រាជធានីភ្នំពេញ ៖ ពងទាជាច្រើននាំចូលពីកសិដ្ឋានទាពង និងកសិដ្ឋានមួយចំនួនទៀត កំពុងជួបបញ្ហាគ្មានទីផ្សារ និងតម្លៃស៊ុតចុះថោក។ កសិដ្ឋានមួយ មានឈ្មោះថា គ្រូណូ ពន្លៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រកាសលក់ស៊ុតរបស់ខ្លួន ក្នុងតំលៃ ១០០ គ្រាប់ = ៣៥,០០០៛ ដោយបញ្ជាក់ថា ពងទាខ្មែរ វេចខ្ចប់ស្អាត តម្លៃទាប គុណភាពល្អ។
លោក រស់ កាណាល់ (មិត្តភ័ក្តតែងហៅលោកថា លោកឧកញ៉ាពងទា) មានអាយុ ២៩ឆ្នាំ លោកមានមុខរបរធ្វើក្នុងប្រព័ន្ធផ្សព្វផ្សាយមួយ បានឱ្យដឹងថា ក្រោយការផុសលក់របស់លោកលើកទី១ ត្រូវបានបងប្អូនជួយ Share ដល់ទៅជាង ៣៥០០ Share និងទិញពងទាអស់ប្រមាណជា ៣០០០០ពង។ លោកបន្តថា នេះគ្រាន់តែជាការជួយរកទីផ្សារឲ្យឪពុកលោកប៉ុណ្ណោះ ដោយសារពងចាល់ខ្លាំងសល់ពេញទ្រូ។
កសិដ្ឋាន គ្រូណូ ពន្លៃ គឺជាកសិដ្ឋានឪពុកលោកឧកញ៉ាពងទា ហើយបើនិយាយពីការចិញ្ចឹម ឪពុកលោកចាប់យករបរចិញ្ចឹមទាយកពងនេះ ប្រមាណជាង ៥ឆ្នាំហើយ ក្រោយគាត់ចូលនិវត្តពីអាជីពជាគ្រូបង្រៀន។ ចំពោះការជួយលក់របស់លោកវិញ ទើបតែធ្វើក្នុងពេលពងទាគ្មានទីផ្សារនេះទេ អំឡុងចុងខែធ្នូ ២០២០នេះ។
លោកឧកញ៉ាពងទា បានបន្តថា «សម្រាប់កសិដ្ឋានឪពុកខ្ញុំ ពីមុនមកមានឈ្មួញកណ្ដាលនៅភ្នំពេញ ទទួលយកមកលក់បន្តអស់ៗពីទ្រុង មិនពិបាកលក់ដោយខ្លួនឯងទេ។ ចំណែកតម្លៃឡើងចុះទៅតាមតម្រូវការទីផ្សារ ចន្លោះពី ២៨០៛ ទៅ ៤៨០៛។ សម្រាប់ពេលនេះ ក៏មានការ Share និងជួយទិញច្រើនដែរ ពិសេសពួកគាត់បានឆាត ឬទូរសព្ទកុម្ម៉ង់ឲ្យយកទៅដល់ផ្ទះ ដោយបន្ថែមថ្លៃសេវាដឹកជញ្ជូន»។
លោកឧកញ៉ាពងទា បន្ថែមថា «មែនទែនទៅ យើងបានត្រឹមតែឮតៗគ្នាថា ពងវៀតណាមៗ ដែលបាននាំចូលមកក្នុងតម្លៃទាបជាងតម្លៃពងក្នុងស្រុក ធ្វើឲ្យពងក្នុងស្រុកបាត់បង់ទីផ្សារ។ ប៉ុន្តែយើងពុំមានភស្តុតាងណាមួយបញ្ជាក់ថា មានការនាំចូលមែនឬយ៉ាងណានោះទេ។ សម្រាប់ខ្ញុំ ព័ត៌មានទាំងអស់ត្រូវពឹងលើការបង្ហាញរបស់ក្រសួងកសិកម្ម បើក្រសួងប្រកាសថា ពុំមានការនាំចូលពីក្រៅទេ ខ្ញុំក៏យល់បែបនោះដែរ ព្រោះក្រសួងជាអ្នកមានសមត្ថកិច្ចលើការងារនេះ ជាមែជាឪរបស់ប្រជាកសិករទាំងអស់នៅកម្ពុជា ដែលពឹងលើរបស់កសិកម្មដើម្បីចិញ្ចឹមក្រពះ។ ហេតុនេះរឿងការនាំចូលពងពីបរទេស ខ្ញុំបានត្រឹមតែឮតៗគ្នា ហើយព័ត៌មានផ្លូវការទទួលបានពីក្រសួងសាម៉ី គឺពុំមានការនាំចូលទេ តែដោយពុំសូវមានការជួបជុំដោយវិបត្តិកូវីដ និងការងាកទៅហូបសាច់ត្រីវិញរបស់ពលរដ្ឋ ក្នុងរដូវសម្បូរត្រី ទើបពងទាខ្វះទីផ្សារបែបនេះ។ ប្រសិនបើមានការនាំចូលពិតមែន! ខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាល ពិសេសឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយទប់ស្កាត់ឲ្យបាន និងផ្ដន្ទាទោសជនល្មើសទាំងនោះតាមផ្លូវច្បាប់»។
