ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​ពេល​ចុះហត្ថលេខា​សុំ​ចុះចាញ់​របស់​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់

8 ឆ្នាំ មុន

អត្ថបទ​នេះ​ដកស្រង់​ពី​កំណត់​ត្រា​ផ្ទាល់ខ្លួន​របស់​វរសេនីយ៍ទោ Konstantin Somonov អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​កាសែត Krasnaya Zvezda របស់​កងទ័ព​ក្រហម​សូ​វៀត ដែល​ចេញផ្សាយ​ថ្ងៃ​ទី​១០ ឧសភា ១៩៤៥

អត្ថបទ​នេះ​ដកស្រង់​ពី​កំណត់​ត្រា​ផ្ទាល់ខ្លួន​របស់​វរសេនីយ៍ទោ Konstantin Somonov អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​កាសែត Krasnaya Zvezda របស់​កងទ័ព​ក្រហម​សូ​វៀត ដែល​ចេញផ្សាយ​ថ្ងៃ​ទី​១០ ឧសភា ១៩៤៥ ស្តី​ពី​សភាពការណ៍​ថ្នាក់ដឹកនាំ​កងទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ ចុះហត្ថលេខា​លើ​កំណត់ហេតុ​សុំ​ចុះចាញ់​កងទ័ព​សម្ព័ន្ធមិត្ត ដោយ​គ្មាន​លក្ខខណ្ឌ ។

ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​១៩៤៥ មាន​ពន្លឺ​ថ្ងៃ​ស្រឡះ​គួរសម ។ កងទ័ព​សម្ព័ន្ធមិត្ត ទើបតែ​ធ្វើ​ម្ចាស់​លើ​ទីក្រុង​ប៊ែ​រ​ឡាំង បាន​ប៉ុន្មាន​ថ្ងៃ និង​កំពុង​រៀបចំ​កន្លែង និង​ប្រមូល​អាវុធយុទ្ធភណ្ឌ​ដែល​នៅ​រាត់រាយ​តាម​ដងផ្លូវ ។ ពួក​ខ្ញុំ កំពុង​ទទួលទាន​អាហារ​ពេល​យប់​នៅ​ជំរំ​ទ័ព​លោក​សេនាបតី Georgy Zhoukov ដែល​តាំងនៅ​វិមាន​រដ្ឋសភា​អា​ល្លឺ​ម៉​ង់ ស្រាប់តែ​មាន​បញ្ជា​ឱ្យ​អ្នកកាសែត​ទាំងអស់​ទៅ​ជួបជុំ​គ្នា​នៅ​អគ្គ​សេនាធិការដ្ឋាន​រណសិរ្ស ។ នៅ​ទីនោះ​ពួក​ខ្ញុំ​បាន​ទទួល​ការ​ជូនដំណឹង​ថា ពួក​កងទ័ព​អា​ល្លឺ​ម៉​ង់​នៅ​ភាគ​ខាងលិច​ទីក្រុង​ប៊ែ​រ​ឡាំង​ដែល​ប្រឹង​តស៊ូ​នៅ​នាទី​ចុង​ក្រោយ ឥឡូវ​ទម្លាក់អាវុធ​អស់ហើយ ។ ព្រឹកស្អែក​នេះ ពួក​គេ​នឹង​ចុះហត្ថលេខា​ទទួលយក​ការ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលា​សេដ្ឋកិច្ច​ស្ថិត​នៅ​ផ្លូវ Karl Shorts កណ្តាល​ទីក្រុង​ប៊ែ​រ​ឡាំង ។

ថ្ងៃ​ទី​១០ ឧសភា ១៩៤៥ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​គួរ​ឱ្យ​ចង​ចាំ​បំផុត ។ ក្នុង​ការិយាល័យ​មួយ​របស់​សាល​ប្រជុំ​ដែល​មាន​ទំហំ​តែ​២០០​ម៉ែត្រការ៉េ មាន​តុ​៣​ដាក់​នៅ​ជិត​ទ្វារ​ចេញចូល​, តុ​វែង​២ តុ​ខ្លី​១ ។ លើ​ជញ្ជាំង​ការិយាល័យ​មាន​ព្យួរ​ទង់ជាតិ​៤ ៖ ទង់ជាតិ​សហភាព​សូ​វៀត​, អា​មេ​រិ​ក​, បារាំង និង​អង់គ្លេស ។ តុ​ខ្លី​សម្រាប់​ប្រតិភូ​អា​ល្លឺ​ម៉​ង់ ។ តុ​កណ្តាល សម្រាប់​ថ្នាក់ដឹកនាំ និង​កងទ័ព​សម្ព័ន្ធមិត្ត​អង្គុយ ។ តុ​ខាងក្រោយ​សម្រាប់​អ្នកកាសែត​ពួក​ខ្ញុំ ។

