រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងនាង វ៉ាន់ នីឡា បានបង្ហើបពីអារម្មណ៍របស់ខ្លួនដោយចង់បញ្ចប់អាជីពជាតារាចម្រៀងរបស់នាងចោលទាំងស្រុង ក្នុងពេលដែលនាងមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់ក្នុងការវិលមកកាន់ក្បាលមេក្រូជាថ្មីឡើយ ក្រោយពីនាងបានផ្អាកអាជីពមួយនេះអស់ជាច្រើនឆ្នាំ។
កន្លងមក គេនៅចាំបានថា វ៉ានីឡា បានប្រកាសពីការវិលមកអាជីពចម្រៀងរបស់ខ្លួនជាថ្មីឡើងវិញ បន្ទាប់ពីនាងបានខកខានមិនបានចេញមុខតាមកញ្ចក់ទូរទស្សន៍ ក្រោយពីបានជួបរឿងអាស្រូវដ៏អាប់អួរដែលបានធ្វើឲ្យនាងមិនហ៊ានចេញមុខជាសាធារណៈដូចជាពេលមុនៗ។
យ៉ាងណា មិនទាន់បានកំណត់ពេលណាមួយឲ្យបានច្បាស់លាស់ពីការវិលអាជីពចម្រៀងជាប់លាប់ឡើងវិញផងនោះ វ៉ាន់ នីឡា បែរជាបង្ហើបពីការចង់បញ្ចប់អាជីពជាតារាចម្រៀងទាំងស្រុងទៅវិញ ដែលដំណឹងនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
វ៉ាន់ នីឡា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនយ៉ាងខ្លីថា «ឈប់ចង់ធ្វើជាតារាចំរៀងអីទៀតហើយ លេងចង់ស្រមៃ ចង់បោះបង់ក្តីសង្ឃឹមមួយនេះចោល» ។
តាមរយៈការបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលពី វ៉ាន់ នីឡា នាពេលនេះ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបាននាំគ្នាចូលទៅខំមិនជជីកសួរជាច្រើន ដោយចង់ដឹងពីមូលហេតុណាមួយដែលធ្វើឲ្យនាងប្រកាសពីដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ។
ជាការឆ្លើយតប វ៉ាន់ នីឡា ហាក់មិនបានបញ្ជាក់ហេតុផលណាមួយឲ្យបានវែងឆ្ងាយ និងជាក់លាក់នៅឡើយទេ ផ្ទុយទៅវិញនាងតែអះអាងថា វាប្រៀបបីដូចជាពិបាកនៅក្នុងការចាប់ផ្តើមម្តងទៀត អរគុណអ្នកទាំងអស់គ្នាដែលស្រលាញ់ចូលចិត្តខ្ញុំ។
ទោះជាយ៉ាងណា ប្រិយមិត្តគាំទ្ររូបនាងមួយចំនួនហាក់មិនបានយល់ស្របទៅលើការលើកឡើងរបស់ វ៉ាន់ នីឡា នាពេលនេះឡើយ ពោលគឺពួកគេនៅតែទន្ទឹងរង់ចាំការវិលត្រឡប់មកកាន់អាជីពចម្រៀងរបស់នាងជាថ្មីឡើងវិញដដែល បើទោះបីជានាងហាក់ស្ងាប់ស្ងាត់អស់ពេលជាច្រើនឆ្នាំមកនេះក៏ដោយ។
ជាការកត់សម្គាល់ ជុំវិញការចង់បានពីប្រិយមិត្តគាំទ្រខាងលើនេះ វ៉ាន់ នីឡា ក៏បានធ្វើការឆ្លើយតបជាវិជ្ជមានវិញថា អរគុណសម្រាប់អ្នកគាំទ្រទាំងអស់គ្នា ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងធ្វើវាបានម្តងទៀត។
គួររំលឹកថា វ៉ាន់ នីឡា បានកើតមានអការៈភ័យខ្លាចនៅក្នុងការបង្ហាញវត្តមានតាមទីសាធារណៈនានា បន្ទាប់ពីនាងបានជួបរឿងរ៉ាវដ៏ខ្មៅងងឹតជាមួយនឹងអតីតសង្សាររបស់នាង រហូតមានការប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ ខណៈពេលដែលរហូតមកទល់នាពេលនេះតុលាការក៏បានសម្រេចឲ្យនាងឈ្នះក្តីហើយដែរ។
បើទោះបីជានាងបានឈ្នះក្តីក៏ដោយ រហូតមកទល់នាពេលនេះ វ៉ាន់ នីឡា នៅមិនទាន់មានតម្រុយណាមួយវិលមកអាជីពសិល្បៈចម្រៀងរបស់នាងឡើងវិញនៅឡើយទេ ប៉ុន្តែកន្លងមក តារារូបនេះក៏ធ្លាប់បានបង្ហើបពីគម្រោងនៅក្នុងការវិលមកវិញផងដែរ។
លោក សុខ ជំនោរ ដែលបងប្រុសរបស់នាង វ៉ាន់ នីឡា ធ្លាប់បានលើកឡើងប្រាប់កោះសន្តិភាពថា ប្អូនស្រីរបស់លោកនឹងវិលមកអាជីពចម្រៀងរបស់នាងឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈពេលដែលលោកបានត្រៀមបទចម្រៀងមួយចំនួនសម្រាប់ប្អូនស្រីរបស់លោករួចហើយ។ លោកថា ការវិលត្រឡប់របស់ វ៉ាន់ នីឡា នាពេលនេះ គឺមិនមែនមកនៅក្នុងផលិតកម្មចាស់របស់នាងឡើយ ពោលគឺនាងនឹងមានផលិតកម្មមួយថ្មីទៀត៕
ចែករំលែកព័តមាននេះ