជាតិ និងអន្តរជាតិដែលតែងតែបានចូលរួម សហការ និងគាំទ្រក្នុងការងារធ្វើជំរឿននេះដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ជំរឿនឆ្នាំ២០១៩ មានវិសាលភាពគ្របដណ្ដប់លើគ្រួសារប្រជាជនសរុបចំនួន ៣,៥លានគ្រួសារ ស្ថិតក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេស ទាំងអ្នករស់ក្នុងលំនៅដ្ឋាន ស្ថាប័ន ផ្ទះសំណាក់ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម លើកលែងតែប្រជាជនធ្វើការ រៀនសូត្រ ឬរស់នៅក្រៅប្រទេស គ្រួសារអង្គទូតក្រៅ ប្រទេសប៉ុណ្ណោះ ។ ឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធី ប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិនៃលទ្ធផលចុងក្រោយជំរឿនទូទៅ ប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងស្របតាមច្បាប់ជាធរមាន និងបានសម្ដែងការកោតសរសើរចំពោះគណៈកម្មការជំរឿន ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្ត្រីជំរឿនរាប់ម៉ឺននាក់ និងប្រជាជនកម្ពុជាដែលបានបំពេញកិច្ចការនេះប្រកបដោយជោគជ័យ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានថ្លែងអំណរគុណអង្គការមូលនិធិសហប្រជាជាតិ សម្រាប់ ប្រជាជន (UNFPA) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ អាល្លឺម៉ង់ (GIZ) ព្រមទាំងអង្គការ Sida ដែលបាន ផ្តល់ជំនួយថវិកា និងបច្ចេកទេសគាំទ្រ និងរដ្ឋាភិបាលចិន ដែលបានផ្តល់ឧបករណ៍សម្រាប់ការងារជំរឿនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ត ម៉ូតូ និងឧបករណ៍អេឡិចត្រូនិចដូចជា ម៉ាស៊ីនសឺវ៉ើ កុំព្យួទ័រ ព្រីនធ័រ និង Tablets និងម៉ាស៊ីន បញ្ចាំងស្លាយ (LCD Projector) ជាដើម ។
សម្ដេចបានបន្ថែមថា ជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយគត់ស្តីអំពីចំនួន និងចរិតលក្ខណៈប្រជាជន ។ ជំរឿនប្រជាជនមាន វិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់អោយនូវចំនួនប្រជាជនក្នុង តំបន់រហូតដល់ថ្នាក់តូចៗថែមទៀត ដែលប្រភពទិន្នន័យផ្សេងៗទៀតមិនមានឡើយ ។ ជំរឿនក៏ផ្តល់ជូនផងដែរ នូវក្របខ័ណ្ឌជ្រើសរើសគំរូ ក៏ដូចជា មូលដ្ឋាន នៃការធ្វើចំណោល ឬព្យាករណ៍ប្រជាជន ដែលជាកត្តាសំខាន់សម្រាប់ ការងារផែនការរយៈពេលវែង ។
សម្ដេចក្រឡាហោម ក៏បានចែករំលែកជាមួយអង្គពិធីនូវមតិយោបល់មួយចំនួន អំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេសជំរឿនប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ជាកិច្ចការសំខាន់មានអាទិភាពខ្ពស់សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផងដែរ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការ រៀបចំគោលនយោបាយ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងទៀត ដោយត្រូវខិតខំវិភាគទិន្នន័យជំរឿននេះឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាការប្រើប្រាស់ និងតម្រូវការទិន្នន័យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងខិតខំកៀគរដៃគូសហការធ្វើជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម ។
របាយការណ៍ក៏បានលើកឡើងថា ភាគរយនៃប្រជាជនរស់នៅទីតំបន់ទីប្រជុំជនមានចំនួន ៣៩,៤ ភាគរយ និងនៅជនបទមាន ៦០,៦ ភាគរយ ។ ខេត្តចំនួន ៤ ដែលមានប្រជាជន ច្រើនជាង១លាននាក់ គឺ រាជធានីភ្នំពេញ (២,៣ លាននាក់) , ខេត្តកណ្តាល (១,២ លាននាក់), ខេត្តព្រៃវែង (១,១ លាននាក់) និងខេត្តសៀមរាប (១,០ លាននាក់) ។ គ្រួសារសរុបនៅទូទាំង ប្រទេសមានចំនួន ៣.៥៥៣.០២១គ្រួសារ ។ មានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធអាយុរបស់ប្រជាជន ។
រវាងជំរឿនទាំងពីរលើក ប្រជាជនវ័យក្មេង (0-១៤ ឆ្នាំ) បានធ្លាក់ចុះពី ៣៣,០% ទៅ ២៩,៤%, ប្រជាជនវ័យកណ្តាល (១៥-៥៩ ឆ្នាំ) បានកើនឡើង ពី ៦០,០% ទៅ ៦១,៧ និងមនុស្សចាស់ (៦០ ឆ្នាំឡើងទៅ) បានកើនឡើងពី ៦,៣% ទៅ ៨,៩% ។ មេដ្យានអាយុ របស់ប្រជាជនបានកើនឡើងពីអាយុ ២២ ទៅ ២៧ ឆ្នាំ ។
ប្រភពបន្តថា តួលេខទាំងនេះបង្ហាញថា ប្រជាជនកម្ពុជាកំពុងចាប់ផ្តើមវិវត្តន៍ទៅតាម អាយុ គឺមានន័យថា កម្ពុជាជាប្រទេសមានប្រជាជនវ័យចាស់ច្រើននៅពេលអនាគត ។ កត្តាកំណត់សំខាន់នៃវ័យចាស់របស់ប្រជាជន គឺការធ្លាក់ចុះនៃអត្រាលទ្ធភាពបង្កើតកូន និងការធ្លាក់ចុះនៃអត្រាមរណភាព៕
ចែករំលែកព័តមាននេះ