លោក​សេនាបតី Georgy Zhukov ក្រោកឈរ​ឡើង​ប្រកាស ត្រួស​ៗ​ពី​ការ​យល់ព្រម​ចុះហត្ថលេខា​សុំ​ចុះចាញ់​ដោយ​ឥត​លក្ខខណ្ឌ​របស់​កងទ័ព​ណា​ហ្សុ​ី​អា​ល្លឺ​ម៉​ង់ រួច​ហើយ​មានការ​ឧទ្ទេសនាម​បង្ហាញមុខ​តំណាង​កងទ័ព​ប្រទេស​នីមួយ​ៗ ខាង​សម្ព័ន្ធមិត្ត​ដែល​ចូលរួម​ចុះហត្ថលេខា​ទទួល​ដឹង​ឮ​នៅ​ពេល​នោះ ។ សេចក្តី​ប្រកាស​ធ្វើ​ជា​៣​ភាសា (​រុ​ស្សុ​ី អង់គ្លេស និង​បារាំង​) ដែល​មាន​រយៈពេល​១០​នាទី ។ ក្រោយ​ការ​ប្រកាស​ធ្វើ​ចប់​សព្វគ្រប់ លោក​សេនាបតី Zhukov ក្រោកឈរ​ស្រែក​ប្រាប់​ក្រុម​នាយទាហាន​អង្គរក្ស​ដែល​ឈរ​ក្បែរ​ទ្វារធំ «​នាំ​តំណាង​បញ្ជាការ​អា​ល្លឺ​ម៉​ង់​ឱ្យ​ចូល​មក !» ។

ទ្វារ​បើក​ខ្វាក​, សេនាប្រមុខ Wilhelm Keitel រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អា​ល្លឺ​ម៉​ង់​, ឧត្តមសេនីយ៍ Hans Georg Von Friedeburg អគ្គមេបញ្ជាការ​រង​កងទ័ពជើងទឹក​អា​ល្លឺ​ម៉​ង់ និង​ឧត្តមសេនីយ៍ Hans Jurgen Stumpff នាយ​អគ្គសេនាធិការ​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់ ព្រមទាំង​ក្រុម​នាយទាហាន​អង្គរក្ស​របស់​ខ្លួន ដើរ​ចូល​បន្តបន្ទាប់ ។ Keitel ដើរ​សំដៅ​តុ​ទំនេរ ដោយ​ដៃ​លើក​ឈើច្រត់​សេនាប្រមុខ​យោល​ទៅ​យោល​មក ។ គ្មាន​អ្នក​ណា​ដឹង​ថា គេ​សម្តែង​អាកប្បកិរិយា​បែប​នេះ​ក្នុង​បំណង​អ្វី​ឡើយ ។ អ្នកមាន​ឋានៈ​ខ្ពស់​ឯទៀត នាំ​គ្នា​អង្គុយ​ចុះ​តាម​លំដាប់លំដោយ ។ ចំណែក​ពួក​អង្គរក្ស​របស់​ពួក​គេ​អង្គុយ​នៅ​ជួរ​កៅអី​ក្រោយបង្អស់ ។ ចាំ​ឱ្យ​តំណាង​បញ្ជាការ​កងទ័ព​អា​ល្លឺ​ម៉​ង់​អង្គុយ​រួចរាល់ លោក​សេនាបតី Zhukov ជំនួស​មុខ​ឱ្យ​កងទ័ព​សម្ព័ន្ធមិត្ត ក្រោកឈរ​និយាយ​ម្តងទៀត តែ​ខ្ញុំ​ស្តាប់​មិន​ច្បាស់ ពុំ​ដឹង​ថា​គាត់​និយាយ​អី ទាល់តែ​អ្នកបកប្រែ​និយាយ​បកប្រែ ខ្លាំង​ៗ​ឱ្យ​ពួក​អា​ល្លឺ​ម៉​ង់​ស្តាប់ ទើប​ខ្ញុំ​យល់ ។ ពេល​នោះ​ខ្ញុំ​ឃើញ Keitel បង្ខំចិត្ត​ងក់ក្បាល ផ្ង​ក់​ៗ តែ​ងក់ក្បាល​ទាំង​មុខស្ងួត​ចែស ។

