ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករមកពីថៃ បញ្ចប់ការធ្វើ​ចត្តាឡីស័ក ១៤ថ្ងៃ ត្រូវមានលិខិត​បញ្ជាក់!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ កាលពី​រសៀលថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជូនដំណើរប្រជាពលករ ដែលត្រឡប់មកពី​ប្រទេសថៃ…

ខេត្តបាត់ដំបង៖ កាលពី​រសៀលថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជូនដំណើរប្រជាពលករ ដែលត្រឡប់មកពី​ប្រទេសថៃ ​និងបានបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុង​វិទ្យាល័យព្រះមុនីវង្ស ឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ជួបជុំបងប្អូន និងបន្តប្រកបអាជីវកម្មទៀត​។


​តំណាងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានលើកឡើងថា ពលករ ដែលបានមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កម្រិត១ វិទ្យាល័យព្រះមុនីវង្សនេះ ត្រូវបានបញ្ជូនមកពីច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ សរុប ២៧៣នាក់ ក្នុងនោះ មានស្ត្រីចំនួន ១០៨នាក់។ ​កន្លងមក មន្ទីរសុខាភិបាល បានបញ្ជូនពួកគាត់ទៅកាន់ផ្ទះសំបែងវិញចំនួន ១៦២នាក់​ហើយ។ សរុបទាំង ២លើក ចំនួន ២៥១នាក់។ នៅសល់ចំនួន ២២នាក់ទៀត កំពុងធ្វើចត្តាឡីស័កបន្តទៀត។

តំណាងមន្ទីរសុខាភិបាល បន្តថា ​នៅក្នុងការធ្វើចត្តាឡីស័កនេះ ក្រុមគ្រូពេទ្យជំនាញ ជារៀងរាល់ថ្ងៃ បាន​អប់រំបញ្ហាសុខ​ភាព ការពិនិត្យសុខភាព មានបាញ់អាល់កុលសំអាតដៃ ការពិនិត្យកំដៅ។ បើមានបញ្ហាសុខភាពតិចតួច នឹងពិគ្រោះជំងឺជូនគាត់ ការចែកម៉ាស និងការយកសំណាក ក្នុងម្នាក់ យក ២លើក ដើម្បីស្វែងរកជំងឺកូវីដ១៩។​ បើមានការសង្ស័យ នឹងយកសំណាកពីគាត់លើសពី ២ដង។ ក្នុងនោះ ក៏មានការផ្តល់អាហារដល់ពួកគាត់ ក្នុង ១ថ្ងៃ ៣ពេល ក្រោមការឧបត្ថម្ភពីរដ្ឋបាលខេត្តបាត់ដំបង។​ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួយឧបត្ថម្ភជាឃីត ក្នុងម្នាក់មួយឈុតទៀត សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ​។

លោកបានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ រដ្ឋបាលក្រុងបាត់ដំបងមានចេញលិខិតបញ្ជាក់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ជូនពួកគាត់ ដើម្បីបញ្ជាក់ថា ពួកគាត់បានចូលរួមអនុវត្តតាមវិធានអនាម័យ និងការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្នុងអំឡុងពេលស្នាក់នៅនេះ ក្រុមគ្រូពេទ្យ បានអប់រំណែនាំអំពីកូរីដ-១៩ និងថែទាំ ពិនិត្យតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយបញ្ជាក់ថា លទ្ធផលតេស្ត អវិជ្ជមានទាំង ២លើក និងគ្មានរោគសញ្ញាណាមួយ ជាករណីសង្ស័យទាក់ទងនឹងជំងឺកូវីដ១៩-នោះទេ​។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់​ពលករទាំងអស់ថា បើទោះបីជាពលករទាំងអស់ បានបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃក៏ដោយ តែការអនុវត្តតាមវិធានអនាម័យ និងការណែនាំរបស់​ក្រសួងសុខាភិបាល នៅតែបន្តធ្វើដដែល។ មានន័យថា ត្រូវចូលរួមជាមួយ​អាជ្ញាធរមូលដ្ឋាន និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា​។


លោកអភិបាកខេត្ត បានក្រើនរំលឹកថា ក្នុងករណីមានលេចចេញនូវរោគសញ្ញាណាមួយ ដូចជា ក្តៅខ្លួន​លើសពី ៣៧,៥អង្សារ ក្អក ឈឺបំពង់ក ហៀរសំបោរ ត្រូវឆាប់​រាយការណ៍មកអង្គភាពសុខាភិបាល រួចប្រញាប់មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតជាបន្ទាន់ ដើម្បីរួមគ្នាទប់សា្កត់ កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍​៕ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