លោកក៏មានសំណូមពរដូចនេះថា «ខ្ញុំក៏សូមសំណូមពរដល់បងប្អូនទាំងអស់ ឲ្យជួយគាំទ្រ និងទិញកសិផលខ្មែរ មិនថាតែពងទានោះទេ ដើម្បីជ្រោងជីវភាពប្រជាកសិករទូទាំងប្រទេស។ មួយវិញទៀត ខ្ញុំសូមចែករំលែកបទពិសោធការលក់ផងដែរ គឺចង់ឲ្យប្រជាកសិករទាំងអស់ ព្យាយាមភ្ជាប់ខ្លួនទៅនឹងបច្ចេកវិទ្យាទំនើប ដូចជាបណ្ដាញទំនាក់ទំនងសង្គមជាដើម ដើម្បីជាផ្នែកមួយនៃការស្វែងរកទីផ្សារ ដូចដែលខ្ញុំបានធ្វើជោគជ័យមួយផ្នែកនាពេលកន្លងមក។ ក្នុងនោះ ក៏ស្នើទៅក្រសួងសាមីមេត្តាបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មានវិទ្យា បច្ចេកវិទ្យា ដល់ប្រជាកសិករ ដើម្បីជាទុនមួយជួយជំរុញការលក់ ផ្សព្វផ្សាយ និងទទួលព័ត៌មានរបស់ពួកគាត់»។
យោងតាមក្រសួងរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ទាក់ទងនឹងការលើកឡើងមតិមួយចំនួនថាមានការនាំចូលស៊ុតពីប្រទេសជិតខាង អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានបញ្ជាក់ថាជូនសារធារណជនថា៖
១)-អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពុំដែលអនុញ្ញាតជាគោលការណ៍ឱ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាមចូលមកទីផ្សារព្រះរាជាណាចក្រកម្ពុជាឡើយ។
២)-ចំពោះតម្លៃស៊ុតទាសម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជាជាមួយនឹងប្រទេសវៀតណាម ពោលគឹមានតម្លៃប្រហាក់ប្រហែលគ្នា ។ដោយឡែកស៊ុតទាធម្មតាមិនបង្កកំណើតនៅកម្ពុជាតម្លៃ២៨០រៀលក្នុងមួយគ្រាប់ ចំណែកឯកប្រទេសវៀតណាមតម្លៃ៣០០រៀលក្នុងមួយគ្រាប់។
៣)-ក្នុងស្ថានភាពជំងឹកូវីដ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗត្រូវបានផ្អាក ដែលធ្វើឱ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថថយជាអតិបរិមានៅពេលដែលការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេសប្រទេស។ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រជាពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឱ្យស៊ុតបក្សីវិញ»។
បើតាមសេចក្តីប្រកាសព័ត៌មានសង្កត់ធ្ងន់ថាករណីអាជីវករ អ្នកចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមមាន់ ទាយកស៊ុត បានដឹងព័ត៌មានពីការលួចនាំចូលស៊ុតមាន់ ទាពីប្រទេសជិតខាង សូមទំនាក់ទំនង់មកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈ ទូរស័ព្ទ ០១២ ៨២៨ ២០៩ ដើម្បីចុះអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនិងផលិតផលសត្វស្របតាមច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្ម៕
ចែករំលែកព័តមាននេះ