បន្ទាប់​ពី​ប្រសាសន៍​របស់​លោក​សេនាបតី Zhukov គឺ​ដល់​ពេល​នៃ​ការ​អាន​សេចក្តី​ប្រកាស​សុំ​ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​ឱ្យ​ពួក​អា​ល្លឺ​ម៉​ង់​ស្តាប់ ។ ខ្ញុំ​មើល​មុខ​សេនាប្រមុខ Keitel របស់​អា​ល្លឺ​ម៉​ង់ ឃើញ​លើក​បាតដៃ​ដែល​មាន​ពាក់​ស្រោម ដាក់​ថ្នម​ៗ​លើ​តុ ហើយ​ងើយ​មើល​លើ​យឺត​ៗ ដូច​គ្មាន​ព្រលឹងព្រលះ​នៅ​ក្នុង​ខ្លួន ។

ចំណែក​អគ្គមេបញ្ជាការ​រង​កងទ័ពជើងទឹក​អា​ល្លឺ​ម៉​ង់ Hans Georg Von Friedeburg មាន​ភាព​ស្ងៀមស្ងាត់​ជាង​ថ្នាក់លើ​របស់​ខ្លួន ដោយ​អង្គុយ​ស្ងៀម​សម្លឹង​ត្រង់​ទៅ​មុខ មិន​ងាកឆ្វេង​ស្តាំ​ឡើយ ។ ដោយឡែក ឧត្តមសេនីយ៍ Hans Jurgen Stumpff នាយ​អគ្គសេនាធិការ​កងទ័ពអាកាស​អា​ល្លឺ​ម៉​ង់​វិញ ហាក់ដូច​ព្រលឹង​ចេញ​បាត់​ពី​ខ្លួន​រលីង​ទៅ​ហើយ ។ ក្នុង​ពេល​ផ្ទៀង​ស្តាប់​ការ​បកប្រែ​របស់​អ្នកបកប្រែ សេនាប្រមុខ Keittel លួច​សម្លឹងមុខ​លោក​សេនាប្រមុខ Zhukov ប៉ុន្មាន​ដង ហាក់ដូច​ចង់​សង្កេត​ឱ្យ​ច្បាស់​នូវ​សត្រូវ​ដ៏​ខ្លាំងពូកែ​រូប​នេះ ដែល​កំពុង​អង្គុយ​ឃ្លាត​ពី​ខ្លួន​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ ។

នៅ​តុ​កណ្តាល​, សេចក្តី​ប្រកាស​ត្រូវ​បាន​តំណាង​កងទ័ព​សម្ព័ន្ធមិត្ត រួម​មាន​លោក​សេនាបតី​សហភាព​សូ​វៀត Georgy Zhukov, សេនាប្រមុខ​កងទ័ពអាកាស​អង់គ្លេស William Artheus Tedder, នាយ​ឧត្តមសេនីយ៍​កងទ័ពអាកាស​អា​មេ​រិ​ក Carl Andrew Spaatz និង​នាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​កងទ័ព​បារាំង Jean de Lattre de Tassigny ចុះហត្ថលេខា ទទួលស្គាល់​ជា​បន្តបន្ទាប់ ។ ពេល​ភាគី​ឈ្នះ​សង្គ្រាម​ចុះហត្ថលេខា​រួចរាល់ ផ្ទៃមុខ​សេនាប្រមុខ​អា​ល្លឺ​ម៉​ង់ Keitel ឃើញ​គួរ​ឱ្យ​ខ្លាច ។ ជន​នេះ កំពុង​រង់ចាំ​នាទី​ត្រូវ​លើក​ស្លាបប៉ាកកា​ចុះហត្ថលេខា​សុំ​ចុះចាញ់ ក្នុង​នាម​អ្នក​ចាញ់​សង្គ្រាម ។ គេ​អង្គុយ​ធ្មឹង​ដូច​គល់ឈើ​ដែល​អត់​ចេញ​ធ្វើ​ចលនា ខណៈ​អង្គរក្ស​មាឌធំ​របស់​គេ ដែល​អង្គុយ​ក្រោយខ្នង ស្រែកយំ​រោទ៍​ឮ​ពេញ​កន្លែង​ប្រជុំ លែង​ខ្មាស​អ្នក​ណា​ទាំង
អស់ ។

