ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​ទាស់​4​ប្រភេទ​ដែល​ស្ត្រី​គួរ​យកចិត្តទុកដាក់​នៅ​ពេល​សម្រាលកូន​រួច

10 ឆ្នាំ មុន

ទាស់​ជា​ឈ្មោះ​រោគ​កើត​ដោយ​អាហារ​ចំណី ឬ​ដោយ​ធ្វើការ​អ្វី​ធ្ងន់​ក្នុង​វេលា​ដែល​ខ្លួន​មិន​ទាន់​ជា​ស្រឡះ​អំពី​អំណាច​នៃ​ការ​សម្រាលកូន ឬ​អំពី​ជំងឺ​ណាមួយ​ចូល​មក​បៀតបៀន​រាង​កាយ ។

ទាស់​ជា​ឈ្មោះ​រោគ​កើត​ដោយ​អាហារ​ចំណី ឬ​ដោយ​ធ្វើការ​អ្វី​ធ្ងន់​ក្នុង​វេលា​ដែល​ខ្លួន​មិន​ទាន់​ជា​ស្រឡះ​អំពី​អំណាច​នៃ​ការ​សម្រាលកូន ឬ​អំពី​ជំងឺ​ណាមួយ​ចូល​មក​បៀតបៀន​រាង​កាយ ។ ខាងក្រោម​នេះ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ទាស់​៖
 
១-​រោគ​ទាស់​ដោយ​មាន​គ្រុនក្តៅ ៖ បានជា​មាន​ជំងឺ​ទាស់​ហើយ​មាន​គ្រុនក្តៅ​ផង​នោះ អាច​បណ្តាល​មក​ពី​ការ​សម្រាលកូន​យក​ទងសុក​ចេញ​មិន​អស់ពី​ស្បូន ឬ​យកដៃ​ក្រ​ខ្វក់​ទៅ​ប៉ះពាល់​ស្បូន​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​មេរោគ​ចូល​ទៅ​ក្នុង​ស្បូន ។ គួរតែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ។

២-​ទាស់​ដោយ​មាន​គ្រុនក្តៅ​និង​រងា​មក​ជាមួយ​ផង ៖ កាលណា​បើ​សម្រាលកូន​ហើយ ស្បូន​មិន​ព្រម​រួម​តូច​មក​វិញ​ហើយ​វា​នៅ​តែ​រីក​ធំ​ដដែល​នោះ នៅ​ត្រង់​បរិវេណ​ក្បាលពោះ​មានការ​ឈឺ​ចុកចាប់​ខ្លាំង និង​មាន​អាការ​ក្អក ឈឺ​ដើមទ្រូង​ដកដង្ហើម​តឹង​រកកល់​ផុត​ម្តង​ៗ ។ នេះ​ជា​អាការ​ធ្ងន់​ធ្ងន់​ហើយ ព្រោះ​សរសៃឈាម​ខ្មៅ​នៃ​ស្បូន​ត្រូវ​ហើម ហើយ​មាន​ខ្ទុះ​ទៀត​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ និង​ត្រូវ​ឲ្យ​គាត់​ដេក​ផ្ងារ​នៅ​មួយ​កន្លែង​ស្ងៀម​ហាម​ធ្វើ​ចលនា​ព្រោះ​ខ្លាច​ខ្ទុះ​ក្នុង​ស្បូន​ហូរ​ចូល​ទៅ​ដល់​សួត ជា​ហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

៣-​ទាស់​ដោយសារ​ហើមជើង​និង​ស្ពឹក​ជើង ៖ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​ឆ្មប​មិន​មាន​អនាម័យ ដៃ​មិន​បាន​លាង​សម្អាត​ដើម្បី​សម្លាប់​មេរោគ​នាំ​ឲ្យ​ប៉ះពាល់​ទ្វារមាស​របស់​ស្ត្រី​បញ្ជូន​មេរោគ​ចូល​ទៅ​ក្នុង​ស្បូន​យ៉ាង​ងាយ ។ បន្ទាប់​ពី​សម្រាល​បាន​ប្រហែលជា​២០​ថ្ងៃ​មក ជំងឺ​នេះ​នឹង​ចាប់ផ្តើម​ធ្វើទុក្ខ​ដែល​ភាគច្រើន​វា​កើត​នៅ​លើ​ជើង​ឆ្វេង​មុន​និង​មាន​អាការ​ឡើង​ហើម​-​ស្ពឹក​ជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទើប​អន់​ទៅ​វិញ តែបើ​ក្នុងអំឡុងពេល​ហើម​និង​ស្ពឹក​នោះ បើ​យើង​មិន​សម្រាក​នៅ​មួយ​កន្លែង​ទេ​គឺ​ចេះ​តែ​ធ្វើ​ចលនា ជំងឺ​នេះ​អាច​នឹង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់​បាន ។

របៀប​នៃ​ការ​ព្យាបាល​តម្រូវ​ឲ្យ​អ្នកជំងឺ​សម្រាក​នៅ​មួយ​កន្លែង​រហូត​បាត់​ហើម​ហើយ​មិន​ត្រូវ​យកដៃ​ទៅ​ស្ទាប​នៅ​កន្លែង​ដែល​ឈឺ​នោះ​ទេ​ដោយ​អនុវត្ត​ទៅ​តាម​វេជ្ជបញ្ជា ។

៤-​រោគ​ទាស់​ក្អកមាន​ឈាម​និង​ស្គមរីងរៃ ៖ ដែល​សភាព​បែប​នេះ​ភាគច្រើន កើត​មាន​របេង​សួត​នៅ​ពេល​ស្ត្រី​សម្រាលកូន​រួច ខ្លួន​កាន់តែ​ស្គម​ទៅ​ៗ និង​មាន​ក្អក ដែល​ជួនកាល​មាន​ឈាម​មក​ជាមួយ​កំហាក​ផង ហើយ​បរិភោគ​មិន​បាន សម្រាន្ត​ក៏​មិនសូវ​លក់​ទៀត ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ៕