យោងតាមអង្គភាពសេដ្ឋកិច្ចហៅកាត់ថា EIU ឱ្យដឹងថា ប្រទេសចិននឹងឈរលំដាប់ទី១ ជាមហាអំណាចសេដ្ឋកិច្ចផ្តួលអាមេរិកនៅឆ្នាំ២០២៦ ដោយមានផលទុនសរុបក្នុងស្រុក (GDP) ខ្ពស់ជាងគេលើពិភពលោក ហើយប្រទេសនេះនឹងរក្សាតំណែងជួរមុខរហូតដល់ឆ្នាំ២០៥០ ឯណោះ ។
របាយកាណ៍ថ្មីនេះអង្គភាព EIU បានព្យាករបណ្តាប្រទេសចំនួន៨២ពីស្ថានភាពសេដ្ឋកិច្ចរហូតដល់ឆ្នាំ២០៥០ ដែលត្រូវបានគេរំពឹងថា នឹងមានការរីកចម្រើនលឿនជាងប្រទេសអភិវឌ្ឍន៍ ខណៈពេលប្រទេសចិន និងប្រទេសឥណ្ឌា ទំនងជានឹងផ្តួលប្រទេសដែលកំពុងនាំមុខគេលើពិភពលោកដូចជាប្រទេសជប៉ុន និងអឺរ៉ុបខាងលិចជាដើម ។
តាមរយៈរបាយការណ៍បង្ហាញថា ៖
-ចិនរំពឹងថា ផ្តួលអាមេរិកផ្នែកសេដ្ឋកិច្ចជាលើកទី១ នៅឆ្នាំ២០២៦ ជាមួយនឹងផលិតផលសរុបក្នុងស្រុកចំនួន២៨,៦ពាន់ពាន់លានដុល្លារ ខណៈពេលដែលអាមេរិកមានចំនួន២៨,៣ពាន់ពាន់លានដុល្លារ ។
-នៅឆ្នាំ២០៥០ ផលទុនសរុបក្នុងស្រុក (GDP) នឹងកើនឡើងដល់១៥០,៩ពាន់ពាន់លានដុល្លារ បើប្រៀបធៀបជាមួយអាមេរិកមានចំនួន ៧០,៩ពាន់ពាន់លានដុល្លារ ។
-ចក្រភពអង់គ្លេសនឹងធ្លាក់ពីកំពូលសេដ្ឋកិច្ចក្នុងចំណោម៥ប្រទេសនៅឆ្នាំ២០២៦ ។
-ឥណ្ឌូណេស៊ី និងម៉ិកស៊ិកនឹងស្ថិតក្នុងប្រទេសជាប់ចំណាត់ថ្នាក់កំពូលសេដ្ឋកិច្ចទាំង១០នៅឆ្នាំ ២០៥០ ដោយយកឈ្នះប្រទេសអុីតាលី និងរុស្ស៊ី ។
-ប្រទេសក្នុងទ្វីបអាស៊ីនឹងបន្តការកើនឡើងសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០៥ ដោយមានចំនួន ៥៣ភាគរយនៃ GDP ពិភពលោកផងដែរ ។
ចិនគឺជាប្រទេសស្ថិតនៅតំបន់អាស៊ីខាងកើត និងជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតក្នុងលោក ។ ប៉េកាំងគឺជារាជធានីបុរាណដ៏ល្បីឈ្មោះរបស់ប្រទេសចិន និងមានមហាកំពែងជាអច្ឆរិយវត្ថុ ។ ចំនួនប្រជាជនកាលពីឆ្នាំ២០១៣ គឺ១.៣៥៧ ពាន់លាននាក់។ ប្រទេសជិតខាងរបស់ចិនគឺប្រទេសរុស្ស៊ី ជប៉ុន ឥណ្ឌា វៀតណាម ប៉ាគីស្ថាន តែវ៉ាន់ នេប៉ាល់ កូរ៉េខាងជើង មីយ៉ាន់ម៉ា ម៉ុងហ្គោលី កាហ្សាក់ស្ថាន ឡាវ អាហ្វហ្គានីស្ថាន ប៊ូតង់ គ្រីហ្គីស្ថាន និងប្រទេសតាជីគីស្ថាន ៕
ចែករំលែកព័តមាននេះ