លោក​សេនាបតី Zhukov ក្រោកឈរ​និយាយ​រំឭក «​ឥឡូវ​ដល់​វេន​ភាគី​អា​ល្លឺ​ម៉​ង់​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​សុំ​ចុះចាញ់​គ្មាន​លក្ខខណ្ឌ​នេះ​ហើយ​» ។ អ្នកបកប្រែ​មិន​ទាន់​ប្រែជា​ភាសា​អា​ល្លឺ​ម៉​ង់​ចប់​ផង Keitel ហាក់ដូចជា​យល់​ន័យ​មុន​ទៅ​ហើយ គេ​ប្រញាប់​បក់​បាតដៃ​ក្នុង​ន័យ​ប្រាប់​ឱ្យ​យក​សេចក្តី​ប្រកាស​នោះ​ទៅ​កន្លែង​ខ្លួន​កំពុង​អង្គុយ ដើម្បី​ខ្លួន​ចុះហត្ថលេខា​។ ប៉ុន្តែ​លោក​សេនាបតី Zhukov អត់ឱ្យ​អ្នក​ណា​យក​សេចក្តី​ប្រកាស​ទៅ​ណា​ទាំងអស់ ដោយ​និយាយ​ដោយ​មុ​ឺ​ង​ម៉ាត់​ថា «​ទុក​ឱ្យ​ពួក​គេ​ដើរមក​ចុះហត្ថលេខា​នៅ​កន្លែង​នេះ​ដោយ​ខ្លួនឯង !» ។

មុនគេ គឺ​សេនាប្រមុខ Keitel រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ជន​នេះ​ឃើញ​លោក​សេនាបតី Zhukov អត់ឱ្យ​អ្នក​ណា​យក​សេចក្តី​ប្រកាស​មក​ឱ្យ​ខ្លួន ក៏​ក្រោកឈរ​ទាំង​ទើសទាល់ ហើយ​ដើរ យឺត​ៗ​សំដៅ​តុ​តម្កល់​សេចក្តី​ប្រកាស​, ពេល​ទៅ​ដល់​អង្គុយ​ចុះ ថ្នម​ៗ ហាក់ដូច​ខ្លាច​កៅអី​ឈឺ ហើយ​ចុះហត្ថលេខា​តាម​សម្រួល ។ បន្ទាប់​មក​ដល់​វេន​ឧត្តមសេនីយ៍ Hans Georg Von Friedeburg និង​ឧត្តមសេនីយ៍ Hans Turgen Stumpff ។ ខ្ញុំ​លួច​មើល Keitel ឃើញ​ជន​នេះ​អង្គុយ​ខ្ទប់​មុខ​យ៉ាង​សោកសៅ អត់​ហ៊ាន​មើល​ឧត្តមសេនីយ៍​ពីរ​រូប​ទៀត​របស់​ខ្លួន​ចុះហត្ថលេខា​ឡើយ ។ បន្ទាប់​ពី​តំណាង​ទាំង​បី​នាក់​របស់​អា​ល្លឺ​ម៉​ង់ ចុះហត្ថលេខា​រួចរាល់ លោក​សេនាបតី Zhukov ក្រោកឈរ​និយាយ​ទៅ​កាន់​ពួក​អ្នក​ចាញ់​សង្គ្រាម «​ប្រតិភូ​អា​ល្លឺ​ម៉​ង់​អាច​ចេញពី​ទី​នេះ​បាន​ហើយ !» ។

ពួក​អា​ល្លឺ​ម៉​ង់​ក្រោកឈរ​គ្រប់​គ្នា បន្ទាប់​ពី​អ្នកបកប្រែ​និយាយ​ចប់ ។ Keitel សម្តែង​កាយវិការ​ដូច​កាល​ចូល​មក​ដំបូង គឺ​លើក​ឈើច្រត់​សេនាប្រមុខ យោល​ទៅ​យោល​មក ពេល​ដើរ​នាំមុខ​អ្នក​ឯទៀត ។ ទ្វារ​ត្រូវ​បាន​បិទ​វិញ ។

បរិយាកាស​តឹងតែង​ក្នុង​សាល​ប្រជុំ​មុន​នេះ រលាយ​អស់​ទៅ​វិញ​ភ្លាម ហើយ​ជំនួស​វិញ​ដោយ​បរិយាកាស​សប្បាយ​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ។ សង្គ្រាមលោក​លើក​ទី​ពីរ ដែល​អា​ល្លឺ​ម៉​ង់​ណា​ហ្សុ​ី បញ្ឆេះ​ឡើង  ចាត់​ទុក​ថា​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​នា​ពេល​នោះ ៕