១៥​កើត​ពេញបូណ៌មី​ជា​ថ្ងៃ​បុណ្យមាឃបូជា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១៥​កើត​ពេញបូណ៌មី​ជា​ថ្ងៃ​បុណ្យមាឃបូជា

1 ខែ មុន

តាម​ប្រពៃ​ណិ​ព្រះពុទ្ធ​សាសនា មាឃបូជា​ជា​បុណ្យ​ដ៏​សំខាន់​មួយ​ចំពោះ​ព្រះពុទ្ធ​សាសនា ដែល​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​អ្នក​កាន់សាសនា​ព្រះពុទ្ធ​តែង​ប្រារព្ធ​ធ្វើ​មិន​ដែល​ខកខាន​ឡើយ ។ នៅ​ពេល​ដល់​ថ្ងៃពេញបូណ៌មី​ខែមាឃ​ចូល​មក​ដល់​ម្តង​ៗ ពុទ្ធមាមកជន​បាន​មក​ប្រជុំ​គ្នា​រៀបចំ​គ្រឿង​សក្ការ​ទាំងឡាយ​មាន​ចង្ហាន់ ទៀន ធូប និង​ផ្កា​ភ្ញី​ជាដើម​យក​ទៅ​បូជា​នៅ​តាម​ទី​វត្ត​អារាម​ដោយ​សេចក្តី​គោរព ដើម្បី​រំលឹក​ដល់​ព្រះ​សម្ពុទ្ធ​ដែល​ទ្រង់​ដាក់​អាយុសង្ខារ​ផង…

តាម​ប្រពៃ​ណិ​ព្រះពុទ្ធ​សាសនា មាឃបូជា​ជា​បុណ្យ​ដ៏​សំខាន់​មួយ​ចំពោះ​ព្រះពុទ្ធ​សាសនា ដែល​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​អ្នក​កាន់សាសនា​ព្រះពុទ្ធ​តែង​ប្រារព្ធ​ធ្វើ​មិន​ដែល​ខកខាន​ឡើយ ។ នៅ​ពេល​ដល់​ថ្ងៃពេញបូណ៌មី​ខែមាឃ​ចូល​មក​ដល់​ម្តង​ៗ ពុទ្ធមាមកជន​បាន​មក​ប្រជុំ​គ្នា​រៀបចំ​គ្រឿង​សក្ការ​ទាំងឡាយ​មាន​ចង្ហាន់ ទៀន ធូប និង​ផ្កា​ភ្ញី​ជាដើម​យក​ទៅ​បូជា​នៅ​តាម​ទី​វត្ត​អារាម​ដោយ​សេចក្តី​គោរព ដើម្បី​រំលឹក​ដល់​ព្រះ​សម្ពុទ្ធ​ដែល​ទ្រង់​ដាក់​អាយុសង្ខារ​ផង និង​រំលឹក​ដល់​ចតុរង្គ​មហាសន្និបាត​គឺ​ថ្ងៃ​បង្កើត​អង្គការ​ព្រះពុទ្ធ​សាសនា​ក្នុង​លោក​ផង ។

នៅក្នុងទិវាដ៏វិសេសវិសាលនេះដែរ មន្ត្រីរាជការ​គ្រប់​ឋានានុក្រម ព្រមទាំង​អង្គភាព​ការងារ​គ្រប់​ស្ថាប័ន​ដទៃ​ទៀត​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​ផង​ដែរ ​ដើម្បី​មានឱកាស​ចូលរួម​គោរព​បូជា​បុណ្យមាឃបូជា​នា​ថ្ងៃនេះ ។

តើបុណ្យមាឃបូជាមានប្រវត្តិយា៉ងណា ?

ផ្អែកតាមឯកសារព្រះពុទ្ធសាសនាបានបង្ហាញថា សម័យមួយ នៅ​ចំពោះ​មុខ​មារ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​មារ​មានចិត្ត​បាប​គិត​ពី​ថ្ងៃនេះ​ទៅ​នៅ​ខ្វះ​តែ​៣​ខែ​ទៀត​ទេ តថា​គត​​នឹង​បំបែក​ធាតុ​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន​ហើយ ។ លុះ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ដាក់​អាយុសង្ខារ​ដូច្នេះ​ហើយ​ក៏​មានការ​កក្រើករំពើក​ញាប់​ញ័រ​ផែនដី​គួរ​ឱ្យ​ភ្លូកភ្លឹក​ព្រឺព្រួច​ទាំង​មាន​ផ្គរ​លាន់ឮ​ផ្អើល​អស់​មនុស្ស​ទេវតា ។ ពួក​សាវ័ក​ទាំងឡាយ​មាន​ព្រះ​អានន្ទ​ជាដើម​ក៏​កើតក្តី​សង្វេគ​សោយទុក្ខ​ក្តុកក្តួល​ស្តាយស្រណោះ​គ្រប់​ៗ​អាត្មា ។

ក្នុងថ្ងៃនេះ​ដែរ​ក៏​ពុទ្ធបរិស័ទ​រំលឹក​ដល់​កាលដែល​ព្រះ​អង្គ​ទ្រង់​ធ្វើ​ចតុរង្គ​មហាសន្និបាត ដែល​មាន​ភិក្ខុសង្ឃ​ចំនួន​១២៥០​អង្គ​សុទ្ធតែ​ជា​ព្រះអរហន្ត​ខីណាស្រព​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ឯ​វត្ត​វេឡុវ័ន ដែល​ការ​និមន្ត​មក​ប្រជុំ​របស់​ព្រះអរហន្ត​ទាំង​អម្បាល​នោះ​អត់​បាន​កំណត់ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់តែ​មក​ប្រជុំ​គ្នា​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​ដោយ​ឯង​ៗ ។ ការ​ប្រជុំ​បែប​នេះ​ក្នុង​ពុទ្ធសម័យ​គ្រប់​ព្រះ​អង្គ​គឺ​មាន​តែ​ម្តង​គត់​ដែល​ហៅ​ថា ចតុរង្គ​មហាសន្និបាត គឺ​ការ​ប្រជុំ​ប្រកបដោយ​អង្គ​បួន ហើយ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ឱវាទបាតិមោក្ខ​ក្នុង​ទីប្រជុំ​នៃ​ភិក្ខុសង្ឃ​ទាំងឡាយ​នោះ ដើម្បី​ជា​ប្រយោជន៍​ចម្រើន​រុងរឿង​ដល់​ព្រះ​សាសនា ។

ហេតុ​ដូច្នេះ​ហើយ​ទើប​ពិធី​នេះ​បាន​ជាទី​និយម​រាប់អាន​របស់​អ្នកប្រាជ្ញ​ថា​ជា​មហា​មង្គល​អស្ចារ្យ និង​ជាម​ហា​សិរី​សួស្តី​ដ៏​ប្រសើរ​ក្រៃ​លែង​កាលបើ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែមាឃ​ដែល​ជា​ថ្ងៃ​ប្រកបដោយ​អភិលក្ខិតកាល​សប្បុរស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ក៏​មក​ប្រជុំ​គ្នា​ចាត់ចែង​គ្រឿង​សក្ការៈ​ដ៏​ផ្ចិតផ្ចង់​បូជា​ដល់​ព្រះ​ពុទ្ធគុណ​នៅ​តាម​ទី​អារាម​ជាប់​ជា​បវេណី​រហូត​មក​ដល់​បច្ចុប្បន្ន ៕ សាន សារិន